ខេត្តពោធិ៍សាត់ ៖ ពុទ្ធចក្រនិងអាណាចក្រតែងដើរទន្ទឹមគ្នានិងមានកម្មវិធីសិក្សាតាមលំដាប់ពីថ្នាក់ទាបដល់ ថ្នាក់ខ្ពស់ដូចគ្នា ។ ជាក់ស្តែងកាលពីថ្ងៃទី១៥ មករា ២០១១ នៅខេត្តពោធិ៍សាត់ មានរៀបចំប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាក្រោមការជួយឧបត្ថម្ភថវិកាពីឧកញ៉ាទ្រី ភាព ប្រធានក្រុមហ៊ុន MDS តាមរយៈព្រះតេជគុណឡាយ កន ព្រះចៅអធិការវត្តបាកាន ។ លោកខឹម ញៀម ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានជំរាបជូនថា ការប្រឡងនេះ មានរយៈពេល២ថ្ងៃគឺថ្ងៃទី១៥ និង១៦ មានបេក្ខសមណសិស្សចូលរួមចំនួន១២៦អង្គ ដែលនិមន្តមកពីសាលាពុទ្ធិកបឋមសិក្សាចំនួន២៣ទូទាំងខេត្តពោធិ៍សាត់ ។ វិញ្ញាសាប្រឡងមានភាសាបាលី តែងសេចក្តី ប្រវត្តិវិទ្យា ភូមិវិទ្យាវិទ្យាសាស្ត្រអនុវត្តន៍ ពុទ្ធវិន័យ ពុទ្ធសាសនា ពុទ្ធប្បវត្តិ សរសេរតាមអាន និងគណិតវិទ្យា ។លោកមានប្រសាសន៍ថា ការប្រឡងគឺជាការវិនិច្ឆ័យមួយប្រកបដោយយុត្តិធម៌ចំពោះការសិក្សា និងជារង្វាស់កំរិតចំណេះដឹងរបស់សមណសិស្ស ។ ចំពោះសមណសិស្សដែលប្រឡងជាប់វិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាហើយនឹងប្រឡងជាប់ចូលរៀននៅពុទ្ធិក អនុវិទ្យាល័យ គឺមានកំរិតស្មើនឹងថ្នាក់ទី៧ នៃសាលាចំណេះទូទៅដែរ និងមានសិទ្ធិដាក់ពាក្យចូលរៀននៅពុទ្ធិកអនុវិទ្យាល័យ ។ ការរៀនសូត្រនៅអនុវិទ្យាល័យមានរយៈពេល៣ឆ្នាំ លុះចប់ឆ្នាំទី៣ ទើបដាក់ពាក្យប្រឡងវិញ្ញាបនបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ពេលជាប់មានសិទ្ធិចូលរៀននៅពុទ្ធិកវិទ្យាល័យរយៈពេល៣ឆ្នាំ ។លោកសៅ ដារឿន អភិបាលស្រុកបាកាន បានកោតសរសើរចំពោះការរៀបចំការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះឡើង សំដៅវាស់ស្ទង់ចំណេះដឹងរបស់សមណសិស្សផ្នែកខាងពុទ្ធចក្រ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាទ្រី ភាព ប្រធានក្រុមហ៊ុន MDS ដែលបានជួយឧបត្ថម្ភថវិកាដល់ការប្រឡងទាំងពីរលើកគឺធម្មវិន័យ និងបាលីរងនាពេលនេះ ។ បច្ចុប្បន្នវិស័យពុទ្ធចក្រមានការរីនចំរើនតាំងពីទីក្រុងរហូតដល់ជនបទមិនចាញ់វិស័យអាណាច ក្រទេ នេះគឺដោយសារប្រទេសជាតិមានអ្នកដឹកនាំឆ្លាតវៃគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលលោកកើតចេញពីត្រកូលកសិករ ។ លោកសូមឱ្យសមណសិស្សទាំងអស់ខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់សមត្ថភាពចៀសវាងការលួចចម្លង គ្នា ហើយសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិក៏មានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម ិចំណេះទូទៅដែរ គឺអាចដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យ និងបំរើការងារកន្លែងផ្សេងៗបានដូចគ្នា ៕