រាជធានីភ្នំពេញ ៖ មហា​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សង្គម​នៃ​សាកល​វិទ្យាល័យ​ន័រតុន​បាន​រៀប​ចំ​បើក​សិក្ខាសាលា​ស្តីពី​ប្រព័ន្ ធ​យុត្តិធម៌​​ព្រហ្ម​ទណ្ឌ​អនីតិជន​​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​៦ មករា នៅ​សាកល​វិទ្យាល័យ​ន័រតុន ដោយ​​មាន​គណៈ​​គ្រប់គ្រង​ សាស្ត្រាចារ្យ​​ បុគ្គលិក និង​និស្សិត​​ចូល រួម​សរុប​ចំនួន​៣០០​នាក់ ។​ សិក្ខាសាលា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​​ការ​យល់​ដឹង ​និងបទពិសោធន៍​លើ​ដំណើរ​ការ​​នីតិវិធី​នៃ​ការ​ចាប់​ខ្លួន​ ការឃុំខ្លួន សវនាការ​ និង​ការ​អនុម័តច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​សិក្ខាសាលា​​បានបង្ហាញ​​អំពី​ប្រព័ន្ធ​យុត្តិធម៌​​ព្រហ្ម​ទណ្ឌ​​អនីតិជន ​ច្បាប់​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​អនីតិជន​​ និង​បទប្បញ្ញត្តិ​​ការពារ​អនីតិជន ​​ដែល​សមាស​ធាតុ​នៃ​ប្រព័ន្ធ​យុត្តិធម៌​​ព្រហ្ម​ទណ្ឌ​ទាំង​នោះ​មាន​ដូច​ជា​ ក្របខណ្ឌ​ច្បាប់ ច្បាប់​អន្តរជាតិ ច្បាប់​ជាតិ ពាក់​ព័ន្ធ​នឹង​អនីតិជន ការ​អនុវត្ត​ច្បាប់ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស ស្វែង​រក​បទល្មើស​ចាប់​ជនល្មើស ជួយ​សង្គ្រោះ​ជនរងគ្រោះ​ ធ្វើការ​ផ្តន្ទាទោស​​ជន​ល្មើស លុបបំបាត់​និរទណ្ឌភាព​ ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ ។ អ្នក​អនុវត្ត​ច្បាប់​​មាន​ដូចជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អង្គភាព​ឯក​ទេស អយ្យការ ​តុលាការ​​ ពន្ធនាគារ និងមណ្ឌល​ស្តារនីតិសម្បទា ។​នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​អនីតិជន​ គឺនៅពេល​មាន​ការ​ឃាត់​ខ្លួន​អនីតិជន​ នគរបាល​យុត្តិធម៌​ត្រូវ​ឱ្យ​ដំណឹង​អំពី​​​សេចក្តី​​សំរេច​ឃាត់​ខ្លួន​​អនីតិជន​ និង​ប្រាប់​អំពី​មូល​ហេតុ​នៃ​ការឃាត់​ខ្លួននោះ ។ ប្រាប់​ឱ្យ​ដឹង​អំពី​សិទ្ធិ​មាន​មេធាវីបន្ទាប់​ពី​ឃាត់​ខ្លួន​រយៈ​ពេល​២៤ម៉ោង គ្រប់​ដំណាក់​កាល​ត្រូវ​មាន​មេធាវី ។ ត្រូវ​ស្នើ​សុំ​គ្រូពេទ្យ​ឱ្យ​ជួយ​ពិនិត្យ​ស្ថាន​ភាព​របស់​អនីតិជន​ ត្រូវ​ឃាត់​ខ្លួន​ឬ​មិន​ឃាត់​ខ្លួន​ ហើយ​នគរ​បាល​យុត្តិធម៌​ត្រូវចុះក្នុង​កំណត់​ហេតុ​អំពី​ការ​ពិនិត្យ​របស់​គ្រូពេទ្យ ។ ត្រូវ​ផ្តល់​​ព័ត៌​មាន​ដល់​ឪពុក​ម្តាយ អ្នក​តំណាង​ស្រប​ច្បាប់​ ឬអ្នក​ទទួល​ភារកិច្ច​លើអនីតិជន​នោះ ។ ត្រូវ​មាន​កំណត់​ហេតុ​លំអិត​​គ្រប់​សកម្មភាព​ក្នុង​​ពេល​ឃាត់​ខ្លួន​ ដូចជា​ឈ្មោះ​​ ឋានៈនគរបាល​​យុត្តិធម៌ កាល​បរិច្ចេទ ពេល​វេលា ការជូនដំណឹង​ ឈ្មោះ​គ្រូពេទ្យ ថិរ​វេលា​នៃ​ការ​យក​ចម្លើយ​ ឧប្បត្តិ​ហេតុជាយថាហេតុ​ ហើយ​កំណត់​ហេតុនេះ​ត្រូវ​មាន​ពីរ​គឺ​កំណត់​ហេតុស្តីពី​ការ​ឃាត់​ខ្លួន និង​កំណត់​ហេតុ​សរុប​នៃ​ការ​ឃាត់​ខ្លួន ៕