កាសែត The Sun របស់ហុងកុង កាលពីថ្ងៃទី ២៩ ខែកក្កដា ម្សិលមិញ បានចុះផ្សាយព័ត៌មានមួយថា ស្មាតហ្វូន Samsung Galaxy S4 បានផ្ទុះ និងឆេះឡើង ពេលដែលបុរសម្នាក់បានប្រើប្រាស់វាលេងហ្គេម ក្នុងពេលកំពុងដោតសាកថ្ម។

រឿងដែលធ្ងន់ធ្ងរជាងនេះ ពេលដែលស្មាតហ្វូនឆេះឡើង ដោយសារមានអណ្តាតភ្លើង បុរសម្ចាស់ផ្ទះភ្ញាក់ ភ័យ ហើយបានគប់វាចេញឆ្ងាយពីខ្លួន។ ពេលនោះ ស្មាតហ្វូនដែលកំពុងឆេះនោះ បានធ្លាក់នៅលើកៅអី Sofa នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយអណ្តាតភ្លើង ក៏ឆាបឆេះនៅក្នុងផ្ទះ យ៉ាងឆាប់រហ័ស។

/

បុរសម្ចាស់ផ្ទះ ជាប្រជាជនម្នាក់រស់នៅហុងកុង និងជាម្ចាស់ Galaxy S4 ដែលបានផ្ទុះឆេះ

ដោយសារតែបានឃើញអណ្តាតភ្លើងឆាបឆេះពេញក្នុងផ្ទះហើយនោះ បុរសម្ចាស់ផ្ទះ និងប្រពន្ធ បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះ និងហៅប៉ូលិស មកជួយអន្តរាគមន៍។ ត្រូវចំណាយអស់រយះពេលកន្លះម៉ោង ទើបប៉ូលិសពន្លត់អគ្គីភ័យអាចពន្លត់អណ្តាតភ្លើងបានទាំងស្រុង។ ជាក់ស្តែង ពេលនោះ ផ្ទះរបស់បុរសម្នាក់នោះ បានឆេះស្ទើរតែអស់ទៅហើយ។ សំណាងល្អណាស់ ដែលពុំមានអ្នកណាម្នាក់រងរបួសដោយសារអណ្តាតភ្លើងនេះ។

/

ផ្ទះរបស់ជនរងគ្រោះ ត្រូវបានឆេះស្ទើរអស់ ដោយសារការផ្ទុះឆេះរបស់ Galaxy S4

ឆ្លើយតបទៅអ្នកសារព័ត៌មាន ក្រោយពីមានហេតុការណ៍កើតឡើង បុរសម្ចាស់ផ្ទះដែលឆេះនោះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S4 ដែលគាត់ប្រើឆេះនោះ គឺគាត់ទិញផលិតផល Original (ផលិតផលរបស់ក្រុមហ៊ុន) ទាំងឆ្នាំសាក ទាំងថ្ម សុទ្ធតែជារបស់ហ្ស៊ីន ដែលបានភ្ជាប់មកជាមួយស្មាតហ្វូន ពេលដែលគាត់បានទិញ។

Samsung ហុងកុងបាននិយាយឲ្យដឹងថា ក្រោយពីបានដឹងព័ត៌មាននេះ ពួកគេបានប្រញាប់ប្រញាល់ធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុជាក់លាក់មួយ ដែលបណ្តាលឲ្យមានការផ្ទុះឆេះនេះ។

Samsung Galaxy S4 មិនមែនជាស្មាតហ្វូនដំបូងដែលបានផ្ទុះឆេះ ក្នុងពេលកំពុងសាកថ្មនោះទេ។ ជាក់ស្តែង នេះប្រហែលជាការផ្ទុះទូរស័ព្ទ ដែលបង្កភាពអន្តរាយដ៏ធ្ងន់ធ្ងរមួយ តាំងពីពេលមុន រហូតមកដល់ពេលបច្ចុប្បន្ននេះ។

កាលពីពាក់កណ្តាលខែ កក្កដាកន្លងទៅថ្មីៗនេះ នារីបំរើភ្ញៀវលើយន្តហោះ ជនជាតិចិន វ័យក្មេងម្នាក់បានបាត់បង់ជីវិត ដោយសារតែធ្វើការសន្ទនាទូរស័ព្ទ (iPhone) ក្នុងពេលកំពុងសាកថ្ម។ មូលហេតុដែលបង្កឲ្យឆក់ស្លាប់នេះ គឺបណ្តាលមកពីការប្រើប្រាស់ឆ្នាំងសាក មិនមានការធានា (របស់ក្លែងក្លាយ ដែលមិនមែនជាឆ្នាំងសាកហ្ស៊ីន របស់ Apple)។

ប្រការគួរចៀសវាង៖ សូមកុំប្រើប្រាស់ស្មាតហ្វូនរបស់លោកអ្នក ក្នុងពេលកំពុងដោតសាកថ្ម !!!

ដោយ៖ សិលាប្រភព៖ zng