លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី៣០ដល់ទី៣១ ខែសីហា ឆ្នាំ២០១២ ខាងមុខនេះ។
ការចូលរួមកិច្ចប្រជុំនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែសីហានេះ ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌី ណេចាដ និងមន្រ្តីជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ គឺលោក គឹម យ៉ុងណាម ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់។

រូបថត ៖ VOA
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបន្តថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ នឹងបន្តដំណើរទស្សនកិច្ចជាបន្តទៀត ទៅសាធារណរដ្ឋប្រជាមានិត្យចិន ដើម្បីចូលរួមពិពណ៌ចិន អាស៊ីអ៊ឺរ៉ុបលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២។ នៅប្រទេសចិន លោកនាយករដ្ឋមន្រ្តីនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ចិន លោក Wen Jiabao។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធនឹងប្រទេសចិនហើយកម្ពុជា គឺជាបងប្អូនយ៉ាងស្អិតរមួតជាមួយចិន៕
ដោយ ៖ សីហាប្រភព ៖ VOD