រាជធានីភ្នំពេញ ៖ ភ្លើងប្រច័ណ្ឌ​ដោយសារ​​តែ​ស្នេហ៍​ត្រីកោណ ​​​បានជំរុញ​​ឱ្យ​​បុរស​ម្នាក់​​​បញ្ចេញ​​កំហឹង​​ក្រេវក្រោធ ទៅគាស់ទ្វារ​បន្ទប់​ផ្ទះ​​​ជួលរបស់​ស្រីស្នេហ៍​​ដែលខ្លួនស្រលាញ់​​រើកកាយ​​ សំភារ ​​វាយ​​បំផ្លិចបំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​​ក្នុង​ផ្ទះ​​ និង​យក​​​បោះចោល​​ចេញមក​ក្រៅបន្ទប់​​​ទាំងអស់​ សូម្បី​តែ​​អង្ករ​​ដែលទើបតែ​ទិញ​ឱ្យ​​នាង​១បាវ​​ថ្មី​​ៗ​ក៏​ចាក់ចោល​រាយប៉ាយ ​​​អស់ដែរ ។ ហិង្សា​​វាយ​បំផ្លិចបំផ្លាញ​​ទ្រព្យ​សម្បត្តិ​​នេះ បង្ក​​​ឱ្យមានការ​​ភ្ញាក់ផ្អើល​​​កាលពីវេលាម៉ោង​​១១​និង​​៣០នាទីថ្ងៃទី​​២០ មករា នៅ​ចំណុច​​បន្ទប់​​​ផ្ទះ​ជួល​​​​លេខ​​១៨ ផ្លូវលេខ​​៥៥២ សង្កាត់​បឹង​កក់ទី​១ ខណ្ឌ​ទួលគោក ខណៈ​ពេល​​ដែលស្ត្រី​​​​ជាទី​ស្រលាញ់​​​​នោះ​ត្រូវបានបុរស​​​ម្នាក់​ផ្សេង​ ទៀត​​​ឌុប​​នាង​ចេញ​ពី​ផ្ទះ ។

ទោះបីជា​យ៉ាងណា ​ស្ត្រីឈ្មោះ​​ឡេះ ស្រី​ស្រស់ អាយុ​​២៨​ឆ្នាំ ​ជា​ស្ត្រី​​បំរើ​ការ​​នៅខារ៉ាអូខេ​យីហោ​សំនៀង​ចិន្តា ដែលជា​តួអង្គ​​​កណ្តាល​ភ្នំ​​ភ្លើង​ស្នេហា​​នេះ​បាន​អះអាង​ថា ដោយ​សារតែ​បុរស​នេះ​​ តាមស្រលាញ់​នាងមិន​បាន​​​ក៏​​មក​គាស់​ទ្វារ​ផ្ទះ​វាយបំផ្លិចបំផ្លាញ​​​ ទ្រព្យ​សម្បត្តិ​​​​បែប​នេះ ។ បុរស​ដែល​ផ្ទុះ​ភ្លើង​​កំហឹង​នោះត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ​ចាន់ណា ភេទប្រុស អាយុ​ជាង​​៤០​ឆ្នាំ ​មានទីលំនៅម្តុំ​ផ្សារ​​អូរឫស្សី ក្នុងខណ្ឌ​​៧ មករា ។

តាមសាក្សី​​នៅកន្លែងកេើតហេតុ​​បាន​ឱ្យ​​​ដឹង​ថា នៅមុនពេល​កើតហេតុ ពេលដែល​​​នាង​ជា​ម្ចាស់​​បន្ទប់​ជួល​​​​បានចាក់​​​សោ​ចាកចេញ​ពី​ផ្ទះជាមួយ​ បុរស​ម្នាក់​​​​ជាសង្សារ ស្រាប់តែ​​​​បុរស​ដែលធ្លាប់​ជា​សង្សារ​​ស្ត្រីរូបនេះ​​​ដែរ បានជិះ​​ម៉ូតូ​ម៉ាក​វីវ៉ាមួយ​គ្រឿង​​មកដល់​​ ហើយ​បាន​យកដែកគាស់​សោ​បន្ទប់ចូល​វាយបំផ្លាញ​​កង្ហា​​ ទូរទស្សន៍ ហើយ​រើ​ពូក​ ទូដាក់​ខោអាវ រើកកកាយ​បោះចោល​​ទៅ​​ក្រៅ​​បន្ទប់ សូម្បីតែ​​អង្ករ​ក៏​បាន​ចាក់ចោល​​​​រាយ​ប៉ាយ​​​ពេញ​បន្ទប់ដែរ គឺបំផ្លាញ​​គ្រឿង​ក្នុង​​ផ្ទះ​​ស្ទើរ​​ទាំងស្រុង​។ តាមសាក្សី​​បន្តទៀត​ថា ក្នុង​សកម្មភាព​នេះ​គេ​​ឃើញ​បុរស​រូបនោះ​​បានជិះម៉ូតូ​មក​បន្ទប់​​ជួល​នេះ​​ ចំនួន​​៤ដង ហើយ​លើកចុងក្រោយ​​​បានឌុប​ប្រពន្ធ​​​មកជាមួយ​ផងដែរ ។​

តាមសាក្សី​​​​បន្តទៀត​ថា ការមកគាស់​​ទ្វារ​ផ្ទះ​​​​វាយបំផ្លិចបំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​នេះ ​ដោយសារ​​តែ​បុរស​​រូបនោះ​​ប្រច័ណ្ឌ​នឹងស្រី​ដែល​​​ខ្លួន​ស្រលាញ់​​​​បែរ​ជា ​​ទៅស្រលាញ់​​ប្រុស​​ផ្សេងទៀត ។ ​ស្ត្រី​ដែល​​ធ្វើ​ឱ្យបុរស​នេះ​​ឆាប​ឆេះ​​ដោយ​​​​ភ្លើង​ប្រច័ណ្ឌ​​​​បាន​ ទៅជួល​​​​បន្ទប់​​នៅចំណុច​​កើតហេតុ​​ប្រមាណ​​១​ខែ​មកហើយ ​និងធ្លាប់តែ​​​​ឃើញ​ឈ្មោះ​​​​ចាន់ណា ដែល​ជា​អ្នក​​បង្កហេតុនេះ​ បាន​ទៅ​លេង ​​ផឹកស៊ី​​ស្ទើរ​​តែ​រាល់ថ្ងៃ ហើយគេ​ឃើញ​​បុរសម្នាក់​ផ្សេង​ទៀត ដែល​អះអាងថា ជា​សង្សារ​​ក្រោយ​​របស់​នាង​ក៏​បានទៅផឹកស៊ី​នៅបន្ទប់ជួល​ជាមួយបុរស​​មុន​នោះ ​​ដែរ ។ មាន​ន័យ​​ថា ​អ្នកទាំង​ពីរក៏​បាន​ស្គាល់ និង​និយាយ​​គ្នា​លេង​​​សើច​ជាមួយគ្នា​ផង និង​មិន​នឹកស្មាន​​ថា ឈ្មោះ​​​ចាន់ណា ប្រច័ណ្ឌ​​ក្លាយ​ទៅជា​ហិង្សា​​បែប​នេះ​ឡើយ ។

នារី​ឈ្មោះឡេះ ស្រីស្រស់ អាយុ​​២២ឆ្នាំ ​បាន​ឱ្យដឹង​ថា ​នាងត្រូវបាន​​ឈ្មោះ​ចាន់ណា ​តាម​ស្រលាញ់​​​រយៈ​ពេល​២ឆ្នាំ​មកហើយ តែ​​នាង​ពុំ​ស្រលាញ់​ឈ្មោះចាន់ណា ដែលមានប្រពន្ធ​​​ និង​មាន​កូនទៅហើយ​​នោះទេ គឺ​នាង​ស្រលាញ់​​ឈ្មោះ​​​វ៉ាន់ ថា អាយុ​​៣៣ឆ្នាំ ជាអ្នករត់ម៉ូតូកង់​​៣ រយៈ​​ពេល​​​២ខែមកហើយ ។ នារី​រូបនេះបាន​​ឱ្យ​ដឹង​ទៀត​ថា ​​នៅ​វេលាម៉ោង​​១១ព្រឹក​​ថ្ងៃទី​​​២០ មករា ​នាង​បានធ្វើដំណើរ​​ទៅជាមួយសង្សារ​​របស់​នាង​ឈ្មោះវ៉ាន់ ថា ។ លុះ​នៅ​វេលា​ម៉ោង​​១​រសៀល​ត្រឡប់​មក​វិញ​ឃើញ​បន្ទប់ត្រូវ​បាន​គេ​​គាស់ទ្វារ ​ និង​​វាយបំផ្លាញ​​សំភារ​អស់ ។ ស្ត្រី​រូបនេះ​បន្តទៀត​ថា ​ការដែលឈ្មោះ​ចាន់ណា គាស់​ទ្វារ​​វាយ​បំផ្លិចបំផ្លាញ​​នេះ​ដោយសារ​តែ​តាម​ស្រលាញ់​​នាង​មិនបាន ។ ទោះបីជា​យ៉ាង​ណា តាមអ្នក​​ដឹង​រឿង​ឱ្យ​ដឹង​ថា ​រឿងរ៉ាវនេះ​​ដោយ​សារ​​តែស្នេហា​ត្រីកោណ​​​ដែលបុរស​នោះ​ប្រច័ណ្ឌ​​នឹងស្រី​ ដែល​ខ្លួនស្រលាញ់​មាន​ប្រុសផ្សេង​ទៀត ហើយ​​ហែក​ចែក​បេះ​ដូង​មិនស្មើ​គ្នា ៕​

http://kohsantepheapdaily.com.kh/art...20-185758.html