ខេត្តកំពង់​ចាម ៖ រថយន្ត​កាមរី​គូទហើម​ពណ៌​.ស ពាក់​ស្លាកលេខ​2F-2426 ​ដឹកឈើ​គ្រញូង​មួយគ្រឿងបានបុក​​ជា​មួយរថយន្ត​១​គ្រឿង​ទៀត​ម៉ាក​កាមរី​ដូចគ្នា​ពណ៌​ស្ពៃ​ជ្រក់ នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​​ក្នុងភូមិ​អំពិល​លើ​ ឃុំអំពិល ស្រុកកំពង់​សៀម កាលពី​វេលា ម៉ោង១០ និង៣០​នាទី​យប់​ថ្ងៃទី៦ មករា លាន់​ដូចរន្ទះ​ ​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​៣នាក់​ ក្នុងនោះ​មានស្ត្រីម្នាក់ ។ ក្រោយ​ពេលកើត​ហេតុ​​អ្នកបើករថ​យន្ត​ដឹកឈើគ្រញូង​ដែល​រង​របួស​ធ្ងន់​​ត្រូវ​បាន​នាំទៅសង្គ្រោះ​នៅ​រាជធានី​ ភ្នំពេញ​ជា​បន្ទាន់​ផង​ដែរ ។​តាមសេចក្តី​រាយ​ការណ៍​ពីមន្ត្រីនគរ​បាល​ចរា​ចរស្រុក​កំពង់​សៀម​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​​រង​គ្រោះ​៣​នាក់នោះ​រួម​​មាន​១-ឈ្មោះប៉ិច ផារិន ភេទប្រុស អាយុ​៣០​ឆ្នាំ រស់នៅភូមិ​អំពិល ក្រោម ឃុំ​អំពិល ស្រុកកំពង់សៀម ជាអ្នក​បើក​បរ​រថ​យន្ត​ពណ៌​ស្ពៃ​ជ្រក់ ២-​ប្រពន្ធ​​អង្គុយ​អែប និង៣-​អ្នក​បើក​រថយន្ត​ដឹកឈើគ្រញូង​​មិន​ស្គាល់​ឈ្មោះក៏បាន​រង​របួស​ជាទំងន់ដែរ ។ មន្ត្រី​នគរបាល​ចរាច​រ​បាន​ប្រាប់​បន្តថា រថ​យន្ត​កាម​រី​ដែល​ជិះ​២​នាក់​ប្តីប្រពន្ធ​បាន​បើក​​ក្នុង​​ទិសដៅ​​ពី​លិច​មក​កើត រីឯ​រថ​យន្ត​ដឹក​ឈើគ្រញូង​​បើក​បញ្ច្រាស​ទិសគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ​។ ពេល​មក​ដល់​ភូមិអំពិល​លើ ​រថយន្ត​ដឹក​ឈើ​គ្រញូង​​បាន​បើក​វ៉ា​រថ​យន្ត​១គ្រឿងនៅពីខាង​មុខ ក៏បានជ្រុល​មក​បុករថយន្ត​កាមរី​ដែលជិះ​២នាក់​ប្តីប្រពន្ធ​លាន់ដូច​រន្ទះនៅ​កណ្តាល​ផ្លូវ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​២​រងរបួស​ធ្ងន់​ទាំង​អស់គ្នា ។ ក្រោយ​ពេល​កើតហេតុ​ អ្នកបើក​បរ​រថ​យន្ត​ដឹក​ឈើគ្រញូង​មិនស្គាល់​ឈ្មោះ​ត្រូវបានគេ​នាំ​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ 7 D ប៉ុន្តែ​ដោយ​សារ​​ស្ថាន​ភាព​របួសមាន​លក្ខណៈ​​ធ្ងន់​ធ្ងរ​ពេក ទើប ត្រូវ​​បាន​គេបញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅរាជ​ធានី​ភ្នំពេញ ។ ដោយ​ឡែករថយន្ត​ទាំង២​គ្រឿង​នេះ​ត្រូវ​បាន​ស្ទូច​យកទៅ​រក្សា​ទុកនៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​កំពង់​ សៀម ដើម្បីដោះ​ស្រាយ​។ ឯឈើគ្រញូង​ត្រូវបានដឹកយក​ទៅ​​ទុកនៅស្នង​ការដ្ឋាន​ខេត្ត ។​តាមប្រភព​ពីមន្ត្រី​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​កោះ​សន្តិភាព​​ដឹង​ថា ​រថ​យន្ត​កាម​រី​ដឹកឈើ​គ្រញូង​នោះ​សង្ស័យ​ម្ចាស់​របស់វា​នៅ​ភូមិ​ខែ​ល​ជ័យ ឃុំអូរ​ស្វាយ ស្រុកកំពង់​សៀម ពីព្រោះ​ក្រោយ​កើតហេតុមួយថ្ងៃ​មានបុរស​ចំណាស់ម្នាក់​បានចេញ​មកទំនាក់​ទំនង​ជា​មួយ​នឹង​នគរ​បាល​ចរា​ចរស្រុ ​ក​កំពង់​សៀម ។ ​សមត្ថ​កិច្ច​​មួយ​រូប​សុំ​មិនបញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឱ្យ​ដឹង​ដែរ​ថា រថយន្ត​តូច​ធំ​ដឹក​ឈើគ្រញូង​​មកពីណាក៏​ដោយឱ្យ​តែ​បើក​ទៅ​​ដល់ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​នោះ​ បានយក​ឈើទៅ​ស្តុកទុក​នៅ​ឃ្លាំង​ធំ​មួយ​​ក្នុង​ឃុំកណ្តោលជ្រុំ ស្រុកពញា​ក្រែក ​ដើម្បី​នាំចេញ​បន្តទៅ​កាន់ប្រទេស​វៀត​ណាម ។ ប៉ុន្តែ​មកដល់​ដើម​ឆ្នាំ​២០១១ នេះ ឃ្លាំង​នោះ​ត្រូវបានបិទទ្វារ​ហើយ ៕