ខេត្តកណ្តាល ៖ បុរសអគតិម្នាក់ឈ្មោះកុល កែម អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ត្រូវសមត្ថកិច្ចនគរបាលស្រុកចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១ មករា នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខណៈពេលដែលបុរសរូបនេះបានធ្វើសកម្មភាពយកសាំងមួយដបទៅជះដុតម្តាយក្មេក និងប៉ុនប៉ងដុតលំនៅឋាន។ ទាក់ទិននឹងរឿងរ៉ាវកូនប្រសាប្រព្រឹត្តអំពើឃោរឃៅនេះ បើតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា កាលពីព្រឹកថ្ងៃខែកើតហេតុខាងលើនេះឈ្មោះកុល កែម បាននាំប្រពន្ធឈ្មោះយ៉ុង សុគន្ធា អាយុ២៦ឆ្នាំ ពីផ្ទះធ្វើដំណើរទៅលេងផ្ទះម្តាយក្មេកដើម្បីរកខ្ចីលុយ តែត្រូវម្តាយក្មេកបដិសេធថា គ្មានប្រាក់ឱ្យខ្ចីទេ ។ ពេលនោះឈ្មោះកុល កែម ក៏បានបបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែប្រពន្ធពុំព្រមទៅជាមួយ ដោយសុំអង្វរប្តីនៅលេងផ្ទះម្តាយបង្កើតមួយថ្ងៃ។ផ្តើមចេញពីការមួម៉ៅខ្ចីលុយម្តាយក្មេកម ិនបាន រួមទាំងខឹងប្រពន្ធពុំព្រមត្រឡប់ទៅផ្ទះវិញផង បុរសអគតិរូបនេះក៏ទៅទិញសាំងមួយដបតូចមកចាក់ស្រោចលើម្តាយក្មេកត្រូវចំដៃអាវ ហើយកេះដែកកេះដុតម្តាយក្មេកឆាបឆេះរលាកដងខ្លួនបន្តិចបន្តួច ប៉ុន្តែត្រូវមនុស្សក្នុងផ្ទះនាំគ្នាជួយពន្លត់ទាន់ពុំរាលដាលដល់ផ្ទះឡើយ។ ប្រភពព័តមានបានបន្តទៀតថា ភ្លាមនោះឈ្មោះកុល កែម ព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថាបុរសចិត្តឃោរឃៅរូបនោះធ្លាប់ជាប់ពន្ធនាគារ៣លើ ករួចមកហើយ លើសពីនេះទៅទៀតគេធ្លាប់មានរឿងរ៉ាវក្នុងគ្រួសារច្រើនណាស់។ សូមបញ្ជាក់ថា ឈ្មោះកុល កែម នេះធ្លាប់មានប្រពន្ធ៣នាក់មកហើយរាប់ទាំងប្រពន្ធក្រោយនេះផង។ លោកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា បុរសរូបនេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការផន្ទាទោសតាមច្បាប់ម្តងទៀត ៕