ប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រថៃ ឧត្តមសេនីយ៍ប្រេមទិនស៊ូឡាណុន បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់ពលរដ្ឋថៃ៧នាក់ ដែលកំពុងត្រូវឃុំខ្លួននៅក្នុងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ប្រេម បានសំដែងការព្រួយបារម្ភរបស់លោកក្រោយពីលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ជំរាបលោកអំពីស្ថានការណ៍របស់ពលរដ្ឋថៃទាំង៧នាក់នេះ។#សូមបញ្ជាក់ថា ជនជាតិសៀមទាំង៧នាក់ ដែលកំពុងជាប់ឃុំនៅគុកព្រៃ.សនេះ រួមមាន ១-ឈ្មោះផានិច វិគីតសេត អ្នកតំណាងរាស្ត្រទីក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យគឺជាជនដែលត្រូវក្រុមគ្រួសារមកសួរសុខទុក្ខនៅព្រឹកស្អែកនេ ះ ។ ២-ឈ្មោះគុជ ពុនថន ជូណាសេរី ជាជំនួយការលោកវីគីតសេត ៣-ឈ្មោះវិរៈ ស៊ុមខ្វាមឃីត អគ្គលេខាធិការបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ ដែលគេបានស្គាល់ថា ជននេះគឺជាមេដឹកនាំក្រុមអាវលឿងម្នាក់ ៤-ឈ្មោះសែន ឌីនឡឺតប៊ូឆា លេខាធិការបក្សឋានសួគ៌ និងផែនដី ៥-ឈ្មោះតាមណែ បួងម៉ាកចន អ្នកសារព័ត៌មាន ៦-ឈ្មោះណារឿមមុល ជីតវ៉ារ៉ាត់តាណា ភេទស្រី ជាមេផ្ទះ និងទី៧-ឈ្មោះរ៉ាត់ ទ្រី ប៉ៃប៉ូតាណា ប៉ៃប៉ុន ភេទស្រី ជាអ្នកលក់គ្រឿងទេស និងជាអ្នកសារព័ត៌មាន។ #ការឃុំខ្លួននេះ យោងតាមការចោទប្រកាន់ របស់តំណាងអយ្យការមាន២បទល្មើស គឺទី១-ឆ្លងដែនចូលទីតាំងយោធាដែលតាមមាត្រា៤៧៣ក្រមព្រហ្មទណ្ឌថ្មី បានចែងថា ការឆ្លងចូលដោយទុច្ចរិត ក្នុងទីលានយោធា ក្នុងទីលានសំណង់យោធាឬឧបករណ៍ដែលប្រគល់ឱ្យអាជ្ញាធរយោធាគ្រប់គ្រង តម្រូវផ្តន្ទាទោសលើជនដែលត្រូវចោទដាក់ពន្ធនាគារពី៦ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់១លានទៅ២លានរៀល ។ បទល្មើសទី២ តំណាងអយ្យការបានចោទប្រកាន់លើច្បាប់ស្តីពីជនអន្តោប្រវេសន៍ តាមមាត្រាទី២៩ ដែលច្បាប់នេះតំរូវដាក់ពន្ធនាគារលើជនត្រូវចោទពី៣ខែទៅ៦ខែមុននឹងបណ្តេញចេញ ។#គេបានកត់សំគាល់ថា នៅចំពោះមុខសមត្ថកិច្ចសួរចម្លើយ ជនជាតិសៀមទាំង៧នាក់បង្ហាញនូវអាកប្បកិរិយាមួយ ដែលខ្មែរយើងហៅថា «ឈ្លើយណាស់» និយាយស្តីគ្មានការគួរសមក្នុងនាមជាមនុស្ស មានសុជីវធម៌សោះ ។ ដំណើរការនាំខ្លួនជនជាប់ចោទជនជាតិសៀមទាំង៧នាក់នេះ ក៏មានការតាមដានយ៉ាងដិតដល់ពីឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាផងដែរ ៕