ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ឃើញ​ព្រះ​ភិក្ខុ​​សង្ឃ​មួយ​អង្គ​ដោះ​ស្បង់​ចីវរ​ស្រង់​ទឹក​​​​​ និង​ដក​បច្ច័យ​ដាក់​កណ្តាល​វាល​​រួច​ស្រង់​ទឹក​ភ្លេច​ខ្លួន​ ឆ្លៀត​ឱកាស​​ល្អ​ធ្វើ​សកម្មភាពលួច​យក​បច្ច័យ​នោះ​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​ ប៉ុន្តែ​​ត្រូវ​​ភិក្ខុ​សង្ឃ​អង្គនោះ​ឃើញ​​ទាន់​បាន​ស្រែក​​ថា​ចោរៗ បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​សាមណេ​រ​នៅ​ក្នុង​វត្ត​នាំគ្នា​រត់​ទៅ​បិទទ្វារ ​របង​វត្ត​ជាប់​ និង​ប្តឹង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ស្រុក​ស្នួល​ចាប់​ខ្លួន​បាន​តែម្តង ។​

ហេតុការណ៍​នោះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​ ២០នាទី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១១ នៅក្នុង​វត្ត​យសមេត្រី​ ភូមិ​យសមេត្រី​ ឃុំ​លំហាច ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល ។ ជន​មិន​ខ្លាច​​បាប​លួច​បច្ច័យ​ព្រះសង្ឃ​រូបនេះ​ឈ្មោះ​នួន ថា អាយុ​៤៩ឆ្នាំ ជាអ្នក​រត់​ម៉ូតូឌុប មាន​ស្រុក​កំណើត​នៅភូមិ​ក្រាំង​​ចេក ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ សព្វ​ថ្ងៃ​ស្នាក់​​នៅផ្ទះ​​ជួល​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ជិះ​ម៉ូតូ​​១គ្រឿង​ធុន​សេ១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-4185 ​។ ចំណែក​​ឯ​ភិក្ខុ​​សង្ឃ​​ដែល​ជា​ម្ចាស់​​បច្ច័យ​​និង​ដាក់​ពាក្យ​​ប្តឹង​ឱ្យ​ ​ប៉ូលិស​​ចាប់​ខ្លួន​​ជន​សង្ស័យ​​នោះ​ ព្រះនាម ​លី ហុក​ ព្រះ​ជន្ម​៨៤​វស្សា​ គង់​នៅ​ក្នុង​វត្ត​ខាង​លើ ហើយ​បច្ច័យ​ដែល​ត្រូវ​ជន​​នោះ​លួច​មាន​ចំនួន​​១៩៥​ដុល្លារ​​អាមេរិក ​។

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​ខាង​លើ​២ទៅ៣ថ្ងៃ​ ជន​សង្ស័យ​​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​​ឯខេត្ត​កំពង់​ស្ពឺ លុះ​ដល់​ថ្ងៃកើត​ហេតុ​​​ក៏​បាន​ជិះ​ម៉ូតូ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះជួល​នៅ​ ឯភូមិ​ដំណាក់​ធំ​ សង្កាត់​​​ស្ទឹង​មាន​ជ័យវិញ ។ ពេល​ជិះ​​ម៉ូតូ​​ទៅ​ដល់​ចំណុច​ភូមិ​ខាង​លើ​ ជននោះ​បាន​ឆៀង​ចូល​លេង​ផ្ទះ​មិត្ត​ភក្តិ​របស់​ខ្លួន​​ ហើយ​ក្រោយ​មក​បាន​ឈឺ​បត់​ជើង​​ធំ​រូបគេ​ក៏​បាន​​លាមិត្ត​ភក្តិ​រួច​ជិះ​​ ម៉ូតូ​ចូល​ក្នុង​វត្ត​ដើម្បី​សុំ​បង្គន់​ព្រះ​សង្ឃ​បត់​ជើង ។​

​ប្រភពដដែល​បាន​បន្ត​ទៀតថា បន្ទាប់​ពី​បត់​ជើង​ធំ​រួច​ជន​នោះ​​ចេញ​មក​វិញ​ឃើញ​ភិក្ខុ​សង្ឃ​អង្គ​នោះ​ ស្រង់​ទឹក​ហើយ​ទុក​បច្ច័យ​ធ្វេស​ប្រហែស​នៅ​ជាមួយ​វត្ថពន្ធចង្កេះ​​ ឃើញ​ឱកាស​ល្អ​ជន​នោះ​ក៏​បាន​លួចបច្ច័យ​នោះ​រួច​ឡើង​ជិះ​ម៉ូតូ​ដើម្បី​គេច​ ខ្លួន​ ។ ប៉ុន្តែ​បាប​កម្ម​ដែល​រូបគេ​បន្ទោបង់​​ដាក់​វត្ត​ហើយ​លួច​បច្ច័យ​ព្រះ​សង្ឃ​ ទៀត​នោះ ត្រូវ​ភិក្ខុ​សង្ឃ​អង្គនោះ​​ឃើញ​ទាន់​ក៏​បាន​ស្រែក​ថា​ចោរៗ​ បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​ ​ហើយ​សាមណេរ​នៅ​ក្នុង​វត្ត​នាំគ្នា​រត់​ទៅបិទទ្វារ​​របង​វត្ត​ជាប់​មិន​ឱ្យ​ ជន​នោះ​​ចេញ​រួច​ឡើយ ។

ប្រភពដដែល​បាន​បន្ត​ទៀតថា បន្ទាប់​ពីត្រូវ​​សាមណេរ​​បិទទ្វារ​ជាប់​ចេញ​មិនរួច​បែបនេះ ​ជន​នោះ​ក៏បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​រួចយក​លុយ​ដែល​ខ្លួន​​​​លួច​បាន​ នោះ​ទៅ​ប្រគល់​ឱ្យ​ភិក្ខុ​សង្ឃ​​អង្គ​នោះ​វិញ​និង​​សុំ​រួចខ្លួន ។ ក្រោយ​មក​ប៉ូលិស​បាន​នាំទៅ​កាន់​អធិការដ្ឋាន​ស្រុក​សាក​សួរ​និង​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​​ទោស​តាម​ច្បាប់ ៕

http://kohsantepheapdaily.com.kh/art...19-040146.html