បច្ចុប្បន្ន មុខងារទស្សនាដោយ offline នេះ កំពុងត្រូវបានដាក់ឱ្យដំណើរការនៅតំបន់មួយចំនួន ហើយពេលដ៏ខ្លីខាងមុខ Google និង Youtube នឹងដាក់ឱ្យប្រើប្រាស់ នៅទូទាំងពិភពលោក។

ការចូលទស្សនា Youtube បាន នៅពេលមិនមានអ៊ីនធឺរណែត គឺជាការចង់បានរបស់មនុស្សគ្រប់គ្នា ប៉ុន្ដែ Youtube មិនបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទាញយកវីដេអូនោះទេ ប៉ុន្ដែ អ្នកប្រើប្រាស់ ត្រូវតែប្រើកម្មវិធី សបវ៉ែរ របស់ភាគីទី ៣ ។ ក្រុមហ៊ុន Google ធ្លាប់បានសន្យាថា នឹងផ្គល់នូវមុខងារដើម្បីឱ្យអ្នកប្រើប្រាស់ អាចទាញយកវីដេអូ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ក៏ប៉ុន្ដែ គួរឱ្យស្ដាយ រយៈជាង ១ឆ្នាំក្រោយមក អ្នកប្រើប្រាស់នៅតែមិនអាចទទួលបានបទពិសោធរបស់មុខងារនេះ។
ថ្មីៗនេះ អ្នកប្រើប្រាស់ Youtube នៅឥណ្ឌា បានរកឃើញថា ក្រុមហ៊ុន Google បានអនុញ្ញាតឱ្យពួកគេ ទាញយកវីដេអូ ពេល offline តែវាគ្រាន់តែជាផ្នែកមួយនៃគម្រោងស្មាតហ្វូន Android One របស់ Google។ យ៉ាងនេះក្ដី មុខងារខាងលើ ក៏ទើបតែត្រូវបាន Youtube អនុញ្ញាតឱ្យប្រើប្រាស់ នៅលើស្មាតហ្វូន Android និង iOS ប៉ុណ្ណោះ។

យោងតាមគេហទំព័រ PhoneArena អ្នកប្រើប្រាស់នៅហ្វីលីពីន ក៏ជាតំបន់ដែលមានសំណាងមួយ បានទទួលប្រយោជន៍ពីកម្មវិធីថ្មីរបស់ Google ។ ក្នុងនោះ Youtube ក៏បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកវីដេអូដែលគ្មានកំណត់ អាស្រ័យទៅលើអង្គចងចាំរបស់ទូរស័ព្ទអ្នកប្រើប្រាស់។ មុខងារខាងលើ អាចប្រើបានតែលើវីដេអូ ដែលត្រូវបានគេកំណត់ ពោលគឺអ្នកមិនអាចទាញយកគ្រប់វីដេអូ ដែលអ្នកត្រូវការនោះទេ។ ចំណែកទំព័រ engadget ឱ្យដឹងថា ទំព័រ Youtube បានដាក់ឱ្យដំណើរការនូវកម្មវិធីទាញយកវីដេអូ ពេលគ្មានអ៊ីនធឺរណែត នៅក្នុងប្រទេសចំនួន ៣ គឺ ឥណ្ឌា ហ្វីលីពីន និងឥណ្ឌូនេស៊ី ប៉ុន្ដែ អ្នកត្រូវតែប្រើស្មាតហ្វូនAndroid ។
ក្រោយពីបានទាញយកវីដេអូ អ្នកអាចបើកទស្សនាដោយកម្មវិធី Youtube នៅលើស្មាតហ្វូន ព្រោះថា ប្រភេទវីដេអូ .exo មិនអាចដំណើរការនៅលើកម្មវិធីដទៃបាន នាបច្ចុប្បន្ន។ វីដេអូនេះ នឹងត្រូវបានរក្សាទុកក្នុងទូរស័ព្ទរបស់អ្នក ក្នុងរយៈពេល ៤៨ម៉ោង។

បើយោងតាមអ្នកដែលធ្លាប់បានប្រើប្រាស់មុខងារខាងលើ នេះមិនមែនជាកំណែថ្មីរបស់កម្មវិធី Youtube ប៉ុន្ដែ វាជាមុខងារមួយដើម្បីពិនិត្យមើលថា តើអ្នកកំពុងស្ថិតនៅក្នុងតំបន់អនុញ្ញាត ដែរឬអត់ ហើយប្រសិន server រកឃើញថា អ្នកស្ថិតក្នុងតំបន់ដែលទទួលបានការអនុញ្ញាត មុខងារនេះនឹងបង្ហាញផ្ទាំងអក្សរ download ពេលនោះអ្នកអាចទាញយកវីដេអូ ដែលអ្នកកំពុងទស្សនា។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/Engadget