រាជធានីភ្នំពេញ ៖ លោកអាស្តា ឆាយា ប្រធានគណៈកម្មការព្រំដែនរបស់ថៃដែលទើបតែងតាំងថ្មី និងជាទីប្រឹក្សារបស់លោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃផងនោះ បានឱ្យដឹងថា ភាគីថៃនឹងត្រៀមខ្លួនបញ្ជូនក្រុមអ្នកជំនាញកិច្ចការព្រំដែនចុះពិនិត្យបង្គោលសីមា និងខ្សែបន្ទាត់ជាមួយភាគីកម្ពុជា ។ លោកប្រធានគណៈកម្មការព្រំដែនថៃលើកឡើងបែបនេះ បន្ទាប់ពីបញ្ចប់ជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ មករា ២០១១ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលក្នុងនោះលោកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានជំរុញឱ្យភាគីថៃធ្វើយ៉ាងណាគិតគ ូរ និងអនុវត្តកិច្ចការព្រំដែននេះឱ្យបានលឿនកាន់តែប្រសើរ ។លោកអាស្តា ឆាយា បានមានប្រសាសន៍ថា រូបលោកគឺជាប្រធានគណៈកម្មការព្រំដែនដែលរដ្ឋាភិបាលថៃទើបតែងតាំងថ្មី ដូច្នេះមុននឹងឈានទៅអនុវត្តការងារ លោកត្រូវជួបសំដែងការគួរសមជាមួយលោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ភាគីកម្ពុជាជាមុនសិន ដើម្បីឱ្យដឹងថា តើត្រូវចាប់ផ្តើមពីចំណុចណាទៅចំណុចណា ។ លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង បានមានប្រសាសន៍នៅចំពោះមុខអ្នកសារព័ត៌មានថា ប្រសិនបើភាគីថៃមានក្រុមការងារព្រំដែនត្រឹមត្រូវហើយ យើងសូមជំរុញ និងបញ្ជូនក្រុមការងារទៅកាន់ខ្សែបន្ទាត់ព្រំដែនឱ្យបានឆាប់ៗ ដើម្បីពិនិត្យបង្គោសីមាលេខ១ និងលេខ២៣ ។ លោកអាស្តារ ឆាយា ប្រធានគណៈកម្មការព្រំដែន ទើបតែងតាំងថ្មីរបស់ថៃ បានឆ្លើយតបថា លោករីករាយចំពោះកិច្ចការនេះ ប៉ុន្តែសុំពេលពិនិត្យមើលស្ថានភាពការងារ និងរៀបចំក្រុមការងារមួយរយៈសិន នៅពេលភាគីថៃគិតឃើញយ៉ាងណា នឹងជូនដំណឹងតាមក្រោយ។វាហាក់ដូចជាចៃដន្យពេកណាស់ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីអគ្គមេបញ្ជាការជើងគោកថៃលោកប្រាយុទ្ធចាន់អូចា អំពាវនាវតាមទស្សនៈស្រមើស្រមៃឱ្យមានការវាស់វែងព្រំដែនឡើងវិញតាមបែបលក្ខណៈទំនើប គឺជិះយន្តហោះវាស់ ព្រោះថា កាលពីជាង៣០ឆ្នាំមុនការវាស់វែងព្រំដែនគេជិះដំរី មិនមានលក្ខណៈទំនើបទេ ។ ក្រុមអ្នកជំនាញបាននិយាយដោយហួសចិត្តថា ការវាស់វែងព្រំដែនឡើងវិញ ឬការសើរើព្រំដែនមិនមែនចេះតែធ្វើទៅតាមការយល់ឃើញបែបស្រមើស្រមៃបាននោះទេ ព្រោះវារំលោភច្បាប់អន្តរជាតិ ៕