ខេត្តសៀមរាប ៖ ក្រុមយុវជនដែលអះ អាងថា រៀននៅវិទ្យាល័យដំដែក ក្នុងស្រុកសូទ្រនិគមចំនួន៥នាក់ និងនារីលក់ស្រាបៀរនៅក្នុងភោជនីយដ្ឋានម្លប់ស្វាយ ក្រុងសៀមរាប ចំនួន២នាក់ បានត្រូវកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនអប់រំឱ្យស្គាល់ពីច្បាប់ និងសីលធម៌សង្គម ។ លោកអនុសេនីយ៍ទោ រិន ម៉ុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្លក្រាម មានប្រសាសន៍ឱ្យដឹងថា ក្រុមយុវសិស្សទាំង៥នាក់ និងនារីលក់ស្រាបៀរទាំង២នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននាវេលាម៉ោងប្រមាណ១២យប់ ថ្ងៃទី១១ មករា នៅចំណុចផ្លូវខាងក្រោយគ្លីនិករស្មីសៀមរាប ក្នុងក្រុងសៀមរាប ខណៈពេលពួកគេបានឈ្លោះប្រកែក និងដេញវាយតប់ដណ្តើមស្រីគ្នាជាមួយនឹងក្រុមម្ខាងទៀត ។លោកនាយប៉ុស្តិ៍មានប្រសាសន៍បញ្ជាក់ឱ្យដឹងផងដែរថា ករណីឈ្លោះប្រកែកដណ្តើមស្រីគ្នានេះ បានកើតឡើងបន្ទាប់ពីក្រុមយុវសិស្សដែលមកពីស្រុកសូទ្រនិគមទាំង៥នាក់ចេញមកពីផឹកសីុក្ នុងក្លឹបកំសាន្តហ្សូនវ័ន ហើយជូននារីលក់ស្រាបៀរ២នាក់ខាងលើត្រឡប់ទៅផ្ទះវិញ ក៏មានរឿងឈ្លោះប្រកែកគ្នាជាមួយក្រុមម្ខាងទៀតបង្កការភ្ញាក់ផ្អើលដល់ការស្នាក់នៅរបស់ ប្រជាពលរដ្ឋពេលយប់ ។ ដោយសារតែក្រុមយុវសិស្សទាំង៥នាក់នេះមានចរិតច្រឡោងខាមមើលងាយមិនព្រមស្តាប់ការហាមឃ ាត់របស់ក្រុមប្រជាការពារក្នុងមូលដ្ឋាន ទើបត្រូវបានរាយការណ៍ជូនទៅកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម មកជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនទាំងយប់តែម្តង ឯក្រុមម្ខាងទៀតគេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចប៉ូលិសមកដល់ ។ ទោះបីជាបែបណា ក្រុមយុវសិស្សទាំង៥នាក់ និងនារីលក់ស្រាបៀរជាមិត្តភក្តិទាំងពីរនាក់ នោះ គ្រាន់តែត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ឱ្យធ្វើកិច្ចសន្យា និងអប់រំណែនាំ ហើយឱ្យឪពុកម្តាយពួកគេមកធានាទទួលយកទៅធ្វើការអប់រំបន្តរៀងៗខ្លួន ៕