ខេត្ត​ពោធិ៍​សាត់​ ៖ ជន​​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៧​នាក់​បានត្រូវ​​កំលាំង​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ភ្លាម ៗ​ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នក​ដទៃ ​អុក​ឡុក​ក្នុង​ពិធី​រាំ​ធុង​បាស់​កាល​ពី​យប់​ថ្ងៃទី​១៥ មករា នៅ​ភូមិ​ស្តុក​ស្វាយ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​។​ មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា ជន​ទំនើង​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ប្រុស​ គ្រួច ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​អារ៉ែន ឃុំ​ស្នាម​ព្រះ​។ ឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​ទំនើង​វាយ​របូស​៣នាក់​គឺ​១-ឈ្មោះ​ពន ណារី ភេទ​ប្រុស ជា​អ្នក​ចាក់​ធុង​បាស់​, ២-ឈ្មោះសយ ភាព ភេទ​ប្រុស ជា​ប្រជា​ការ​ពារ​ និង​៣-ឈ្មោះ​ប្រាក់ វៃ ជា​ប្រជា​ជន​ធម្មតា​។​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​បញ្ជាក់​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៥ មករា នៅ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ឈ្មោះ​គង់​ និន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្ថិត​ក្នុង​ភូមិ​ស្តុក​ស្វាយ​ ឃុំ​ស្នាម​ព្រះ មាន​ធ្វើ​ពិធី​បុណ្យ​បច្ច័យ​បួន និង​ចាក់​ធុង​បាស់​រាំ​កំសាន្ត​។ នៅ​វេលា​ម៉ោង​១០ និង​២០​នាទីយប់​ ខណៈ​ពេល​កំពុង​រាំ​លេង​សប្បាយ​នោះ​ស្រាប់​តែ​ក្រុមជន​​ទំនើង​ខាង​លើ​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់​ជិះ​ម៉ូ តូ​ចំនួន​ពីរ​គ្រឿង​ កាន់​ដំបង​ និង​ខ្សែ​ក្រវាត់​ចូល​មក​អុក​ឡុក​ក្នុង​ពិធី​រាំ​ធុង​បាស់​។ លុះ​នៅ​ពេល​ប្រជា​ការ​ពារ​ និង​នគរ​បាល​ប៉ុស្តិ៍​ទៅ​ឃាត់​ស្រាប់​តែ​កើត​រឿង​ឈ្លោះ​ប្រកែក​ និង​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​រោង​បុណ្យ រួច​ហើយ​នាំ​គ្នា​​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​នៅ​សល់​តែ​បក្ស​ពួក​ម្នាក់​ឡើង​ម៉ូតូ​មិន​ទាន់​ក៏​ត្រូវ​សម ត្ថ​កិច្ច​ចាប់​ខ្លួន​តែម្តង​។នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ​ជនទំនើង​ម្នាក់​នេះ​បាន​សារភាព​ថា ខណៈ​ពេល​គេ​វាយ​គ្នា​ពេញ​រោង​បុណ្យ​នោះ​ខ្លួន​កំពុង​អង្គុយ​ផឹក​ស្រា​នៅ​ខាង​ក្រោយ​រោង​បុណ្យ​ឯ​ណោះ​ លុះ​ពេល​គេ​វាយ​គ្នា​ចប់​​ដើរ​មក​​មើលក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​តែ​ម្តង​។ ក្រុម​ជន​ទំនើង​នោះ​ពិត​ជា​បក្ស​ពួក​របស់​ខ្លួន​មែន​ហើយ ប៉ុន្តែ​ពេល​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា​ គឺ​ខ្លួន​មិន​បាន​ដឹង​រឿង​អី​ទេ​ ឯ​បក្ស​ពួក​ខ្លួន​ពី​រនាក់​គឺ​ឈ្មោះ​វណ្ណា និង​ឈ្មោះតឺម​ ធឿន ក៏​ត្រូវ​ភាគី​​ម្ខាង​ទៀត​វាយ​បែក​ក្បាល​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដែរ​។ ជន​ឈ្មោះ​ប្រុស​ គ្រួច ត្រូវ​បានសួរ​នាំ​បំពេញ​សំណុំ​បែប​បទ​តាម​នីតិវិធី​នៅ​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ខ េត្ត​ ឯ​បក្ស​ពួក​៦​នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​​ សមត្ថ​កិច្ច​កំពុង​តាម​រក ៕