រាជធានីភ្នំពេញ ៖ បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេស លោកកុយ គួង បានឱ្យដឹងថា នៅថ្ងៃទី៣ មករា ២០១១ វេលាម៉ោង១០ព្រឹក ក្រុមគ្រួសាររបស់លោកផានិត វីគិតសេត អ្នកតំណាងរាស្ត្រថៃដែលត្រូវបានចាប់ខ្លួនពីបទចូលលុកលុយក្នុងទឹកដីកម្ពុជាខុសច្បាប់ នោះនឹងមកសួរសុខទុក្ខលោកតំណាងរាស្ត្ររូបនេះដល់គុកព្រៃ.ស ។ តាមប្រភពមួយចំនួនបាននិយាយថា ការមកសួរសុខទុក្ខរបស់ក្រុមគ្រួសារអ្នកតំណាងរាស្ត្រថៃរូបនេះគឺដើម្បីចង់ដឹងថា តើរស់នៅក្នុងគុកស្រួលដូចនៅក្នុងភូមិគ្រឹះ និងស្រួលដូចកាលមានសេរីភាពដែរឬក៏អត់? ថ្ងៃក្រោយសូមកុំរាង ឱ្យតែហ៊ានចូលលុកលុយទឹកដីគេខុសច្បាប់គឺចាប់ដាក់គុកទៀត ។ #ចំណែក៦នាក់ទៀតដែលកំពុងជាប់ឃុំដែរនោះ មិនមានសាច់ញាតិ ឬក្រុមគ្រួសារណាសួរសុខទុក្ខទេ ។ សូមបញ្ជាក់ថា ជនជាតិសៀមទាំង៧នាក់ ដែលកំពុងជាប់ឃុំនៅគុកព្រៃ.សនេះ រួមមាន ១-ឈ្មោះផានិត វិគីតសេត អ្នកតំណាងរាស្ត្រទីក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យគឺជាជនដែលត្រូវក្រុមគ្រួសារមកសួរសុខទុក្ខនៅព្រឹកស្អែកនេ ះ ។ ២-ឈ្មោះគុជ ពុនថន ជូណាសេរី ជាជំនួយការលោកវីគីតសេត ៣-ឈ្មោះវិរៈ ស៊ុមខ្វាមឃីត អគ្គលេខាធិការបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ ដែលគេបានស្គាល់ថា ជននេះគឺជាមេដឹកនាំក្រុមអាវលឿងម្នាក់ ៤-ឈ្មោះសែន ឌីនឡឺតប៊ូឆា លេខាធិការបក្សឋានសួគ៌ និងផែនដី ៥-ឈ្មោះតាមណែ បួងម៉ាកចន អ្នកសារព័ត៌មាន ៦-ឈ្មោះណារឿមមុល ជីតវ៉ារ៉ាត់តាណា ភេទស្រី ជាមេផ្ទះ និងទី៧-ឈ្មោះរ៉ាត់ ទ្រី ប៉ៃប៉ូតាណា ប៉ៃប៉ុន ភេទស្រី ជាអ្នកលក់គ្រឿងទេស និងជាអ្នកសារព័ត៌មាន។ #ការឃុំខ្លួននេះ យោងតាមការចោទប្រកាន់ របស់តំណាងអយ្យការមាន២បទល្មើស គឺទី១-ឆ្លងដែនចូលទីតាំងយោធាដែលតាមមាត្រា៤៧៣ក្រមព្រហ្មទណ្ឌថ្មី បានចែងថា ការឆ្លងចូលដោយទុច្ចរិត ក្នុងទីលានយោធា ក្នុងទីលានសំណង់យោធាឬឧបករណ៍ដែលប្រគល់ឱ្យអាជ្ញាធរយោធាគ្រប់គ្រង តម្រូវផ្តន្ទាទោសលើជនដែលត្រូវចោទដាក់ពន្ធនាគារពី៦ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់១លានទៅ២លានរៀល ។ បទល្មើសទី២ តំណាងអយ្យការបានចោទប្រកាន់លើច្បាប់ស្តីពីជនអន្តោប្រវេសន៍ តាមមាត្រាទី២៩ ដែលច្បាប់នេះតំរូវដាក់ពន្ធនាគារលើជនត្រូវចោទពី៣ខែទៅ៦ខែមុននឹងបណ្តេញចេញ ។#គេបានកត់សំគាល់ថា នៅចំពោះមុខសមត្ថកិច្ចសួរចម្លើយ ជនជាតិសៀមទាំង៧នាក់បង្ហាញនូវអាកប្បកិរិយាមួយ ដែលខ្មែរយើងហៅថា «ឈ្លើយណាស់» និយាយស្តីគ្មានការគួរសមក្នុងនាមជាមនុស្ស មានសុជីវធម៌សោះ ។ ដំណើរការនាំខ្លួនជនជាប់ចោទជនជាតិសៀមទាំង៧នាក់នេះ ក៏មានការតាមដានយ៉ាងដិតដល់ពីឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាផងដែរ ៕