ភ្នំពេញ៖ ប្រទេសកម្ពុជាមានគំរោងថានិងធ្វើការបើកជើងហោះហើរជាលើកដំបូង
រវាងខេត្តដែលសំបូរទៅដោយវប្បធម៌និងប្រវត្តិសាស្រ្តសៀមរាបនិងខេត្តដែលមានឆ្នេរ
ខ្សាច់ដ៏ស្រស់ស្អាតដែលជាប់ក្នុងសមាជិកក្លឹបដែលមានឆ្នេរខ្សាច់ស្អាតជាងគេលើពិភព
លោក គឺខេត្តព្រះសីហនុចាប់ពីថ្ងៃទី១៥ ខែវិច្ជកា ឆ្នាំ២០១១នេះតទៅ។ នេះបើតាមសំដី
របស់ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ ទន្លេសាប (TonleSap Airlines) ដែល
បានលើកឡើងកាលពីថ្ងៃអង្គារ។ គាត់បានបន្តទៀតថា ក្រុមហ៊ុននិងបើកជើងហោះហើរពីរ
ដងក្នុង១សប្តាហ៍ គឺរវាងខេត្តសៀមរាបនិងខេត្តព្រះសីហនុ។ ការបង្កើតជើងហោះហើរនេះ
ត្រូវបានគាំទ្រទាំងស្រុងពីសំណាក់រាជរដ្ឋាភិបាលហើយនៅពេលដែលជើងហោះហើរនេះ
ត្រូវបានបើកអោយដំណើរការជាផ្លូវការនោះ វានិងអាចជួយអភិវឌ្ឍដល់វិស័យឧស្សាហកម្ម
ទេសចរណ៍របស់កម្ពុជាផងដែរ។

សៀមរាបគឺជាតំបន់ប្រវត្តិសាស្រ្តដែលមាននូវ ប្រាសាទប្រវត្តិសាស្រ្តយ៉ាងច្រើនសន្ធឹក
សន្ធាប់ដែលក្នុងនោះគឺប្រាសាទអង្គរវត្តដែលជាប្រាសាទដ៏អស្ចារ្យ និងជាសម្បត្តិបេតិ
កភណ្ឌពិភពលោកផងដែរ។ ខេត្តនេះមានចំងាយ៣១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រីឯខេត្តព្រះសីហនុវិញគឺស្ថិតនៅក្នុងទិសនរតីពីរាជធានីភ្នំពេញ និងមានចំងាយ ២៣០
គីឡូមែត្រ។ ក្រុមហ៊ុនអាកាសចរណ៍ ទន្លេសាប (TonleSap Airlines) បានដំណើរការជើង
ហោះហើររបស់ខ្លួននៅក្នុងខែមករា ឆ្នាំ២០១១។ បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ទន្លេសាបបានផ្តល់ជូនដល់អតិថិជននូវជើងហោះ
ហើរពី ណាននីង, សេនចូវ, ហូចូវ ប្រទេសចិន, យូតាផូយ ប្រទេសថៃ, ហាណូយ
ប្រទេសវៀតណាម និងលូងប្រាបាង ប្រទេសឡាវ។
ខេត្តព្រះសីហនុ គឺជាខេត្តនៅជាប់សមុទ្រដែលធំជាងគេនៅកម្ពុជា ហើយក៏ជាខេត្ត
ដែលមានកំពង់ផែសំខាន់មួយសំរាប់ប្រទេសផងដែរ៕
ដោយ វឌ្ឍនា