ខេត្តកំពង់ធំ ៖ ក្រុមក្មេងទំនើងចំនួន៣នាក់ត្រូវប៉ូលិសស្រុកបារាយណ៍ ចាប់ខ្លួនពីបទបង្ករបួសស្នាម បន្ទាប់ពីបានធ្វើសកម្មភាពវាយតប់ និងកាប់ចាក់គ្នា ខណៈពេលរាំធុងបាស បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ធ្នូ នៅភូមិអូររាំង ឃុំពង្រ ស្រុកបារាយណ៍ ។ តាមប្រភពពីប៉ូលិសព្រហ្មទណ្ឌស្រុកបារាយណ៍បានឱ្យដឹងថា បក្សពួកក្រុមក្មេងទំនើងដែលត្រូវបានឃាត់ខ្លួនខាងលើ ១-ឈ្មោះស៊ន ធូ ហៅនី អាយុ១៦ឆ្នាំ នៅភូមិថ្នល់កែង ឃុំពង្រ ស្រុកបារាយណ៍ ២-ឈ្មោះសាង បុន ហៅកាស អាយុ១៧ឆ្នាំ ៣-ឈ្មោះតឹក អែម អាយុ១៧ឆ្នាំ ទីលំនៅភូមិ-ឃុំជាមួយគ្នា ។ ក្មេងទំនើងទាំង៣នាក់នេះត្រូវបានឃាត់ខ្លួនបន្ទាប់ពីគេបានបង្កការវាយតប់ និងបានយកកាំបិតចាក់ទៅលើក្រុមម្ខាងទៀតបណ្តាលឱ្យរងរបួសក្នុងពេលមានពិធីរាំធុងបាស កាលពីយប់ថ្ងៃទី២៩ ធ្នូ នៅចំណុចភូមិអូររាំង ។ ជនរងគ្រោះដែលរងរបួសដោយសារគេចាក់ទី១-ឈ្មោះនួន វិបុល អាយុ២០ឆ្នាំ នៅភូមិអូររាំង ទី២-ឈ្មោះយ៉ាន់ មករា ហៅប៉ឺត អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះកៅ គង់ អាយុ២៧ឆ្នាំ អ្នកទាំងបី ខ្លះរបួសបែកក្បាល ដៃ ជើង និងខ្លួន ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ។ទាក់ទិននឹងហេតុការណ៍នេះ តាមសាក្សីបានបញ្ជាក់ថា ក្មេងទំនើងទាំងពីក្រុមនេះបានឈ្លោះប្រកែកគ្នាក្នុងវង់រាំបន្ទាប់ពីរាំបទញាក់ប្រកាច់ ជាន់ជើងគ្នា ។ លុះចប់ការរាំក្រុមក្មេងទំនើងទាំងនេះបានស្ទាក់វាយតប់គ្នា និងខ្លះប្រដាប់ដោយកាំបិត ពូថៅ ដំបងដេញកាប់ចាក់គ្នាតាមទំនើងចិត្តផ្អើលប្រជាពលរដ្ឋពេញភូមិ ប៉ុន្តែត្រូវសមត្ថកិច្ចធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនបានភ្លាមៗដែរ ។ បន្ទាប់ពីឃាត់ខ្លួនបានហើយនៅថ្ងៃទី១ មករា ឆ្នាំ២០១១ ជនបង្ករបួសស្នាមទាំងសងខាងត្រូវសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕