ក្រោយពីព័ត៌មានស្ដីអំពីការចាកចេញរបស់ Nokia X ក្រុមហ៊ុន Microsoft ក៏បន្តជូន “ដំណឹងមរណៈ សម្រាប់ស្រឡាយ Asha និងសេរី ៤០ របស់ Nokia ។

អ៊ីមេលផ្ទៃក្នុង ដែលក្រុមមេដឹកនាំរបស់ Microsoft បានផ្ញើដល់បុគ្គលិករបស់ពួកគេ នាពេលថ្មីៗនេះ ពិតជាបានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងវិស័យបច្ចេកវិទ្យា។ បន្ទាប់ពីព័ត៌មានដ៏គួរឱ្យសោកស្ដាយ ទាក់ទិននឹងការបញ្ចប់វត្តមានរបស់ស្មាតហ្វូនស្រឡាយ Nokia X ដែលដំណើរការដោយ Android ប្រធានគ្រប់គ្រងផ្នែកទូរស័ព្ទ ក្នុងស្ថាបនឧបករណ៍របស់ Microsoft អ្នកស្រី JoHarlow ក៏បានបន្តផ្ញើ “សារមរណៈ” ដល់បុគ្គលិក ដើម្បី “សម្លាប់” “ត្រកូល” Series 40 របស់ Nokia ផងដែរ។
គេអាចនិយាយបានថា Feature phones (ទូរស័ព្ទលំដាប់ក្រោមមធ្យម) គឺជាទូរស័ព្ទដែលបានធ្វើឱ្យ Nokia ល្បីឈ្មោះ ដោយសារវាមានគុណភាពល្អ ទាំងផ្នែករឹង ទាំងផ្នែកទន់។ បើទោះជាស្មាតហ្វូន កំពុងតែក្លាយជាឧបករណ៍ពេញនិយមក៏ដោយ តែ feature phone របស់Nokia នៅតែអាច “រស់” បានយ៉ាងល្អ នៅក្នុងបណ្ដាតំបន់ និងប្រទេសកំពុងអភិវឌ្ឍ។

មុនពេលបានទៅលើដៃ Microsoft គេឃើញថា ប្រាក់ចំណូលជិត ៨០% របស់ Nokia គឺបានមកពីស្រឡាយ Asha និង S40 តម្លៃទាប។ ប៉ុន្ដែ ពេលនេះ “អ្នកមាន” Microsoft បែរជាមិនត្រូវការ “ប្រាក់រាយ” ពី Feature phone នេះ។
ការសម្រេចរបស់ Microsoft បានបញ្ជាក់ថា វាសនារបស់ស្រឡាយទូរស័ព្ទតម្លៃទាប Asha និង Series 40 នឹងត្រូវបានប្ដូរមកស្ថិតក្នុងដំណាក់កាល “រក្សា” គឺមានន័យថា Microsoft នៅតែបន្តជួយដល់គាំទ្រអ្នកប្រើប្រាស់បច្ចុប្បន្ន ក្នុងរយៈពេល ១៨ខែទៀត ប៉ុន្ដែ Microsoft នឹងមិនបញ្ចេញទូរស័ព្ទថ្មីនៃស្រឡាយខាងលើ ហើយ Microsoft នឹងបោះបង់ជាផ្លូវការនូវស្រឡាយផលិតផលទាំង ៣ប្រភេទខាងលើនេះ នៅពេលដំណាក់កាល “រក្សា” បានបញ្ចប់។
មូលហេតុដែលនាំឱ្យ Microsoft សម្រេចចិត្តដូចខាងលើ គឺដោយសារតែក្រុមហ៊ុននេះ ចង់ឱ្យអតិថិជនចាស់ ងាកមកប្រើឧបករណ៍ Windows Phone សេវាកម្ម និងកម្មវិធីរបស់ Microsoft ដើម្បីជួយឱ្យក្រុមហ៊ុននេះ មានទីផ្សារធំទូលាយជាងមុន។
សូម្បីតែផ្នែកឧបករណ៍ សេវាកម្ម MixRadio របស់ Nokia ក៏នឹងមានវាសនាអាក្រក់ដូចគ្នា។ Microsoft កំពុងមានគម្រោង ប្រែក្លាយសេវាកម្មនេះ ឱ្យទៅជាសេវាកម្មរបស់ភាគីទី ៣ ពោលឧគឺនឹងរក្សាសេវាកម្មនេះ ហើយនឹងលក់វាទៅឱ្យក្រុមហ៊ុនផ្សេងទៀត នៅពេលមានឱកាស។
Microsoft នឹងផលិតស្មាតហ្វូន ទាំងប្រភេទតម្លៃខ្ពស់ ទាំងប្រភេទតម្លៃទាប ដោយប្រើ Windows Phone ព្រមទាំងប្រើប្រាស់សេវាកម្ម និងផ្នែកទន់ទាំងស្រុងរបស់ក្រុមហ៊ុននេះ។ ភាគីក្រុមហ៊ុន Microsoft ប្រកាសថា ខ្លួននឹងផលិតស្មាតហ្វូនដែលមានកម្មវិធី និងមុខងារលំដាប់កំពូលបំផុតរបស់ Microsoft ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ The Verge/Nokiapoweruser