នៅក្នុងសម័យបច្ចេកវិទ្យាគ្រប់គ្រងរាល់សកម្មភាពរបស់មនុស្ស គេឃើញថា ចំណេះដឹងអំពីកុំព្យូទ័រ និងផ្នែកទន់ដែលទាក់ទង គឺគួរតែត្រូវបានបណ្ដុះបណ្ដាលដល់ក្មេងៗ។ ដូច្នេះ ប្រព័ន្ធឧបករណ៍ដែលដូចទាំងស្រុង ទៅនឹងរបស់ក្មេងលេង ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kano អាចរួមចំណែកក្នុងការបង្កើតគ្រឹះដ៏រឹងមាំដំបូង សម្រាប់កុមារ ចាប់ពីអាយុ ៦ ទៅ ១៤ឆ្នាំ នេះបើតាមគេហទំព័រ USA Today ។

/

ក្រុមហ៊ុន Kano ដែលមានទីស្នាក់ការនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានឧទ្ទេសនាមប្រព័ន្ធឧបករណ៍ឆ្លាតវៃ អនុញ្ញាតឱ្យកុមារអាចដំឡើងកុំព្យូទ័រ និងរៀនបង្កើតកម្មវិធីដោយងាយស្រួល ដូចទៅនឹងការដំឡើងប្រដាប់លេង Lego ។

ក្រោយពីប្រមូលប្រាក់បាន ១,៥លានដុល្លារ ពីគេហទំព័រ Kickstarter កាលពីចុងឆ្នាំទៅ មកដល់ពេលនេះ ក្រុមហ៊ុន Kano បានឧទ្ទេសនាមផលិតផលថ្មីដែលមានឈ្មោះ ដូចគ្នានេះ ហើយវាត្រូវបានគេវាយតម្លៃខ្ពស់។

/

ប្រព័ន្ធឧបករណ៍ Kano ត្រូវបានរចនាឡើង ដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Linux ដែលប្រើនៅលើស្ថានីយអវកាសអន្តរជាតិ ISS ហើយភាសាសរសេរកម្មវិធីសម្រាប់ Kano គឺ Kano Blocks ។ ជាក់ស្ដែង វាអាចបង្ហាញព័ត៌មានតាមបែបកូដ Javascript និង Python ។

ក្នុងតម្លៃ ១៤៩,៩៩ដុល្លារ ឈុតឧបករណ៍ Kano មានអ្វីៗទាំងអស់ ដែលត្រូវការសម្រាប់ការដំឡើងកុំព្យូទ័រ ៖ motherboard Raspberry Pi ក្ដារចុចដែលមានភ្ជាប់ Bluetooth ប្រដាប់បំពងសម្លេង ខ្សែ HDMI និង USB, USB Wi-Fi និង អង្គចងចាំ 8 GB ។ល។ ចំនុចខ្វះខាតតែមួយគត់របស់វា គឺមិនមានអេក្រង់ ប៉ុន្ដែ អ្នកអាចទិញវាពីផ្សារបាន។

/

នៅពេលត្រូវបានតភ្ជាប់នឹងអេក្រង់ ឬទូរទស្សន៍ Kano អាចបង្រៀនអ្នកប្រើប្រាស់ (ក្មេងៗ) នូវវិធីបង្កើតកម្មវិធី ប្រកប់ដោយភាពងាយស្រួល។ Kano ក៏អាចតភ្ជាប់បណ្ដាញអ៊ីនធឺរណែត ដូចបណ្ដាកុំព្យូទ័រធម្មតា៕

ប្រែសម្រួលដោយ ៖ ដោយតារាប្រភព ៖ USA Today