ខេត្តកំពង់ឆ្នាំង ៖ កុមារាតូចម្នាក់ត្រូវរថយន្តកាមរីឆ្លាមបុកខ្ទាតចេញពីដៃម្តាយបណ្តាលឱ្យស្លាប់យ៉ាងអាណោច អាធ័ម ខណៈដែលស្ត្រីរូបនោះកំពុងកាន់ដៃកូនប្រុសឈរនៅលើចិញ្ចើមថ្នល់បំរុងឆ្លង ។ ហេតុការណ៍នោះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ មករា ។ កុមាររងគ្រោះនោះឈ្មោះរិន សុជា អាយុ៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើបានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កហេតុម៉ាកកាមរីឆ្លាមពណ៌ស្ក ពាក់ស្លាកលេខបាត់ដំបង 2A-6534 ក្រោយពេលបុកកុមាររងគ្រោះ ព្យាយាមបើករត់បានចំងាយប្រមាណជា៣០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកបរិបូរណ៌ បានចតរថយន្តចោល ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។លោកអៀរ ប៊ុនធឿន នាយប៉ូលិសចរាចរជើងគោកខេត្តបានប្រាប់ឱ្យដឹងថា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ គឺម្តាយបានដឹកដៃកូនទៅចូលរួមបុណ្យសពអ្នកជិតខាងដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែរ ប៉ុន្តែពុំទាន់បានឆ្លងថ្នល់ផង ខណៈម្តាយឈរកាន់ដៃកូនអែបចិញ្ចើមផ្លូវនោះស្រាប់តែរថយន្តឆ្លាមបានបើកយ៉ាងលឿនមក បុកក្មេងប្រុសនោះប៉ើងខ្ទាត៥ម៉ែត្រ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។ ពេលនោះកំលាំងនគរបាលមូលដ្ឋានបានទាក់ទងតាមវិទ្យុ និងចាប់រថយន្តបង្កគ្រោះថ្នាក់បាននៅឯស្រុកបរិបូរណ៌ ពេលម្ចាស់ចតចោល ហើយរត់គេចខ្លួនបាត់ ។ប្រភពដដែលបញ្ជាក់ថា វាដូចជាស៊ុយពេក ហើយម្តាយដឹកដៃកូនមកបុណ្យសពដែលរថយន្តកិនស្លាប់កាលពីថ្ងៃទី៧ មករា ហើយធ្វើបុណ្យឆ្លងនៅថ្ងៃទី៩ មករា ក៏ស្រាប់តែមានគ្រោះថ្នាក់រថយន្តបុកក្មេងម្នាក់ស្លាប់ក្នុងថ្ងៃឆ្លងបុណ្យនោះដែរ ។ ក្នុងដើមខែមករា ដើមឆ្នាំ២០១១ នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងញឹកញាប់ និងស្លាប់មនុស្សគួរឱ្យកត់សំគាល់ផងដែរ ៕