(វ៉ាស៊ីនតោន)៖ ទើបតែដាក់ឲ្យប្រើប្រាស់ ជាលើកដំបូងមិនទាន់បានប៉ុន្មានសប្តាហ៍ផង នាវាចម្បាំងដែលបំពាក់ដោយ បច្ចេកវិទ្យាទំនើបឈានមុខគេបំផុត លើលោកមានឈ្មោះថា «USS Zumwalt» របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានគាំងមិនដំណើរការ នៅពេលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ នេះបើតាមការចេញផ្សាយ ដោយស្ថានីយទូរទស្សន៍ CNN នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CNN មេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោកឧត្តមសេនីយ៍ Ryan Perry បានឲ្យដឹងថា ពេលវេលានៃការជួសជុល កំពុងតែត្រូវកំណត់ដោយក្រុមវិស្វករ ខណៈនាវាពិឃាតដ៏ទំនើប និងមានតម្លៃថ្លៃមហិមាមួយនេះ កំពុងស្ថិតនៅក្នុងអតីតមូលដ្ឋាន ទ័ពជើងទឹក Rodman ក្នុងប្រទេសប៉ាណាម៉ា ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលបានបង្អាក់ដំណើរការរបស់វា។

គួរបញ្ជាក់ថា បញ្ហាខាងលើបានកើតឡើង នៅអំឡុងពេលដែលនាវាចម្បាំង Zumwalt កំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋាន ឈរជើងថ្មីរបស់ខ្លួន នៅឯទីក្រុង San Diego ដើម្បីចូលរួម ក្នុងកងអង្គភាពទីបី នៃទ័ពជើងទឹកអាមេរិក ដែលទទួលខុសត្រូវនៅតំបន់ជុំវិញ មហាសមុទ្រប៉ាស៊ីហ្វិក ហើយវាត្រូវគេចាត់ទុកថា ជានាវាពិឃាតដ៏ទំនើបជាងគេបំផុតលើលោក ដែលត្រូវបានផលិតឡើង ដោយយកចិត្តទុកដាក់បំផុត៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង