រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៥ មករា ឆ្នាំ២០១១នេះដែលកោះសន្តិភាពបានទទួល ឱ្យដឹងថា ការិយាល័យអ្នកនាំពាក្យនៃគណបក្ស នរោត្តម រណឫទ្ធិ បានសំដែងការសោកស្តាយចំពោះការបដិសេធនិងច្រានចោលទាំងស្រុងរបស់គណបក្សហ៊្វុនស៊ិនប៉ិចលើសំណើនៃការផ្តួចផ្ តើមគំនិតស្តីពី ការបង្រួបបង្រួមគណបក្សរាជានិយម ក្រោម ឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិច៨១។ គណបក្សនរោត្តម រណឫទ្ធិ បានលើកឡើងពីជំនួបរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថា កាលពីថ្ងៃទី៦ធ្នូ ឆ្នាំ២០១០ព្រមទាំងសេចក្តីបញ្ជាក់បំភ្លឺរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងសេចក្តីបដិសេធមិនរួបរួមរបស់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច។សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការិយាល័យអ្នកនាំពាក្យនៃគណបក្ស នរោត្តម រណឫទ្ធិ ចាត់ទុកថា ការបដិសេធ និងការច្រានចោលរបស់គណបក្សហ្វុ៊នស៊ិនប៉ិចជាមួយនឹងហេតុផល ថា ហ៊្វុនស៊ិនប៉ិច៨១ គឺជាចលនា ឬរណសិរ្ស ដែលមានការបង្កើតកំលាំង និងជាការលើកឡើងដោយយល់ច្រឡំក្នុងចេតនាអាក្រក់។ ហ៊្វុនស៊ិនប៉ិច៨១ គឺជាឈ្មោះសម្រាប់គណបក្សថ្មីមួយ ដែលនឹងកើតឡើងពីការរួបរួមគ្នារវាងគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិមិនមែនជាចលនា ឬរណសិរ្សណាមួយទេ។ ជាមួយគ្នានេះដែរយើងក៏អាចចៀសវាងភាពមិនសម ស្របនៃហ៊្វុនស៊ិនប៉ិច២០០៦បានដែរ។ គេនៅចាំបានថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិត្រូវបានសមាជគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ បណ្តេញព្រះអង្គចេញពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ចាប់តាំងពីពេលនោះមក គណបក្សហ្វុ៊នស៊ិនប៉ិចបែកជាពីរគឺគណបក្សហ៊្វុនស៊ិនប៉ិចក្រោមការដឹកនាំរបស់ លោក កែវ ពុទ្ធរស្មី, លោកលឺ ឡាយស្រេងអនុប្រធានទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថិសេរីរ័ត្ន អនុប្រធានទី២ និងលោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការគណបក្ស ព្រមទាំងគណបក្ស នរោត្តម រណឫទ្ធិ ដែលជាក្រុមអ្នកស្មោះស្ម័គ្រនឹងសម្តេចក្រុមព្រះ។ការិយាល័យអ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានចោទជាសំណួរថា តើគណបក្ស ហ៊្វុនស៊ិនប៉ិច នៃលោក ញឹក ប៊ុនឆៃ ដែលបារម្ភ ខ្លាចការប្តូរឈ្មោះមិនត្រូវបានយកជាដៃគូក្នុងរាជរដ្ឋាភិបាលអាណត្តិក្រោយពិតជាមានឆន្ទៈក្នុងការបង្រួបបង្រ ួមដែរឬទេ? បើពិតជាមានឆន្ទៈក្នុងការបង្រួបបង្រួមអ្នករាជានិយម អ្នកសីហនុនិយម យើងត្រូវអង្គុយចរចាគ្នាដើម្បីរករួបមន្តណាមួយដែលសមស្រប។ ការិយាល័យអ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានគូសបញ្ជាក់ថា តទៅអនាគតបញ្ហានៃការបែកបាក់គ្នារបស់អ្នករាជានិយម សូមកុំបន្ទោសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីព្រោះព្រះអង្គបានស្នើការបង្រួបបង្រួមទៅគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែគណបក្សនេះបានច្រានចោល។ ដូច្នេះគណបក្សហ៊្វុនស៊ិនប៉ិចនៃលោក ញឹក ប៊ុនឆៃ ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ។ សំរាប់អ្នកតាមដាននិយាយថា ស្នាមប្រេះឆាមិនងាយនឹងផ្សះផ្សារបាននោះទេ ហើយបញ្ហានឹងធ្វើឱ្យអ្នកដែលបន្តគាំទ្របន្តិចបន្តួចកាន់តែដកថយថែមទៀត។ មុននេះប្រសិនបើគ្មានវត្តមានសម្តេចក្រុមព្រះទេ ប្រហែលជាពួកគេអាចចាប់ដៃគ្នាបាន ៕