រយះពេលជិតមួយឆ្នាំ ក្រោយពីពេលដាក់លក់ Ultrathin Keyboard Cover សំរាប់ iPad 9,7,ថ្ងៃនេះ Logitech បន្តធ្វើការបង្ហាញផលិតផលថ្មីមួយដូចគ្នានេះ សំរាប់ប្រើជាមួយ iPad mini ដែលមានឈ្មោះថា Ultrathin Keyboard mini។
ឧបករណ៍នេះ ធ្វើពីអាលុយមីញ៉ូម និងភ្ជាប់ជាមួយ iPad ដោយ Bluetooth។ ក្នុងពេលប្រើប្រាស់iPad mini នឹងត្រូវបានដាក់ចូលក្នុងរន្ធតូច វែងមួយ ដែលជួយឲ្យវាអាចបញ្ឈរខ្លួនឡើង ហើយអ្នកប្រើប្រាស់ អាចប្រើវាវាយអត្ថបទ ដូចប្រើ Laptop ដែរ។ នៅពេលឈប់ប្រើវាទៀត Ultrathin Keyboard mini នឹងក្លាយទៅជាសំបកការពារអេក្រង់ដល់ iPad mini ។ ខ្នាតប្រវែងទាំងបីនៃឧបករណ៍នេះគឺ 200 x 140,7 x 7,3mm, និងមានទម្ងន់ 220g។

Logitech បានឲ្យដឹងថា ផលិតផលរបស់ពួកគេអាចបើក iPad ដោយស្វ័យប្រវត្តិ ពេលយើងបើកKeyboard ចេញ និងបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ពេលដែលយើងបិទ Keyboard ទៅវិញ។ រយះពេលនៃការប្រើប្រាស់ថ្មរបស់ Ultrathin Keyboard mini គឺ 3ខែ (គិតតាមរយះពេលនៃការប្រើប្រាស់ 2 ម៉ោង/ថ្ងៃ)។ ផលិតផលនេះនឹងត្រូវដាក់លក់នៅសប្តាហ៍ក្រោយ នៅអាមេរិច និងអឺរ៉ុប ក្នុងតំលៃ79,99$ ដែលមានបីពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ, ស និងក្រហម៕







ដោយ៖ សិលាប្រភព៖ TTE