បុរសម្នាក់អាយុ ២៥ឆ្នាំ ជនជាតិ ប៉ូឡូញ ត្រូវបានក្រុមគ្រូពេទ្យអះអាងថា បានស្លាប់ បន្ទាប់ពីផឹកស្រាច្រើនហួស ប៉ុន្តែ អ្វីដែលចម្លែកនោះគឺថា បុរសនេះបានរស់ឡើងវិញនៅក្នុងសាលដាក់សាកសព ហើយទៅសុំខ្ចីភួយដណ្ដប់ បំបាត់រងា។

/

Dailymail បានចុះផ្សាយថា ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើងនៅក្នុងទីរួមស្រុក Kamienna Gora ប្រទេសប៉ូឡូញ។ បុរសវ័យ ២៥ មានឈ្មោះថា Kamil នេះ បានចូលរួមក្នុងការផឹកស៊ីជាមួយមិត្តភ័ក្ដិក្នុងក្លិបមួយកន្លែង។ បុរសនេះ បានផឹកស្រាយ៉ាងច្រើន រហូតដល់ស្រវឹង និងឈឺបេះដូង។

ពេលចេញពីក្លិប Kamil ក៏ដួលទៅលើដី។ មិត្តភ័ក្តិទាំងឡាយ បាននាំទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ បើទោះមានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ ប៉ុន្តែ Kamil នៅតែមិនដឹងខ្លួន។ ក្រុមគ្រូពេទ្យបានអះអាងថា បុរសនេះបានស្លាប់ទៅហើយ។ បន្ទាប់មក បុរសនេះក៏ត្រូវគេយកទៅដាក់ក្នុងសាលដាក់សាកសពរបស់មន្ទីរពេទ្យ។

ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក សន្ដិសុខម្នាក់ ក្នុងពេលដើរត្រួតពិនិត្យ ក៏ស្រាប់តែឮសម្លេងចម្លែកក្នុងសាលដាក់សាកសព។ សន្តិសុខនេះក៏ដើរទៅបើកទ្វារ ពេលទៅដល់ សន្តិសុខនេះ ភ័យស្ទើរលស់ព្រលឹង ពេលឃើញ Kamil ដឹងខ្លួន និងកំពុងដើរសុំខ្ចីភួយដណ្ដប់ ព្រោះតែរងា។

សន្តិសុខមន្ទីរពេទ្យ បានរៀបរាប់ថា ៖ “ដំបូងខ្ញុំគិតថា នោះគឺជាចោរ ព្រោះនៅទីនេះ ពេលខ្លះធ្លាប់មានចោរមែន។ ប៉ុន្តែ លើកនេះ សម្លេងបានឮចេញពីកន្លែងមានម៉ាស៊ីនត្រជាក់ ពេលនោះខ្ញុំភ័យណាស់។ ពេលបើកទ្វារ ក៏ស្រាប់តែឃើញបុរសម្នាក់ ដែលមានសភាពពាក់កណ្ដាលដឹងខ្លួន ពាក់កណ្ដាលសន្លប់ កំពុងសុំខ្ចីភួយដើម្បីដណ្ដប់ព្រោះតែត្រជាក់”។

ក្រោយពីពិនិត្យសុខភាពរបស់ Kamil នៅចំពោះមុខនគរបាល ក្រុមគ្រូពេទ្យអះអាងថា បុរសនេះពិតជាមានសុខភាពល្អ និងអាចចេញទៅផ្ទះបាន។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail