ខេត្តពោធិ៍សាត់ ៖ រថយន្តពីរគ្រឿងបានបុកគ្នា បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះ២នាក់ជាប្តីប្រពន្ធនឹងគ្នា ។ មន្ត្រីនគរបាលចរាចរផ្លូវគោកខេត្តឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើដងផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី៣ មករា ២០១១ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N 2402 ដឹកផ្លែឈើពេញធ្វើដំណើរពីកើតទៅលិច និងមួយគ្រឿងទៀតម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I 1561 ជិះពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរពីលិចទៅកើតបញ្ច្រាសទិសគ្នា ។ ពេលទៅដល់ចំណុចកើតហេតុរថយន្តហ៊ីយ៉ាន់ដាយផ្ទុះកង់ទាំងមុខទាំងក្រោយខាងស្តាំរេចង្កូតទៅបុ ករថយន្តហ្វតដែលកំពុងធ្វើដំណើរមកពីមុខពេញទំហឹងបណ្តាលឱ្យរួញចូលគ្នាមើលមិនយល់ ។ប្រភពដដែលបន្តថា រថយន្តហ៊ីយ៉ាន់ដាយដាច់កាប៊ីនធ្លាក់ម៉ាស៊ីន និងរបេះទ្រុងធ្លាក់ដល់ដីខូចខាតទាំងស្រុង ឯរថយន្តហ្វតខ្ទេចមួយកំណាត់មុខ ។ គ្រោះថ្នាក់នេះធ្វើឱ្យមនុស្ស៣នាក់រងរបួសធ្ងន់១-ឈ្មោះញ៉ែម ណារ័ត្ន ភេទប្រុស អាយុ៥៣ឆ្នាំ ជាប្រធានការិយាល័យគណនេយ្យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ២-ឈ្មោះសូនី ភេទស្រី អាយុ៥៧ឆ្នាំ ទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នាជិះរថយន្តហ្វត រស់នៅភូមិពាលញែ១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ អ្នកទាំងពីររបួសបាក់ដៃ បាក់ជើង និងគ្រាំក្នុង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែដោយរបួសមានសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ។ ចំណែកអ្នកទី៣-ឈ្មោះអែម ស៊ីដែន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិរោងដំរីឃុំរំដួល ក្រុងស្វាយរៀង ជាព្រូរថយន្តហ៊ីយ៉ាន់ ។ ដោយឡែកអ្នកបើកបររត់គេចខ្លួនបាត់ ។លោករស់ ចំរើន ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្តឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តហ៊ីយ៉ាន់ដាយចាស់ទ្រុឌទ្រោមដឹកធ្ងន់លើសចំណុះបណ្តាលឱ្យផ្ ទុះកង់រេចង្កូតទៅបុករថយន្តហ្វតដែលកំពុងធ្វើដំណើរស្របច្បាប់ ។ រថយន្តទាំងពីរគ្រឿងត្រូវបាននាំទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយពេលក្រោយ ។ នៅដើមឆ្នាំ២០១១នេះ គ្រោះថ្នាក់ចរាចរណ៍នៅពោធិ៍សាត់បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស១៥នាក់ ៕