រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​ថ្ងៃ​ទី​៦ មករា សម្តេចតេជោ​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក​ជំទាវ​ បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​កុមារ​ពិការ​ភ្នែក​​ កុមារ​គ​ថ្លង់​ និង​គ្រូ​បង្រៀន​ចំនួន​៣​មណ្ឌល​ គឺ​សាលា​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គថ្លង់​ភ្នំពេញ​ថ្មី​ហៅ​អង្គ​ការ​គ្រួសារ​ថ្មី​ សាលា​កុមារ​គថ្លង់​ (អង្គ​ការ​គ្រួសារ​ថ្មី​ច្បារ​អំពៅ​) និង​អង្គ​ការ​អេស្តេ​កា(​ជួយ​បណ្តុះ​បណ្តាល​កុមារ​កំព្រា និង​ក្រី​ក្រ​ឱ្យ​បាន​ចូល​រៀន​)​ ។ ​ពិធីសាក​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​នេះ​​បានធ្វើឡើង​រួម​គ្នា​​នៅ​​សាលា​កុមារ​ភ្នែក​ និង​កុមារ​គរ​ថ្លង់​ភ្នំពេញ​ថ្មី ។​កុមារ​ទាំង​នោះ​មាន​ចំនួន​៣៦៣​នាក់​ ដោយ​ម្នាក់ៗ​ទទួល​បាន​​ប៊ិច​១​ដើម សៀវ​ភៅ​២​ក្បាល​ថវិកា​១០​ម៉ឺន​រៀល ហើយ​គ្រូ​បង្រៀន​ចំនួន​៩៩​នាក់​ ម្នាក់ៗ​ទទួល​បាន​​ថវិកា​២០​​មឺុន​រៀល​។ ក្រៅ​ពី​នេះ​នៅ​មាន​អំណោយ​​មួយ​ចំនួន​​ទៀត​​ក៏​បាន​ផ្តល់​ទៅ​ឱ្យ​មណ្ឌល​ទាំង​៣​ដែរ​ ដោយ​មណ្ឌល​នីមួយៗ​ទទួល​​បាន​អង្ករ​២​តោន​ មី​យើង​៥០​កេសតូច ត្រី​ខ​១០កេស​ធំ ស្ករ​ស​១០០​គីឡូ​ក្រាម​ ប៊ី​ចេង​៥​គីឡូ​ក្រាម​ និង​ថវិកា​ចំនួន​២​លាន​រៀល​។ ដោយ​ឡែក​សម្តេច​និង​លោក​ជំទាវ​នឹង​​ផ្តល់​ជា​រៀង​រាល់​ខែ​បន្ថែម​ទៀត​ចាប់​ពី​ខែ​មករា​នេះ​តទៅ​ដល់​មណ្ឌល​ ទាំង​​បី​នោះ​ គឺ​សាលា​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គ​ថ្លង់​ភ្នំពេញ​ថ្មី​ជា​ទឹក​ប្រាក់​ចំនួន​៣​លាន​រៀល​​ និង​អង្ករ​១​តោន​ សាលា​កុមារ​គថ្លង់​ ច្បារ​អំពៅ​​ក៏​ទទួល​​បាន​ដូច​គ្នា​ ឯ​អង្គ​ការ​អេស្តេ​កា​​ទទួល​បាន​ថវិកា​១​លាន​រៀល​ និង​អង្ករ​កន្លះ​តោន​ ។នៅក្នុង​ដំណើរ​​ចុះ​សួរ​សុខ​ទុក្ខ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន និង​លោក​ជំទាវ​នា​ពេល​នោះ​ ក៏​មាន​រៀប​ចំ​បាយ​ទឹក​​ និង​ម្ហូប​ឆ្ងាញ់​ៗ៧មុខ​ ចំនួន​៧០​តុ ផង​ដែរ ​ដើម្បី​​ឱ្យ​កុមារៗ​ទទួល​ទាន​បាយជា​អាហារ​ថ្ងៃ​ត្រង់​ពិសេស​។ មាន​មតិ​សំណេះ​សំណាល​នៅ​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​បានលើក​ឡើង​​ថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើតទី​២ របស់​យើង​​ ហើយ​ជា​ថ្ងៃ​ដែល​ប្រជា​ជន​ខ្មែរ​តែង​តែ​នឹក​គិត​ដល់​គុណ​បំណាច់​​ដ៏​ថ្លៃ​ថ្លា​​របស់​គណ​បក្ស​ប្រជា​ជនកម្ ពុជា​​ដែល​​ជួយ​ឱ្យ​ប្រជា​ជន​កម្ពុជា​បាន​រស់​ឡើង​វិញ​ បន្ទាប់​ពី​រស់​ដ៏​សែន​​មហា​វេទនា​ក្នុង​របប​ប៉ុល​ ពត​។សម្តេចតេជោ​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​កោត​សរ​សើរ​ថ្នាក់​ដឹក​នាំ​កាក​បាទ​ក្រហម​គ្រប់​ជាន់​ថ្នាក់​ រួម​ទាំង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ និង​​កសាង​ទី​កន្លែង​សាលា​កុមារ​ពិការ​​ភ្នែក​ និង​កុមារ​គ​ថ្លង់​ភ្នំពេញ​ថ្មី​ឱ្យ​មាន​លក្ខណៈ​សម​រម្យ ​ដែល​ទី​នេះ​កន្លង​មក​ជា​ព្រៃ​ និង​មាន​​ភក់​ជ្រាំ​ពិបាក​ក្នុង​ការ​រស់​នៅ​។ សម្តេចក៏​​បាន​បង្គាប់​ឱ្យ​អាជ្ញា​ធរ​ពិនិត្យ​មើល​លទ្ធ​ភាព​ជួយ​បន្ថែម​ទៀត ​ដើម្បី​ឱ្យ​ការ​រស់​នៅ​របស់​កុមារ​កាន់​តែល្អ​ប្រសើរ​ឡើង ៕