ខេត្តពោធិ៍សាត់ ៖ ផ្លូវលេខ១៥ ក្នុងក្រុងពោធិ៍សាត់ ដែលទុកចោលជាយូរមកហើយនោះ ឥឡូវនេះត្រូវបានជួសជុលស្ថាបនាឡើងវិញ ដោយថវិកាខេត្ត ស្ថាបនាដោយក្រុមហ៊ុនរបស់លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ។ មន្ត្រីសាលាក្រុងពោធិ៍សាត់ ឱ្យដឹងថា ផ្លូវលេខ១៥ នេះ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានប្រវែងជាង១.០០០ម៉ែត្រ ចាប់ពីផ្លូវលេខ១ ជាប់ខាងត្បូងសាលាមត្តេយ្យខេត្តកាត់ផ្លូវលេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ ដល់ផ្លូវខាងមុខសាលាបឋមសិក្សាស្ថានីយ ។ ផ្លូវនេះមាននៅក្នុងប្លង់ដឺម៉ាស់តាំងពីសម័យដើមមកម៉្លេះ ប៉ុន្តែត្រឹមផ្លូវលេខ៣ទៅមិនអាចធ្វើចរាចរណ៍ដោយរថយន្តបានដោយសារទុកចោលយូរ បណ្តាលឱ្យខូចក្រហេងក្រហូងកើតជាភក់ជ្រាំ និងកាន់តែរួមតូចចង្អៀតដោយសារប្រជាជនដែលមានលំនៅឋានខាងមុខពង្រីកបំពាន ។ផ្លូវនេះ រៀបចំស្ថាបនាឡើងវិញប៉ុន្មានលើកមកហើយ ប៉ុន្តែទៅមុខមិនរួចដោយសារអ្នកកាន់គំរោងកាលនោះ ស៊ុមគ្រលុំគ្នារាយការណ៍យកតែល្អ ឃុបឃិតពុករលួយ គួបផ្សំនឹងមានការជំទាស់ពីប្រជាពលរដ្ឋមួយចំនួនផងនោះក៏ផ្តេកផ្តួលទុកចោលរហូតតែ ម្តង ។ លុះមកដល់ពាក់កណ្តាលឆ្នាំ២០១០ លោកខូយ សុខា ជាអភិបាលខេត្តបានពិនិត្យសើរើជំនះកសាងឡើងវិញ ក្នុងន័យកែលំអសោភ័ណភាពខេត្តដោយបានចាក់ដី ដាក់ប្រព័ន្ធលូ ពង្រីកសងខាងផ្លូវឱ្យធំទូលាយ ហើយនឹងឈានទៅចាក់កៅស៊ូក្នុងឆ្នាំ២០១១ នេះផងដែរ ។មន្ត្រីសាលាក្រុងបន្តទៀតថា ក្នុងការស្ថាបនាមានការប៉ះពាល់លំនៅស្ថានប្រជាជនចំនួន៨គ្រួសារ ប៉ុន្តែ៧គ្រួសារដែលរស់នៅតាមសំណង់អនាធិបតេយ្យយើងបានដោះស្រាយគោលនយោបាយរួចរាល់អស ់ហើយ លើកលែងតែមួយគ្រួសារដែលមានរបងលំនៅឋានជាប់ក្បែរលូត្រង់ចំណុចផ្លូវលេខ៩ ខាងត្បូងច្រមុះជ្រូកមិនឯកភាព ទាមទារគោលនយោបាយរហូតដល់ទៅ១៨.០០០ដុល្លារឯណោះ ហើយរារាំងមិនឱ្យរថយន្តចាក់ដីធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការស្ថាបនាទៀតផង ។មន្ត្រីសាលាក្រុងពោធិ៍សាត់ដដែលបានឱ្យដឹងថា ទោះបីគ្រួសារមួយនេះរឹងទទឹងក៏ដោយ ពេលស្ថាបនាទៅដល់កន្លែងនោះគណៈកម្មការនឹងរៀបចំកំលាំងចំរុះទៅទំលាយឱ្យខាងតែបាន ព្រោះ ការស្ថាបនាផ្លូវនេះដើម្បីផលប្រយោជន៍រួម និងកែលំអសោភ័ណភាពក្រុងឱ្យល្អប្រសើរសំរាបប្រជាពលរដ្ឋទូទៅធ្វើដំណើរបានស្រួលមិនមែនដើ ម្បីបុគ្គលណាមួយទេ ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ឬរំលោភយកដីគ្រួសារមួយនោះដែរ ៕
