ខេត្ត​កំពង់ចាម ៖ ​យុវ​ជនឈ្មោះចេង ដារ៉ូ អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ចំការថ្មី ឃុំគគីរ ស្រុក​មេមត់ ត្រូវ​ប៉ូលិសឃុំរំចេកឃាត់ខ្លួនទៅ​តាម​ ពាក្យបណ្តឹងរបស់ស្ត្រីជាថៅកែដំឡូងពីបទបៀតបៀនកេរ្តិ៍ខ្មាស​ កូនស្រីអាយុ១៤ឆ្នាំ នៅក្នុងផ្ទះ​ចាំ​ចំការក្នុង​ឃុំ​រំចេក កាលពីវេលាម៉ោង១២​ និង៥នាទីរំលងអធ្រាត្រថ្ងៃទី១៥ មករា ២០១១ ហើយ​បញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​​នគរបាល​ស្រុកដើម្បីសួរនាំ ។ ​លោកវរសេនីយ៍ត្រីឯម កុសល អធិការនគរ​បាល​ស្រុកមេមត់ឲ្យដឹងថា ឈ្មោះដារ៉ូ ធ្វើជា​កម្ម​ករដកដំឡូងឱ្យថៅកែស្រីម្នាក់ ហើយ​​ស្នាក់​នៅក្នុងផ្ទះចាំចំការជាមួយមនុស្ស៣នាក់​ទៀត​ ក្នុងនោះមានក្មេងស្រីម្នាក់អាយុ១៤ឆ្នាំជា​​កូន​ថៅកែដំឡូងផងនាយប់ថ្ងៃទី១៤ មករា ២០១១ ។

នៅវេលារំលងអធ្រាត្រយុវជនដារ៉ូ បាន​ក្រោកចេញពីកន្លែងរបស់ខ្លួនទៅដេកជាមួយកូន​ស្រីរបស់​ថៅកែ ហើយបានបៀតបៀនកេរ្តិ៍​ខ្មាស​​នាង ។ លុះព្រឹកថ្ងៃទី១៥ មករា បន្ទាប់ពី​ឪពុក​ម្តាយរបស់ក្មេងស្រីត្រឡប់មកពី​លក់​ដំឡូង​នៅប្រទេសវៀតណាមវិញ ស្ត្រីអាយុ៣៣ឆ្នាំជា​ប្អូនបានរ៉ាយរ៉ាប់ប្រាប់រឿងបៀត​បៀន​កេរិ៍្ត​ខ្មាស​នោះ ។ ​ដឹង​រឿង​នោះឪពុកម្តាយ​ក្មេងស្រី​បាន​ទៅ​ប្តឹងលោកនាយប៉ុសិ៍្តរដ្ឋ​បាល​ ឃុំរំចេក ។ ជនសង្ស័យឈ្មោះចេង ដារ៉ូ ឆ្លើយ សារ​ភាពថា នៅថ្ងៃមួយក្នុងឱកាសបុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ២០១០ រូបគេនិងកូនស្រី​ថៅកែបាន​ទាក់​ទង​ស្រលាញ់គ្នា តែមិនដែលបានប៉ះពាល់អ្វីទេ ។ ពួក​គេក៏ធ្លាប់បានទៅមើលល្ខោនជាមួយគ្នានៅវត្តកំពាន់ ហើយនាងបានទិញក្រវិលកា​ឡៃ១គូ​ឱ្យរូបគេទុកជាអនុស្សាវរីយ៍ទៀតផង ។

ជន​ជាប់​ចោទ​បន្ត​ថា ប្រហែលជា​៧ថ្ងៃមក​ហើយ​ រូបគេបានស៊ីឈ្មួលដកដំឡូងដាក់​រថ​យន្តឲ្យឪពុករបស់នាង ហើយបានជួបនាង​នៅ​កន្លែងដកដំឡូងជា​រៀង​​រាល់ថ្ងៃ ។ នៅយប់ថ្ងៃទី​១៤ មករា កម្មករ៥នាក់ដេកនៅខាងក្រោមផ្ទះ ចំណែករូបគេឡើងទៅដេកនៅលើផ្ទះឈើ​មាន​គ្នា៥នាក់ដែរ ។ ក្នុងពេលនោះកូនស្រី​ថៅ​កែ​បានហៅរូបគេឲ្យទៅដេកជាមួយ តែគេ​មិន​បាន​ប្រព្រឹត្ត​អ្វីជ្រុល​ជ្រួស​ខ្លាំងទេ គ្រាន់តែ​អោប​ថើប​ប៉ុណ្ណោះ ។ លុះដល់ពេលយប់ជ្រៅម្តាយ​មីង​​របស់​​នាងក្រោកឃើញក៏ស្តី​បន្ទោស ហើយ​បន្ទាប់​មក​បានប្រាប់​រឿង​នេះ​ដល់ឪពុកម្តាយ​របស់នាង ។ លោកវរសេនីយ៍ត្រីឯម កុសល អធិការនគរ​បាលស្រុកមេមត់បញ្ជាក់ថា ករណីបៀត​បៀន​កេរ្តិ៍ខ្មាសនេះស្ត្រីជាម្តាយរបស់​ក្មេង​ស្រី​រង​គ្រោះ​ ដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៣.០០០ដុល្លារ និងសូមឲ្យផ្តន្ទាទោស​ទៅតាម​ច្បាប់ ៕

http://kohsantepheapdaily.com.kh/art...119-00572.html