ខេត្តពោធិ៍សាត់ ៖ ស្រ្តីពីរនាក់បានស្លាប់ក្នុងករណីពីរផ្សេងគ្នា ដែលម្នាក់ស្លាប់ដោយលង់ទឹក និងម្នាក់ទៀតជាក្រមុំសៅកែស្លាប់ដោយចង.កធ្វើអត្តឃាត។ លោកវរសេនីយ៍ត្រីប៊ិន វណ្ណា អធិការនគរបាលក្រុងពោធិ៍សាត់ឲ្យដឹងថា ករណីទាំងពីរខាងលើនេះកើតឡើងនៅក្នុងក្រុងពោធិ៍សាត់តែមួយ កាលពីថ្ងៃទី១៤ មករា ក្នុងចន្លោះពេលគ្នាតែ៦ម៉ោងប៉ុណ្ណោះ ។ ស្ត្រីរងគ្រោះទី១ឈ្មោះស្រីម៉ៅ អាយុ៥៥ឆ្នាំ មានប្ដីនិងកូនចំនួន៥នាក់ (ស្រី២នាក់) រស់នៅភូមិ ចំការចេកខាងជើងសង្កាត់ផ្ទះព្រៃ បានស្លាប់នៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ខណៈពេលទៅមើលបង្កៃដែលដាក់នៅក្នុងប្រឡាយក្បាលហុងចំងាយប្រមាណ២០ម៉ែត្រពីផ្ទះ ។ ដោយសារជនរងគ្រោះមានជំងឺ សន្លាក់ ក្បាលជង្គង់ទ្រុឌទ្រោមជាយូរមកហើយ ទើបពេលរអិលជើងធ្លាក់ចូលក្នុងទឹកងើបមិនរួចបណ្ដាលឲ្យលង់រហូតស្លាប់ ព្រោះពុំមានអ្នកណាដឹងជួយទាន់ ។ លុះបាត់ម្ដាយយូរពេក កូនប្រុសដើរទៅមើលក៏ប្រទះឃើញម្តាយដួលស្លាប់នៅក្នុងទឹកក្បែរបង្កៃនោះតែម្ដង។ចំណែកជនរងគ្រោះទី២ ឈ្មោះខ្លូត មុំ អាយុ៣២ឆ្នាំ នៅលីវ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ បានចង.កនឹងខ្សែនីឡុងលើផ្ទះរបស់ខ្លួន បណ្ដាលឲ្យស្លាប់នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ មករា នោះដែរ ដែលតាមការអះអាងពីក្រុមគ្រួសារថា ដោយសារតូចចិត្តនឹងខ្លួនឯងមានជំងឺសរសៃប្រសាទ។ ក្រោយពីបានធ្វើការពិនិត្យសពស្ត្រីទាំងពីរនាក់ដោយមានការចូលរួមពីក្រុមគ្រូពេទ្យព្រះរាជអាជ្ញាអមសាលាដ ំបូង និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជាក់ថា ស្ត្រីទាំងពីរនាក់ខាងលើនេះពិតជាស្លាប់ដោយសារលង់ទឹកនឹងចង.កសំលាប់ខ្លួនប្រាកដមែន។ សាកសពទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅតាមគេហដ្ឋានរៀងៗខ្លួន ៕