ខេត្ត​ព្រះវិហារ ៖ ​ប្រជាពល​រដ្ឋ​ខ្មែរ​២​នាក់​គឺឈ្មោះ​ផល រិទ្ធ ភេទប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខ​របរ​រត់​ម៉ូតូឌុប ​រស់នៅ​ភូមិ​ធម្ម​ជាតិ​ ឃុំកន្ទួត ​ស្រុក​ជាំ​ក្សាន្ត និង​ឈ្មោះ​រៀល ​តែន ភេទប្រុស ​អាយុ​៤៥​ឆ្នាំ​ មុខរបរធ្វើ​ស្រែ​ចំការ ​រស់នៅ​ភូមិ​វាលពោធិ៍ ឃុំ​ជាំ​ក្សាន្ត ស្រុកជាំ​ក្សាន្ត​​ ដែរ​បានត្រូវ​​អាជ្ញា​ធរ​​ថៃ​នាំ​ខ្លួន​​មកប្រគល់​ឱ្យ​ភាគី​​កម្ពុជា​នៅច្រក​​ទ្វារជាំ​-សាង៉ាំ​កាល​​ពី​ល្ងាច​ថ្ងៃទី១៣ មករា ។ លោកវ​រ​សេនីយ៍​ទោតូច រ៉ា ប្រធានក្រុម​ការ​ងារ​​ទំនាក់​ទំនង​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​ខ្មែរ​ទាំង​២​នាក់នេះ​​បាន​ឡើង​​ទៅ​លើ​ភ្នំ​ដង​រែក ស្ថិត​នៅ​ចំណុច​ខាង​កើត​​​អាន​សេះ​ ក្នុងភូមិ​ជាំ​​ក្សាន្ត ឃុំជាំ​​ក្សាន្ត ​ស្រុក​ជាំក្សាន្ត ក្នុង​គោលបំណង​ឆ្លង​ដែន​ និង​រក​កាប់​ឈើ​គ្រញូង ហើយ​ត្រូវ​ក្រុម​ទាហាន​​ឈុត​ខ្មៅ​សៀម​​ចាប់​ខ្លួន​យកទៅ​ដាក់​ពន្ធ​នាគារ​​ខេត្ត​ស៊ី​សា​កេត​ ​កាល​ពីវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ។បន្ទាប់ពី​​ក្រុម​ទាហាន​​ឈុត​ខ្មៅ​សៀម​ចាប់​ខ្លួន​​ ក៏​ត្រូវ​បានបញ្ជូនទៅ​ដាក់​ពន្ធនា​គារ​ខេត្ត​ស៊ី​សា​កេត និងត្រូវ​​បាន​តុលាការ​ខេត្តនោះបើក​សវនាការ​កាត់​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​២​រូប​​រួច​ពីផុត​ការ​ចោទ ​ប្រកាន់​ឆ្លង​ដែន​ខុស​ច្បាប់​ ។ បន្ទាប់​មក ​អាជ្ញា​​ធរ​ខេត្ត​​ស៊ី​សា​កេត​បាន​បញ្ជូន​​​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ទាំង​២នាក់​មកប្រគល់​ឱ្យ​អាជ្ញា​ធរ​​ខ េត្ត​ព្រះវិហារ​​វិញ​នៅមាត់​ច្រក ទ្វារ​អន្តរ​ជាតិ​ដែល​មានលោក​​ក្រូច សម្បត្តិ ​អភិ​បាល​រង​ស្រុក​ជាំ​ក្សាន្ត​​ លោកស ថាវី អភិ​បាល​​រង​ខេត្ត​ព្រះវិហារ​​ ព្រមទាំង​មន្ត្រី​​​បំរើ​ការ​ងារ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ជា​ច្រើន​រូប​ទៀត​បាន​ទទួល​យក​ពីអាជ្ញា​ធ រ​ថៃ កាលពីវេលា​ម៉ោង​៦ល្ងាច​​ថ្ងៃទី១៣ មករា​ ។​លោក​ស ថាវី អភិបាលរង​ខេត្ត​ព្រះវិហារ​​​បានឱ្យ​​ដឹង​ថា ប្រជាពលរដ្ឋ​​ខ្មែរ​ចំនួន​២​​នាក់នេះ បន្ទាប់ពី​បានទទួល​យកពី​អាជ្ញា​ធរ​ថៃ​រួច​មក លោកនឹងនាំយកទៅ​ធ្វើការ​អប់រំ​បន្ថែមមិន​ឱ្យ​ឆ្លង​ដែន​ចូលទៅ​ក្នុង​ទឹកដីថៃ​បន្ត​ទៀត​ដោយ​ខុសច្បាប់ និងឱ្យទៅ​​រួមរស់​ជា​មួយ​ប្រពន្ធ​កូន​វិញ​ ។ លោកអភិបាល​​រង​ខេត្ត​​បានបញ្ជាក់​ថា កន្លង​មកលោក​តែង​តែ​​យកចិត្ត​ទុកដាក់​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រុក​ធ្វើ​ការ​​ប្រជុំ​ផ្សព្វផ្សាយ​ និង​អប់រំ​​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​​មិនឱ្យឆ្លង​ដែន​ដោយ​ខុស​ច្បាប់​​​ឬ​ឡើង​ភ្នំដង​រែក​​ស៊ី​ឈ្នួលអូស ឈើ​ កាប់ ឈើ​​គ្រញូង​នោះទេ ព្រោះ​ជាប្រឈមនឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ៕