ក្រុមហ៊ុនផលិតនាវា Juliet បានប្រកាសថា ខ្លួនច្នៃបានជោគជ័យនូវនាវាបំបាំងកាយដែលអាចឆ្លើយតបទៅនឹងរាល់តម្រូវការរបស់កងទ័ពជើងទឹកអាមេរិក ក្នុងការបំពេញបេសកកម្ម ឬប្រយុទ្ធ។

/

ទំព័រ CNN បានរាយការណ៍ថា អគ្គនយករបស់ក្រុមហ៊ុន Juliet លោក Gregory Sancoff អះអាងថា កំពូលនាវាបំបាំងកាយដែលមានរហ័សនាមថា Ghost (ខ្មោច) នេះ អាចការពារសុវត្ថិភាពបានទាំងស្រុងនូវនាវាចម្បាំង និងនាវាដឹកយន្ដហោះរបស់អាមេរិក ពីការគំរាមរបស់បណ្ដា នាវាពិឃាត ប្រភេទតូចល្បឿនលឿនរបស់សត្រូវ។ បច្ចេកវិទ្យាបំបាំងកាយដ៏អស្ចារ្យរបស់នាវានេះ អាចជួយឱ្យវា មិនត្រូវបានរ៉ាដារបស់សត្រូវចាប់បាននោះទេ។

/

រយៈពេលថ្មីៗកន្លងទៅនេះ នាវាបំបាំងកាយ Ghost បានធ្វើការសាកល្បងជាថ្មី និងបង្ហាញពីល្បឿនដ៏លឿនរបស់វា។ Ghost អាចបរលើទឹកបាន ៩៥គីឡូម៉ែត្រ/ម៉ោង។ ប្រព័ន្ធស្លាបទាំងពីររបស់វា ជួយឱ្យផ្នែកខាងក្រោមរបស់នាវានេះ ងើបផុតពីរលកទឹក ក៏ដូចជាផ្ទៃទឹក។

/

ភាគីក្រុមហ៊ុន ឱ្យដឹងថា Ghost មានប្រវែង ១៨ម៉ែត្រ ជាមួយនឹងក្រុមនាវិក ៣រូប។ នាវានេះ អាចបញ្ជាពីចម្ងាយ។ នៅក្នុងនាវានេះ គេអាចផ្ទុកកងកម្លាំងពិសេសចំនួន ១៨រូប។ Ghost អាចលុកចូលបានលឿន ទៅក្នុងដែនទឹករបស់សត្រូវ ដោយសារតែបច្ចេកវិទ្យាបំបាំងកាយពីរ៉ាដា។ Sancoff ថ្លែងថា មន្ទីរបញ្ចកោណ មិនទាន់យកចិត្តទុកដាក់នឹងនាវារបស់ពួកគេ គឺដោយសារតែក្រុមហ៊ុនរបស់ពួកគេ ជាក្រុមហ៊ុនតូច។

/

ប្រភព​ព័ត៌មាន ឱ្យ​ដឹង​ថា តាម​ពិត នាវា​នេះ​បាន​បង្ហាញ​ខ្លួន កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ក៏​ប៉ុន្ដែ វា​ត្រូវបាន​ភាគី​ក្រុម​ហ៊ុន ធ្វើ​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់។ យ៉ាង​នេះ​ក្ដី វា​មិន​ទាន់​ទទួលបាន​ចំណាប់​អារម្មណ៍ពីអាជ្ញា​ធរ​ ក៏​ដូច​ជា​មន្ទីរ​បញ្ច​កោណ​អាមេរិក​នៅ​ឡើយ​។

/

Juliet គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដ៏តិចតួចដែលហ៊ានវិនិយោគសម្រាប់ការស្រាវជ្រាវ និងសម្រេចជាផលិតផល ដោយមិនទាន់មានការយល់ព្រមទិញ ពីមន្ទីរបញ្ចកោណ។ ប៉ុន្ដែ នាវានេះត្រូវបានបង្កើតឡើង គឺដោយយោងទៅតាមតម្រូវការជាក់ស្ដែងរបស់កងទ័ពជើងទឹក ពិសេសគឺក្រោយពីមានការវាយប្រហារនាវាចម្បាំង USS Cole នៅ ប្រទេស យេមេន កាលពីឆ្នាំ ២០០០ បណ្ដាលឱ្យនាវិក ១៧នាក់ស្លាប់៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN/Youtube