ខេត្ត​ព្រះសីហនុ​ ៖ កំលាំង​​ល្បាត​របស់​​កងរាជអាវុធ​​ហត្ថ​​ក្រុង​ព្រះ​សីហនុ​បាន​​ឃាត់​ខ្លួន​​យុវជន​សង្ស័យ​ម្នាក់​នៅ​កន្លែ ង​​កើត​ហេតុ ​​ខណៈ​​​យុវជន​រូបនេះ​កំពុង​ធ្វើ​សកម្ម​ភាព​លួច​គាស់​​ចម្រឹង​​បង្អួច​ផ្ទះ​​របស់​ប្រជា​ពលរដ្ឋ​ក្នុង​គោល ​បំណង​​ចូល​លួច​​យក​សំភារ​ផ្សេងៗ​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ ស្ថិត​នៅ​ក្រុម​​ទី២០ ភូមិ១ សង្កាត់​លេខ២ នៅវេលា​ម៉ោង​២​និង​៣០​នាទី​​ រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៤ មករា ។​ ប្រភព​​ពីសមត្ថកិច្ច​ ប៉េអឹម​ ម្នាក់​បាន​​​ឱ្យ​ដឹងថា យុវជន​សង្ស័យ​​ដែល​ឃាត់​ខ្លួន​ពីបទ​ចោរ​កម្ម​នេះ​ឈ្មោះ​ឡេន ត្រេន ភេទ​ប្រុស អាយុ​​១៩ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ បច្ចុប្បន្ន​​​ស្នាក់​នៅ​ផ្ទះ​ជួល ក្រុម​ទី​១៣ ភូមិ២ សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ ។​ រីឯជនរងគ្រោះ​​ដែលជា​ម្ចាស់​ផ្ទះ​ឈ្មោះ​សែន ជំរុំ ភេទ​ប្រុស អាយុ​​៣០ឆ្នាំ ជាបុគ្គ​លិក​​អង្គការ​ PSI រស់​​នៅ​​ភូមិ​​​​កើត​ហេតុ​ខាង​លើ​ចំពោះ​វត្ថុ​តាង​ សមត្ថ​កិច្ច​រឹបអូស​​បាន​​មាន​ចម្រឹង​​បង្អួច​​មួយ​ចំនួន ​និង​ដែកគាស់​ចំនួន​១ ។ប្រភព​ដដែល​​បាន​បន្ត​ថា នៅយប់​កើត​ហេតុ​នោះ​កំលាំង​​ប៉េអឹម​​ដែល​ប្រចាំ​ការ​នៅចំណុច​​ភ្នំខៀវ ស្ថិត​ក្នុង​សង្កាត់​លេខ​២ បាន​​ចេញ​ល្បាត​តាម​​ភូមិ​​រហូត​មក​ដល់​​ចំណុច​​កើត​ហេតុ​ក៏​បាន​ឃើញ​យុវជន​ម្នាក់​កំពុង​ធ្វើ​សកម្ម​ភាព​ ខាងលើ​។ ភ្លាម​នោះ​​ កំលាំង​របស់​លោក​ក៏​បាន​​​ឃាត់​ខ្លួន​​​នាំ​មក​កាន់​​ទីបញ្ជាការ​ដ្ឋាន​​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បីសួរ​ នាំ​ និង​កសាង​សំណុំ​រឿង​​បញ្ជូន​​​ទៅ​សាលា​ដំបូង​ខេត្ត​​ព្រះសីហនុ​ ។​ យោងតាម​​ចម្លើយ​សារភាព​របស់​យុវជន​សង្ស័យ​​​បាន​ឱ្យ​ដឹងថា ខ្លួន​ពិតជា​បាន​​លួច​គាស់​ចម្រឹង​​​ផ្ទះ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​មែន​ ដោយ​ខ្លួន​បាន​លួច​​ឃ្លាំ​មើល​ផ្ទះ​នេះជាច្រើន​​យប់​​មក​ហើយ​​​រហូត​ដល់​រំលង​អធ្រាត្រ​​ថ្ងៃទី​​១៤ មករា​ ខ្លួន​​​ក៏​បាន​យក​ដែក​គាស់​​​មក​ធ្វើ​សកម្មភាព ​តែ​​ក៏ត្រូវ​​កំលាំង​កងរាជអាវុធ​ហត្ថ​​ចាប់​​ឃាត់​ខ្លួន​តែម្តង ៕