ខេត្ត​ស្ទឹង​ត្រែង ៖ កំលាំងនគរបាលចរាចរ​ផ្លូវ​គោកនៃស្នងការដ្ឋាននគរ​បាលខេត្ត ប្រចាំ​ការ​នៅ​​តាម​ផ្លូវជាតិលេខ៧ ចំណុច​ឃុំអូរ​ឫស្សី​កណ្តាល ស្រុកសៀមបូក បានធ្វើការ​ត្រួត​ពិនិត្យ​​រថយន្តកែច្នៃ​ដែល​គ្មានសំណុំ​ឯកសារត្រឹមត្រូវ ដោយ​សារ​ថា ការ​ធ្វើ​ចរា​ចរណ៍​​តាម​ផ្លូវ​សាធា​រណៈ​យាន​យន្តត្រូវ​តែ​ធានា​បាន​សុវត្ថិ​ ភាព។ ការអនុវត្តការងារនេះ គឺយោងតាមការឯក​ភាព​ពី​គណៈបញ្ជាការដឹកនាំត្រួតពិនិត្យ​ការ​អនុ​វត្ត​​ ច្បាប់ចរាចរណ៍ខេត្ត ដែល​បានឱ្យនគរ​បាល​ចរា​​ចរ​ប្រចាំទិសដៅនីមួយៗធ្វើការ​ត្រួត​ពិនិត្យ​​រថយន្ត ​កែច្នៃដែលគ្មាន​ឯកសារ។ សមត្ថ​កិច្ច​ចរាចរ​បាន​ចាប់ផ្តើមធ្វើការ​ត្រួត​ពិនិត្យ​គ្រប់​យាន​ យន្តកែច្នៃ កាលពីថ្ងៃទី១៧ មករា ឆ្នាំ​២០១១ តាម​ផ្លូវជាតិលេខ៧ ចំណុច​ឃុំអូរឫស្សីកណ្តាល ​និង​ឃើញ​មានរថយន្តកែច្នៃមួយគ្រឿងសណ្តោង រថយន្ត១គ្រឿងទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​៥តោន ដែលផ្នែកខាងក្បាលខូចខាត​ស្ទើរ​ទាំង​ស្រុង​​​​​បើក​ចេញពីខេត្តរតនគិរី សំដៅ​ទៅ​ខេត្ត​ក្រចេះ ហើយត្រូវសមត្ថកិច្ច​ចាប់​ឃាត់ និង​ធ្វើ​ការ​ពិនិត្យ។

លោកវរ​សេនីយ៍ទោ គង់ រតនា នាយ​ការិយា​​ល័យ​ចរាចរណ៍ផ្លូវគោកនៃស្នងការ​ដ្ឋាន​​​នគរ​បាល​ខេត្តបាន​ ឱ្យដឹងថា កំលាំង​ចរា​ចរ​ប្រចាំ​ទិស​​ដៅ​ទី​នោះបាន​ចាប់ឃាត់​រថយន្តកែច្នៃ១​គ្រឿង​​ដែល ​សណ្តោង​រថយន្ត​១គ្រឿងទៀត ដើម្បី​​ត្រួត​ពិនិត្យឯកសារ។ មុនពេលឃាត់​​រថយន្ត​​នេះ សមត្ថ​កិច្ចបានហៅឱ្យឈប់តែ​អ្នក​បើក​បរ​មិន​ព្រម​ឈប់ ថែមទាំង​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត ហើយ​កំលាំង​សមត្ថ​កិច្ច​ក៏​បាន​ដេញ​​តាម​ទាន់​​ហួស​ចំណុចឈរជើង​ប្រហែល​ជា​ ៥០០​ម៉ែត្រ។ ឆ្លង​តាម​ការ​ត្រួត​ពិនិត្យឃើញថា រថយន្ត​​​​កែច្នៃ​នេះ​មាន​លក្ខណៈខុសបច្ចេកទេស ​ប្រព័ន្ធ​ហ្រ្វាំង និង​​ភ្លើង​មិន​គ្រប់គ្រាន់ និងគ្មាន​ឯក​សារ​អ្វី​ទាំង​អស់​ពាក់​​ព័ន្ធ​នឹងរថយន្ត។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​សណ្តោង​ពី​ក្រោយ​រថយន្តកែច្នៃនោះ​ឃើញថា មាន​ការ​ខូច​ខាត​ផ្នែក​ខាងមុខទាំងអស់ ទើប​សនិដ្ឋានថា អាចជាប់​ពាក់​ព័ន្ធ​​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ម្យ៉ាង​ទៀត​រថយន្ត​ចំណុះ​៥​​តោននេះ គឺ​គ្មាន​លិខិតស្នាមបញ្ជាក់ពី​សមត្ថ​កិច្ច​ខាង​ណា​ថា ដោះ​ស្រាយរួច​រាល់​ដែរ។

លោក​គង់ រតនា បានបន្តថា ម្ចាស់រថយន្ត​កែច្នៃ​​​នោះ​ឈ្មោះ​ស៊ុំ ភី ភេទប្រុស អាយុ២៩ឆ្នាំ ជា​អាជីវករ​ទិញ​កសិ​ផល រស់នៅភូមិ១ ​សង្កាត់​​ឡា​បានសៀក ក្រុងបានលុង ខេត្តរតនគិរី ឯ​​ម្ចាស់​រថយន្ត​ហ៊ី​យ៉ាន់​ដាយ ឈ្មោះ​ម៉េង ហ៊ាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាអាជីវ​ករ​ទិញ​​កសិ​ផល​ដែរ​ រស់នៅភូមិ១ ​សង្កាត់​​ឡាបានសៀ​ក​ជា​មួយ​គ្នា។ លោក​បានបញ្ជាក់​​ទៀតថា រហូត​មក​ដល់​ថ្ងៃ​ទី​​១៨ មករា ទើប​ម្ចាស់​រថយន្ត​ហ៊ីយ៉ាន់ដាយ ​យក​​ឯកសារពាក់​ព័ន្ធ​មកធ្វើការដោះ​ស្រាយ និង​ឱ្យ​​រថយន្តផ្សេង​សណ្តោង​រថយន្ត​នេះ​បន្ត​ដំណើរ​ទៅ​មុខ។ ចំណែក​រថយន្តកែច្នៃដែល​ខុសលក្ខណៈ​បច្ចេក​ទេស​ មិនទាន់អនុញ្ញាតឱ្យ​ធ្វើ​ចរាចរណ៍​ទេ គឺ​​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត រង់​ចាំបញ្ជា និង​ការយល់​ព្រម​ពីគណៈ​បញ្ជា​ការ​ដឹក​នាំ​ត្រួត​ពិនិត្យ​ការអនុវត្ត​ច្បាប់​ ចរា​ចរណ៍​​ខេត្តសិន៕

http://kohsantepheapdaily.com.kh/art...20-010545.html