រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ខ្មៅ មួយគ្រឿង ដែលសមត្ថកិច្ចអះអាងថា អ្នកបើកបរជាជនជាតិចិនស្រវឹងជោកជាំ បានបើកបោះពួយបុកក្បាលរបាំងថ្មខណ្ឌចែកផ្លូវ បណ្តាលឱ្យបាក់១កំណាត់ ខ្ទាតចេញ ហើយរថយន្តក្រពឹតមុខរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី៦ មករា តាមមហាវិថីកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ រថយន្តកូរ៉ូឡានេះស៊េរី៩៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-0274 បើកបរដោយជនជាតិចិន ឈ្មោះ JIANG WENYAN ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ ។តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញរថយន្តខាងលើដែលមានតែអ្នកបើកបរម្នាក់ឯងធ្វើដំណើរតាមមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅខាងលិច ។ លុះនៅពេលមកដល់ចំណុចខាងលើ ជិតស្តុបសន្ធរម៉ុក ស្រាប់តែរថយន្តជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មខណ្ឌចែកផ្លូវពេញទំហឹង ។ តាមសាក្សីបន្តទៀតថា ឧប្បត្តិហេតុនេះបណ្តាលឱ្យក្បាលរបាំងថ្ម១កំណាត់បាក់ខ្ទាតចេញ ហើយរថយន្តក៏ខ្ទាតចេញពីរបាំងថ្មទៅខាងឆ្វេងដៃ ។ ភ្លាមៗនោះ គេឃើញអ្នកបើកបរជាជនជាតិចិន ចុះពីលើរថយន្តទាំងស្រវឹងជោកជាំ រួចប្រគល់នាមប័ណ្ណដល់សមត្ថកិច្ច ។ នៅយប់នោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយទាក់ទងទៅការិយាល័យនគរបាលចរាចរជើងគោកយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កបញ្ជូនទៅកា ន់សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាត ៕