ការដង្ហែកូនក្រមុំដែលប្រកបដោយភាពចម្លែកនេះរបស់កម្មករសំណង់ម្នាក់ បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកដំណើរនៅក្នុងក្រុង។
ថ្មីៗនេះ អ្នកលេងអ៊ីនធឺរណែតនៅប្រទេសចិន មានការភ្ញាក់ផ្អើលដោយសារតែមានគេហែកូនក្រមុំដោយរទេះសំណង់ នៅខែត្រ Hubei ប្រទេសចិន។
កាលពីថ្ងៃទី ២៩វិច្ឆិកាកន្លងទៅ នៅលើដងផ្លូវមួយក្នុងខែត្រ Hubei ប្រទេសចិន មនុស្សជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញបុរសម្នាក់អូសរទេះដែលមានដឹកកូនក្រមុំទៅរៀបការ។
មើលពីចម្ងាយ មនុស្សជាច្រើនមិនដឹងថា នេះគឺជាការដង្ហែកូនក្រមុំនោះទេ។ ជំនួសឱ្យរថយន្តទំនើប បុរសក្រីក្រនេះ បានប្រើប្រាស់រទេះដឹកខ្សាច់ មកធ្វើជាយានសម្រាប់ដង្ហែកូនក្រមុំ។ កូនកម្លោះស្លៀកពាក់ធម្មតា នឹងដើរជើងទទេ។ ចំណែកកូនក្រមុំវិញ គឺស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍បុរាណ និងមានគ្របកន្សែងលើក្បាល។
រទេះដែលយកមកដឹកកូនក្រមុំ ក៏មិនត្រូវបានតុបតែងលំអនោះទេ គឺទ្រាប់តែក្រដាស់រឹងដើម្បីឱ្យកូនក្រមុំអង្គុយ។ កូនកម្លោះរុញរទេះ តែងតែសើចញញឹមប្រកបដោយភាពរីករាយ ធ្វើឱ្យអ្នកដែលបានឃើញមានអារម្មណ៍ត្រេកអរជាមួយ។
បន្ទាប់ពីត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម រូបភាពដ៏សាមញ្ញទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន។ អ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហាញអំពីការគាំទ្រ និងជូនពរដល់គូស្នេហ៍ថ្មីនេះផងដែរ។
ប្រែសម្រួល ៖ តារាប្រភព ៖ Eva