ខេត្ត​បន្ទាយ​មានជ័យ ៖ នៅតំបន់​​ព្រំដែន​ខ្មែរ-​​ថៃ​ខេត្តបន្ទាយ​មាន​ជ័យ​​ជាប់​ខេត្តស្រះកែវ​របស់​ថៃ មានសេចក្តី​រាយ​ការណ៍​​មកថា ប្រជា​ពល​រដ្ឋ​​ទាំង​ខ្មែរ និង​ថៃ​មាន​ការ​ភ្ញាក់ផ្អើល​​​​យ៉ាង​ខ្លាំង​​រហូត​មានអ្នក​​ខ្លះ​បាន​​វេច​បង្វេច​ខោ​អាវ​រត់​គេច​​ចេញពី​ ​លំនៅឋាន​​ នៅ​ក្នុង​ហេតុ​​ការណ៍​ផ្ទុះ​ធុង​ហ្គាស​​​ជិត​១០០ធុង​​កាលពី​វេលាម៉ោង​​៧​និង​​៣០​នាទី​យប់​ថ្ងៃ​​សៅរ ៍ ទី៨ មករា ​២០១១ ម្សិលមិញ​​នេះ ដោយសារ​តែ​​ម្នាក់​​ៗ​នឹក​ស្មាន​ថា ជា​គ្រាប់​ផ្លោង​​​រវាង​ទាហាន​​កម្ពុជា​-ថៃ​​កើត​ជំលោះ​​បាញ់​គ្នា​ ។បើ​តាម​អ្នក​យកព័ត៌មាន​​កោះសន្តិភាព​​​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​​​​បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​​ផ្ទុះ​ធុង​ហ្គាស​នេះ​បានកើតឡើង​​ខាងទឹក​​ដីថៃ ស្ថិត​ក្នុង​ភូមិ​​​ចាប់​សាន់ ឃុំ​គោកធ្យូង ​ស្រុកគោក​ធ្យូង ខេត្ត​​ស្រះកែវ ​ជាប់នឹង​ព្រំប្រទល់​​ស្រុក​២​របស់​ខ្មែរ​គឺ​​ស្រុក​​អូរជ្រៅ និងស្រុកស្វាយ​ចេក ។ សេច​ក្តី​រាយការណ៍​​​បន្ត​ថា នៅក្នុង​​​ហេតុការណ៍​​នោះ​​កង​កំលាំង​​ជួរមុខ​របស់​កម្ពុជា​​ពុំ​មានការ​ចាប់​អារម្មណ៍​​​​ ឬ​ភ្ញាក់​ផ្អើល​​នោះ​ទេ ដោយសារ​​សាំ​នឹង​​ស្នូរគ្រាប់​កាំភ្លើង​​រាប់​សិប​ឆ្នាំ​​ទៅហើយ ​ផ្ទុយទៅ​វិញ​ ​ខាង​កំលាំង​​ប្រដាប់អាវុធ​​របស់​ថៃ​មួយ​ចំនួន​មានការ​ភ្ញាក់​​ផ្អើល​​រហូត​រត់ចូល​លេណដ្ឋាន​​ត្រង់​​សេ​ផ ងដែរ ។ ​សេចក្តី រាយការណ៍​​បន្ថែម​ថា ​មូល​ហេតុ​នៃ​ការ​​ផ្ទុះ​​ធុងហ្គាស​​ជិត​១០០ធុង​នោះ ពុំ​ទាន់មានការបញ្ជាក់​ឱ្យ​​ដឹង​ពីអាជ្ញាធរ​​ថៃ​នោះ​​នៅ​ឡើយទេ ៕​