នៅក្នុងការប្រជុំជាមួយភាគទុនិក ដើម្បីប្រកាសពីស្ថានភាពជំនួញនៅ Q2/2013, CEO Tim Cookរបស់ Apple បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍ បណ្តាផលិតផលថ្មីៗ ដ៏គួរចាប់អារម្មណ៍និងមានសក្តានុពល។ Cook និយាយបន្ថែមថា ពួកយើងមានអ្វីដែលប្លែកៗជាច្រើន សំរាប់អ្នកទាំងអស់គ្នា ហើយក្រុមការងាររបស់ក្រុមហ៊ុន កំពុងខិតខំធ្វើការយ៉ាងខ្លាំងទៅលើ Hardware, Softwareនិងសេវាកម្មប្លែកៗមួយចំនួនទៀត។ បើតាមផែនការ បណ្តាផលិតផលអាថ៌កំបាំងនេះ នឹងត្រូវបានដាក់បង្ហាញនៅចុងឆ្នាំនេះ និងក្នុងឆ្នាំ ២០១៤។ Cook បានឲ្យដឹងថា គាត់នៅតែមានភាពជឿជាក់ទៅលើផែនការផលិតផលរបស់ Apple ក្នុងពេលអនាគត ហើយនឹងមានចំនុចអស្ចារ្យជាច្រើន ដែលនឹងបង្ហាញនៅចុងឆ្នាំនេះ និងឆ្នាំក្រោយផងដែរ។
ពេលដែលត្រូវបានសួរថា បណ្តាឧបករណ៍ថ្មីនោះ នឹងបង្ហាញខ្លួនពេលណា? លោក Cook បានបដិសេធឆ្លើយពីពេលវេលាច្បាស់លាស់ តែបានបង្ហើបថា ពួកវានឹងមិនត្រូវបានបង្ហាញខ្លួននៅក្នុងឆ្នាំនេះទេ។ ទន្ទឹមនឹងនោះ លោក Cook ក៏មិនបាននិយាយថា បណ្តា Hardware, Softwraeនិងសេវាកម្ម ដែល Apple នឹងធ្វើការបង្ហាញនោះជាអ្វីនោះឡើយ? ប៉ុន្តែយើងអាចស្មានបានថា វាក៏អាចនឹងមាន នាឡិកាឆ្លាតវៃ (SmartWatch) នៅក្នុងនោះផងដែរ។ លើសពីនេះ អ្នកណាទៅដឹងថា Apple ក៏នឹងកំពុងធ្វើការស្រាវជ្រាវអ្វីមួយនោះ ដែលលក្ខណៈស្រដៀងទៅនឹងវ៉ែនតា Google Glass ?
ដោយ៖ សិលាប្រភព៖ TTE