ក្រុងប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​​​សំគមម្នាក់​​​​ចូល​បន្ទប់​អ្នកស្រុក​ប្រុងលួច​ទ្រព្យ​សម្បតិ្ត​ តែត្រូវ​ម្ចាស់​ចាប់​បានប្រគល់​ឱ្យ​ប៉ូលិសសង្កាត់​ប៉ោយ​ប៉ែត​​ កាលពីវេលាម៉ោង​២រសៀល​ថ្ងៃទី១៨ ​មករា ។ ខណៈ​នាំ​ទៅ​ដល់​ប៉ុសិ៍្ត​ ជន​នោះ​​រត់​រួច​ទៅ​​វិញភ្លាម ដោយ​បន្សល់​ទុកចំណង​​ខ្សែ​ភ្លើង​​​​ដែល​ចង​ដៃ​ទៅ​ក្រោយ​ធ្វើ​ឱ្យ​ប៉ូលិស​​នាំ​គ្នា​​តាម​រកឆ្វែង​ឆ្វាត់​គ ្រប់គ្នា​ តែ​រកមិន​ឃើញទេ ។ ជន​សង្ស័យ​ឈ្មោះអែម ​ផល្លា ​អាយុ​២៦​ឆ្នាំ ​​គ្មាន​មុខរបរ​​ពិត​ប្រាកដ ​​​ហើយ​ក៏​គ្មាន​ទី​លំនៅ​​ពិត​ប្រាកដ​​ដែរ បានអះ​អាង​ថា ​គេ​មកពីខេត្ត​សៀម​រាប ​រស់​នៅ​ក្រុង​ប៉ោយ​ប៉ែតបាន​ជាង​មួយ​ខែ​ហើយ ។ ឈ្មោះ​ឈន ហាត់ ភេទប្រុស អាយុ​២៧​ឆ្នាំ ​ជា​​ម្ចាស់​បន្ទប់​​ឱ្យដឹង​ថា ជន​នោះ​បាន​ចូល​បន្ទប់​របស់​លោក ខណៈ​លោក​​រវល់​ចេញ​ទៅខាង​ក្រៅ ។ ​ពេល​ត្រឡប់​ទៅវិញ លោក​ឃើញ​ជន​​នោះស្ថិត​ក្នុង​បន្ទប់​​កំពុង​រើ​កកាយ​របស់​របរ​ក៏​ហៅអ្នកជិត​ខាងចាប់​​ប្រគល់​ឱ្យ​ប៉ូលិស​តែ ​ម្តង ។តាម​ការ​ឱ្យ​ដឹង​ពីស្ត្រី​ឈ្មោះ​​ហុយ តី អាយុ​២៤​ឆ្នាំ​ថា កន្លង​មក​ជននោះ ក៏ធ្លាប់​ចូល​លួច​លុយ និង​បោក​ប្រាស់​នាង​ថា ប្តី​របស់​នាងឱ្យ​គេ​មក​ជួប​​លក់​ស៊ឹម​​ទូរស័ព្ទ​​ ។ មុន​ពេល​ជួប​នាង​ គឺគេ​បាន​ចូល​ក្នុង​បន្ទប់​​លួចលុយ រួច​ទៅហើយ ខណៈ​ នាងរវល់​ចេញ​ទៅ​​ទិញ​​នំហូប​នៅ​​ចិញ្ចើម​​ថ្នល់ ។ អ្នក​ផ្សេងៗ​​​ទៀត​ ក៏​អះ​អាងដែរ​ថា ​កន្លង​មក​​បុរសនោះ​ធ្លាប់​ចូល​លួច​តាម​បន្ទប់​ជា​ញឹក​ញាប់​ ប៉ុន្តែ​​ចាប់​មិន​បាន ។ នៅមុខ​ប៉ូលិស​ជន​​ជាប់​ចោទ​និយាយ​ថា ​គេ​ចូល​ក្នុង​បន្ទប់​នោះ​​ប្រុង​លួច​អីវ៉ាន់​ ប៉ុន្តែ​ត្រូវ​គេ​ចាប់ជាប់ ។ ជន​ជាប់​ចោទនោះ​ក្រោយ​ពេល​បញ្ជូន​​ទៅ​ដល់​ប៉ុស្តិ៍​ប៉ូលិស​បាន​រត់​រួច​ធ្វើ​ឱ្យ​ប៉ូលិស​​តាម​រក​​ខ្វែងដៃ ​ខ្វែង​ជើង តែរហូត​ដល់​ម៉ោង​៥ល្ងាច ​មិនទាន់​ចាប់​បានវិញ​​ទេ ៕