Niu Mudong ផ្ដើមធ្វើជំនួញ ចាប់ពីអាយុ ១៧ឆ្នាំ និងធ្លាប់រកបានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃសាលា នៅអាមេរិក។

/

នាង Niu Mudong (កណ្ដាល) ថត​រូប​ជាមួយ​បុគ្គលិក​ឆ្នើម​របស់​ខ្លួន

បច្ចុប្បន្ន Niu Mudong គ្រប់គ្រងក្រុមហ៊ុនអ៊ីនធឺរណែតមួយ និងជាអ្នកជំនួញជំនាន់ថ្មីម្នាក់ របស់ប្រទេសចិន។ នាងយល់ថា បុគ្គលិកឆ្នើម គឺជាមនុស្សដែលធ្វើការបានសម្រេចក្នុងកម្រិតខ្ពស់បំផុត។ មួយរយៈពេលកន្លងទៅនេះ Niu Mudong ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៅលើទំព័រសារព័ត៌មាន ក៏ដូចជាបណ្ដាញសង្គមនៅប្រទេសចិន បន្ទាប់ពីនាងបានប្រើប្រាស់រថយន្ដ BMW ៤គ្រឿង ដើម្បីធ្វើជារង្វាន់ចុងឆ្នាំសម្រាប់បុគ្គលិក។

/

នាង Niu Mudong បានផ្ដើមធ្វើជំនួញ កាលពីឆ្នាំ ២០១៤ ដោយបើកហាងអនឡាញមួយ នៅលើ Taobao ដែលជាគេហទំព័រពាណិជ្ជកម្មរបស់ Alibaba ដើម្បីលក់ផលិតផលបញ្ចុះទម្ងន់។ ពេលនោះ Niu Mudong ជួបការលំបាកខ្លាំង ដែលកើតឡើងដោយសារការសិក្សា និងការរកស៊ី ដែលនាងត្រូវទទួលខុសត្រូវ។

ដូចទៅនឹងបណ្ដាគ្រួសារនៅប្រទេសចិន ពុកម្ដាយរបស់ Niu Mudong មិនចង់ឱ្យកូនស្រីរបស់ខ្លួន ចេញទៅសិក្សាឆ្ងាយពីប្រទេសកំណើតរបស់ខ្លួន។ ប៉ុន្ដែ អ្វីៗបានប្ដូរផ្លាស់ នៅពេលនាងរក​បាន​ប្រាក់គ្រប់គ្រាន់សម្រាប់ការចេញទៅសិក្សានៅអាមេរិក។

/

ក្រោយពីទទួលបានការអនុញ្ញាតពីសកលវិទ្យាល័យ Boston ហើយការសិក្សារបស់នាង មានស្ថេរភាពនៅអាមេរិក ឆ្នាំ ២០១៤ Niu Mudong ក៏បង្កើតក្រុមហ៊ុនមួយផ្ទាល់ខ្លួន ដែលមានលក់ផលិតផលថែរក្សាស្បែក សម្រកទម្ងន់ និងថែទាំសុខភាព។ ក្នុងឆ្នាំនោះ Niu Mudong បានឱ្យដឹងថា នាងរកបានប្រាក់ជិត ២០០លានយ័ន (ប្រហែល ៣២លានដុល្លារអាមេរិក)។

/

Niu Mudong បច្ចុប្បន្ន មាន​បុគ្គលិក ៧.០០០​នាក់

ទំព័រ CCTV បានចេញផ្សាយថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់ Niu Mudong មានបុគ្គលិកជិត ៧.០០០នាក់ ដែលភាគច្រើនគឺជាយុវវ័យ កំពុងសិក្សា ឬបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញា និងមានមហិច្ឆតាខ្ពស់។ បណ្ដាញជំនួញរបស់នាង មាននៅក្នុងបណ្ដាប្រទេស ដូចជា ប្រទេសចិន អង់គ្លេស បារាំង អ៊ីតាលី និងញូវហ្សេឡែន។

/

ម្ចាស់​ក្រុម​ហ៊ុន​វ័យ​ក្មេង នាង​ Niu Mudong

អ្នកជំនួញវ័យក្មេងរូបនេះ បានថ្លែងថា ៖ “បុគ្គលិកឆ្នើមបំផុត ៤រូប របស់ខ្ញុំ គឺជាមនុស្សដែលទើបបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងមានអាយុច្រើនជាង ២០ឆ្នាំ។ ពួកគេម្នាក់ៗ សុទ្ធតែធ្លាប់រកបានប្រាក់ចំណេញឱ្យក្រុមហ៊ុនជាង ១០លានយ័ន (១,៦លានដុល្លារអាមេរិក) កាលពីឆ្នាំទៅ។ ពួកគេគឺជាមនុស្សមិនធម្មតា”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ shanghaiist