ក្មេងស្រីម្នាក់អាយុ ១៥ឆ្នាំម្នាក់ បានអត់អាហារ យកឡាមឆូតជើង ដៃអោយហូរឈាម រួចបោកក្បាលទៅនឹងរថយន្ដភ្លើងសម្លាប់ខ្លួន ដោយសារពាក្យរិះគន់នៅលើអ៊ីនធើរណែត ថានាងជានារីមានរូបរាងកន្ធាត់។
Rosie Whitaker មានឈ្មោះល្បីដោយសារតែនាងជាសិស្សម្នាក់ មានចរិតស្លូតបូត ស្រស់ស្អាត រៀនពូកែ ចេះលេង piano និងរាំបាឡេ។ Rosie Whitaker បានចូលរួមក្នុងក្រុមមួយនៅលើអ៊ីនធើរណែត ក្រោយមកនាងក៏ត្រូវមិត្តក្នុងក្រុមនេះ រិះគន់ថា ជានារីកន្ធាត់ មិនគួរអោយចាប់អារម្មណ៍។

នៅក្នុងទំព័រប្លក់របស់ខ្លួន កាលពីខែមេសាកន្លងទៅ Rosie Whitaker បានសរសេរថា នាងធ្លាប់ជជែកជាមួយមិត្តភក្ដិ អំពីគម្រោងធ្វើអត្ដឃាត ដូច្នេះក៏មានមិត្តភក្ដិស្រីមួយចំនួនបានប្រាប់ថា ដើម្បីសម្លាប់ខ្លួន គួរតែអត់អាហារ យកកាំបិតឡាមឆូតដៃ ជើង និងបំផ្លាញរាងកាយ។
ថ្មីៗនេះ សាកសពរបស់ Rosie Whitaker ត្រូវបានគេប្រទះឃើញនៅឯផ្លូវរថភ្លើង នៅក្បែរផ្ទះរបស់នាង នៅស្រុក Beckenham ក្នុងតំបន់ Kent នៃប្រទេសអង់គ្លេស។ ដោយសារតែមានការឈឺចាប់ខ្លាំង បន្ទាប់ពីការស្លាប់របស់កូន ពុកម្ដាយរបស់ Rosie Whitaker អោយដឹងថា ពួកគេកំពុងរៀបចំគម្រោងអំពាវនាវអោយសាធារណជន បោសសំអាតបណ្ដាគេហទំព័រដែលមានសកម្មភាពជម្រុងអោយក្មេងធ្វើអត្ដឃាត និងបំផ្លាញរាងកាយខ្លួនឯងបែបនេះ។

អ្នកដែលបានចូលរួមរំលែកទុក សុទ្ធតែមានការសោកស្ដាយចំពោះការស្លាប់នេះ ដោយសារថាRosie Whitaker ជាក្មេងស្រីស្រស់ស្អាត និងមានចំណេះដឹងច្រើន។
Rosie Whitaker ដែលធ្លាប់បានទៅសំដែងរបាំបាឡេ នៅឯ មហោស្រប Royal Opera House បានចាកចោលពិភពលោកនេះ ធ្វើអោយទស្សនិកជនដែលធ្លាប់បានទស្សនាការសំដែងរបស់នាងមានការសោកស្ដាយ។

ថ្លែងនៅលើទំព័រ Onenewspage លោក Alice Cole-King គ្រូពេទ្យផ្នែកផ្លូវចិត្តបានសំដែងការព្រួយបារម្ភចំពោះការកើនឡើងនៃករណីធ្វើអត្តឃាត ដោយសារឥទ្ធិពលរបស់គេហទំព័រមួយចំនួន។ លោកក៏បាន អំពាវនាវអោយពុកម្ដាយទាំងអស់ យកចិត្តទុកដាក់ថែមទៀតទៅលើកូនៗរបស់ខ្លួន ទន្ទឹមនឹងនេះ ក៏ត្រូវគ្រប់គ្រងពេលវេលា លេងអ៊ីនធើរណែតរបស់ពួកគេផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ dailymail