រាជធានីភ្នំពេញ ៖ ជនជាតិថៃទាំង៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅគុកព្រៃ.សក្នុងប្រទេសកម្ពុជានោះ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញនាំ យកមកធ្វើការសាកសួរបន្ថែមទៀតឆាប់ៗនេះ ពាក់ព័ន្ធនឹងការឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី២៩ ធ្នូ កន្លងមក ព្រោះតុលាការមានភស្តុតាងជាច្រើនសំរាប់ដាក់បន្ទុក។ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកជីវ កេង បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ជនជាតិថៃទាំង៧នាក់នេះ សាលាដំបូងមិនមែនហៅមកសួរចម្លើយទេ ប៉ុន្តែហៅមកសាកសួរបន្ថែមទាក់ទងនឹងការឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ។ មកទល់នឹងពេលនេះ យើងប្រមូលបានភស្តុតាងមួយចំនួនរួចហើយ ពាក់ព័ន្ធនឹងជនជាតិសៀមទាំង៧នាក់នោះ ។ពីប្រទេសថៃឯណោះវិញ យោងតាមគេហទំព័របាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ មករា ២០១១ នេះបានបង្ហាញនូវវីដេអូឃ្លីបមួយបញ្ជាក់ថា លោកផានិត វីគីតសេត តំណាងរាស្ត្រថៃ ដែលជាប់ចោទចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ កំពុងនិយាយទូរស័ព្ទទៅកាន់លេខាធិការរបស់គាត់ ដើម្បីឱ្យប្រាប់លេខាធិការលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា គឺលោកស៊ុមគាត ក្រុងវឌ្ឍនាស៊ុក ដើម្បីប្រាប់លោកអាប់ភីស៊ីត ថា រូបលោកកំពុងស្ថិតក្នុងទឹកដីកម្ពុជាហើយ សុំជួយរកមធ្យោបាយធ្វើអន្តរាគមន៍ផង ហើយលោកតំណាងរាស្ត្រជាប់ចោទក៏បានប្រាប់លេខាធិការរបស់គាត់ទៀតថា កុំប្រាប់អ្នកណាថា គាត់កំពុងមានវត្តមានស្ថិតនៅក្នុងទឹកដីកម្ពុជានោះឱ្យសោះ ។ នេះជាភស្តុតាងបញ្ជាក់ថា លោកផានិត វីគីតសេត តំណាងរាស្ត្រថៃក៏ទទួលស្គាល់រួចទៅហើយថា រូបលោកកំពុងស្ថិតក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ។លើសពីនេះទៀត លោកតំណាងរាស្ត្រថៃជាប់ចោទពីបទឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់ ក៏បាននិយាយទូរស័ព្ទប្រាប់លេខាធិការរបស់គាត់ឱ្យប្រាប់លេខាធិការលោកអាប់ភីស៊ិត ទៀតថា សូមឱ្យលោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វ៉េចាជីវ៉ា ជួយគាត់ផង ប្រសិនបើមានបញ្ហា ពីព្រោះលោកតំណាងរាស្ត្រជាប់ចោទរូបនេះបានដឹងមុនថា អាចនឹងមានបញ្ហាពេលដែលគាត់ចូលមកក្នុងទឹកដីកម្ពុជាបែបនេះ ៕