ព័ត៌មានអន្តរជាតិ ៖ សម្រាប់រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ស្ថាបនិក បណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក លោក Mark Zuckerberg បានកំណត់ការតាំងចិត្តដែលជាការប្រកួតផ្ទាល់ខ្លួនប្រចាំឆ្នាំ ដែល គេហៅថា Personal Challenge ។ ឆ្នាំកន្លងទៅ Personal Challenge របស់លោក Mark Zuckerberg រួម មានដូចជា រៀនភាសាចិន ក៏ ដូចជា ទទួលទានអាហារបួស ចុះសម្រាប់ដើមឆ្នាំ ២០១៦ នេះតើ Personal Challenge របស់លោក Mark Zuckerberg ជាអ្វី អោយពិតប្រាកដ ? ចម្លើយនោះ គឺផលិតអ្នកបម្រើយន្ត ដំណើរការ ដោយ ប្រព័ន្ធ Digital មានឈ្មោះថា Al ដែលស្រដៀងខ្លាំងទៅនឹង JARVIS ពីកំពូលខ្សែភាពយន្ត Iron Man ។
លោក Zuckerberg គូសបញ្ជាក់អោយដឹងថា លោកនឹងធ្វើការស្វែងយល់ ពី មូលដ្ឋានគ្រឹះនៃបច្ចេក វិទ្យា Smart Home នៅលើ លោក ខណៈ លោកខ្លួនលោកផ្ទាល់ ក៏ជាអ្នកគាំទ្រ Echo ពីAmazon ដូចគ្នាដែរ ប៉ុន្តែអ្វីដែលជាភាពប្លែក ពី Echo ពីAmazon នោះ គឺ លោក ចង់បង្កើត ស្នាដៃផ្ទាល់ខ្លួន សម្រាប់លំនៅស្ថានរបស់លោក។ Markzurkerberg បំភ្លឺបន្ថែមអោយដឹងថា ៖ ក្រោយពីបង្កើតបាន នូវស្នាដៃបច្ចេកវិទ្យា ផ្ទាល់ខ្លួន សម្រាប់លំនៅស្ថាន ខ្ញុំនឹងចាប់ផ្តើម បង្រៀនវា អោយស្គាល់សម្លេង របស់ខ្ញុំឈានទៅបញ្ជា និងគ្រប់គ្រងបាន សម្បទាក្នុងផ្ទះ រួមមានដូចជា ការបញ្ជា តន្រ្តី ប្រព័ន្ធភ្លើង និងសីតុណ្ហភាពជាដើម។ ខ្ញុំនឹងបង្រៀនវា អោយចេះអនុញ្ញាតឲ្យបណ្តា មិត្តភក្កិរបស់ខ្ញុំចូលក្នុងផ្ទះ បានតាមរយៈកំណត់សម្គាល់លើផ្ទៃមុខ នៅពេលដែល ចុចកណ្តឹងរោទិ៍ ។ ច្រើនជាងនេះ ទៅទៀត ខ្ញុំនឹងបង្រៀនវា អោយប្រាប់ដំណឹងដល់ខ្ញុំ បើសិនជាមានរឿងមិនប្រក្រតីណាមួយ កើតមានឡើង នៅក្នុង បន្ទប់ កូនស្រីខ្ញុំ ជាដើម ដូច្នេះខ្ញុំអាចដឹងព័ត៌មាន និងទៅត្រួតពិនិត្យមើល កូនតូចរបស់ខ្ញុំ បាទនៅក្នុងបន្ទប់គេង ។ ខាងក្រោម នេះ គឺ ជា សារ ស្ថាបនិក បណ្តាញសង្គម ហ្វេសប៊ុក លោក Mark Zuckerberg គូសបញ្ជាក់ពីគម្រោង ផលិត អ្នក បម្រើយន្ត ដំណើរការ ដោយប្រព័ន្ធ Digital មានឈ្មោះថា Al ដែលស្រដៀងខ្លាំងទៅនឹង JARVIS ពីកំពូលខ្សែភាពយន្ត Iron Man ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ៊ិនសាយដើ