នេះគឺជាយុទ្ធនាការឃោសនាដ៏ឆ្លាតវៃ និងប្រកបដោយភាពអស្ចារ្យរបស់ Microsoft សម្រាប់ស្មាតហ្វូន Lumia 930 របស់ខ្លួន។

/

ថ្មីៗនេះ Microsoft ទើបតែបានបញ្ចេញវីដេអូឃោសនាថ្មីមួយ បង្ហាញអំពីបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍បំផុត នោះគឺ ក្រុមហ៊ុននេះ បានធ្វើការបញ្ចូលថាមពលថ្មរបស់ Lumia 930 (ស្មាតហ្វូនសំខាន់បំផុតរបស់ Microsoft) ដោយ​ប្រើប្រាស់ផ្លែប៉ោម និងដំឡូងបារាំង ចំនួន ៨០០ផ្លែ និងមើម នៅតំបន់ពាណិជ្ជកម្មមួយ ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

/

ដើម្បីធ្វើបានបែបនេះ គេបានប្រើប្រាស់ខ្សែស្ពាន់ ដោតតគ្នាពីផ្លែ/មើម មួយ ទៅផ្លែ/មើម មួយផ្សេងទៀត ដោយសារប្រតិកម្មគីមីដែលកើតឡើងក្នុងដំឡូងបារាំង វាក៏បង្កើតបានជាអាគ្គីសនីគ្រប់គ្រាន់ ដើម្បីបញ្ចូលថាមពលដល់ថ្មទូរស័ព្ទ។ គេបានដឹងថា នេះគឺជាស្នាដៃរបស់វិចិត្រករ Caleb Charland ជាអ្នកដែលធ្លាប់បានលើកឡើងទាក់ទិននឹងបច្ចេកទេសនេះ កាល​ពីអតីតកាល ហើយគាត់ក៏ត្រូវបាន Microsoft អញ្ជើញមក ដើម្បីប្រែក្លាយបច្ចេកទេសខាងលើនេះ ឱ្យទៅជាការពិតជាក់ស្ដែង ដោយអនុវត្តលើកំពូលស្មាតហ្វូន ដែលដំណើរការដោយ Windows Phone 8.1 មួយនេះ។

/

/

តាមរយៈសកម្មភាពនេះ ក្រុមអ្នកជំនាញយល់ថា វាជាយុទ្ធសាស្ដ្រនៃការឃោសនា ដ៏ឆ្លាតវៃសម្រាប់ Lumia 930 របស់ក្រុមហ៊ុន Microsoft ហើយក្នុងពេលអនាគត បច្ចេកទេសនេះ នឹងបើកផ្លូវថ្មីមួយទៀត សម្រាប់ឧបករណ៍អេឡិចត្រូនិច ទាក់ទិននឹងការបំពាក់បច្ចេកវិទ្យាបញ្ចូលថាមពលថ្ម បែបធម្មជាតិ និងពោរពេញដោយប្រយោជន៍នេះ ដែលជាកត្តាមួយ រួមចំណែកក្នុងការកាត់បន្ថយសកម្មភាពបំពុលបរិស្ថាន។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailystar/Youtube