រាជធានីភ្នំពេញ ៖ កីឡា​ករ​ជិះ​សេះ​កម្ពុជា​៣​​​នាក់​ ដែល​​បាន​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ថៃ លើ​វិញ្ញា​សា​ជិះ​សេះ​លោត​​ផ្លោះ​​របារ​​បាន​ត្រឡប់​មក​​មាតុ​​ប្រទេស​វិញ ជា​មួយ​ចំណាត់​ថ្នាក់​​លេខ​១ និង​លេខ​២ ចំនួន​២​នាក់​ រី​ឯ​ម្នាក់​ទៀត​​ទទួល​បាន​ចំណាត់​ថ្នាក់​​ល្អ​ដោយ​ពុំ​មាន​កំហុស ។ លោក Philipp Gaccia អគ្គ​លេខា​ធិការ​​សហ​ព័ន្ធ​​កីឡា​ប្រណាំង​សេះ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​ជួប​​សំណេះ​សំណាល​​មួយ​នៅ​​ទី​លាន​ខេម​ បូឌា ខន​ទ្រី ក្លឹប​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ​មករា ​ថា ការប្រកួត​នេះ​​​ធ្វើ​ឡើង​​កាល​ពី​​ខែ​ធ្នូ គឺ​ជា​ការ​ប្រកួត​អប​​អរ​​ថ្ងៃ​បុណ្យ​គ្រីស្ត​ស្មាស ​ដែល​​មាន​​ប្រទេស​ចូល​រួម​ចំនួន​៧ ក្នុង​នោះ​មាន​ថៃ​ជា​​ម្ចាស់​ផ្ទះ​ កម្ពុជា បារាំង អាមេរិក ស៊្វីស ហុល្លង់ និង​អង់​គ្លេស ។ ការ​ប្រកួត​នេះ​ជា​លក្ខណៈ​ជិះ​ផ្លោះ​របារ​​​ចាប់​ពី​កំពស់​៥០​សង្ទី​ម៉ែត្រ ៧០​សង្ទី​ម៉ែត្រ និង​កំពស់​១​ម៉ែត្រ ​ហើយ​លក្ខណៈ​ពិសេស​នៃ​ការ​ប្រកួត​នេះ​ទៀត​មិន​ត្រឹមតែ​​បញ្ជា​សេះ​​ឱ្យ​លោត​ ផ្លោះ​របា​រ​ប៉ុណ្ណោះ​​ទេ គឺ​មាន​កំណត់​ពេល​វេលា​ទៀត​ផង ។

កីឡា​ករ​លន់ សុភក្ត្រា ដែល​ឆ្លង​កាត់​ការ​​ហ្វឹក​ហាត់​ទើប​តែ​​បាន​រយៈ​ពេល​២​ឆ្នាំ​នោះ ​ជាប់​ចំណាត់​ថ្នាក់​​លេខ​១ លើ​វិញ្ញា​សា​ជិះ​ផ្លោះ​​របារ​កំពស់​៥០​សង្ទី​ម៉ែត្រ ​និង​លេខ​២ ក្នុង​កំពស់​៧០​សង្ទី​ម៉ែត្រ ។ រីឯ​កីឡា​ករ​ស៊ឹម ណារិទ្ធ ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​វិញ្ញា​សា​ជិះ​ផ្លោះ​របារ​កំពស់​៧០​ សង្ទី​ម៉ែត្រ និង​លេខ​២ ក្នុង​កំពស់​១​ម៉ែត្រ ។ ដោយ​ឡែក​កីឡា​ករ​ហូយ សុផា​រិទ្ធ​ ការ​ប្រកួត​ទាំង​នៅ​ក្នុង​ប្រភេទ​កំពស់​៧០​សង្ទី​ម៉ែត្រ និង​១​ម៉ែត្រ មិន​ទទួល​បាន​ចំណាត់​ថ្នាក់​​​ទេ ប៉ុន្តែ​ត្រូវ​គណៈ​កម្ម​ការ​ផ្តល់​ចំណាត់​​ល្អ​ប្រសើរ​មួយ​ផ្សេង​ទៀត​គឺ​ សំរាប់​​អ្នក​ជិះ​ល្អ ដោយ​ពុំ​មាន​កំហុស ។

លោក​ Philipp Gaccia ​បាន​​​ឱ្យ​​​ដឹង​​ទៀត​ថា នេះ​គឺ​ជា​​លើក​ទី​១​ហើយ​សំរាប់​កម្ពុជា​ចាប់​តាំង​ពី​​វិញ្ញាសា​កីឡា​ ប្រណាំង​សេះ​នេះ​បាន​​បាត់​​ស្រមោល​តាំង​ពី​ឆ្នាំ​១៩៥៦​មក​នោះ ។ បច្ចុ​ប្បន្ន​ កម្ពុជា​មាន​​​កីឡា​ករ​ខ្មែរសុទ្ធ​​ចំនួន​២០​នាក់ ​កំពុង​​​ធ្វើ​ការ​ហ្វឹក​ហាត់​​ជា​រៀង​រាល់​ថ្ងៃ ។ ដូច្នេះ​ ទាំង​នេះ​គឺ​ជា​មោទន​ភាព​ខ្លាំង​ណាស់​សំរាប់​​ជន​ជាតិ​ខ្មែរ​យើង​ដែល​ ត្រូវបាន​គេ​​រំពឹង​ទុក​ថា វិស័យ​កីឡា​មួយ​នេះ​អាច​ងើប​ឡើង​វិញ យ៉ាង​ឆាប់​រហ័ស​បំផុត​ជា​មួយ​នឹង​ការ​ជួយ​បង្ហាត់​បង្រៀន​​​​អស់​ពី​កំលាំង​ ចិត្ត​ពី​លោក LARIVAIN ជន​ជាតិ​បារាំង​ ដែល​លោក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​រស់​នៅ​តែ​ជា​មួយ​សេះ ​​ស្ទើរ​អស់​១​​ជីវិត​របស់​លោក​ទៅ​ហើយ ។​

បច្ចុ​ប្បន្ន​​ វិញ្ញា​សា​មួយ​នេះ​នៅ​មិន​ទាន់​ចាត់​បញ្ចូល​ឱ្យ​ពេញ​សិទ្ធិ​ទៅ​ក្នុង​គណៈ​ កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក ​កម្ពុជា​​ទេ តែ​មិន​យូរ​មិន​​ឆាប់​នោះ​​វិញ្ញា​សា​នេះ​អាច​នឹង​ក្លាយ​ជា​សមា​ជិក​ពេញ​ សិទ្ធិ​មិន​ខាន ។ លោក Philipp Gaccia កំពុង​តែ​គិតថា នឹង​ខិត​ខំ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឱ្យ​វិញ្ញា​សា​កីឡា​ប្រណាំង​សេះ​ខ្មែរ​យើង​ បាន​ទៅ​ចូល​រួម​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លើក​ទី ២៦ ខាង​មុខ​នេះ ។ ជា​មួយ​នេះ ​​លោក​ក៏​សូម​ជូន​ពរ​ដល់​សហ​ការី​ទាំង​អស់​ ជា​ពិសេស​​កីឡា​ករ​ប្រណាំង​សេះ​កម្ពុជា​មាន​សុខភាព​​​ល្អ និង​​នៅ​តែ​​​ជា​កីឡា​ករ​ជិះ​សេះ​ល្អ​រហូត​ដល់​អាយុ​៥០​ឆ្នាំ ៕

http://kohsantepheapdaily.com.kh/art...19-205644.html