យុវជនជាសិស្ស សាលាម្នាក់ រូបសង្ហាម្នាក់ដែលជា Freshi Boy ចំណាត់ថ្នាក់លេខ៤ នាឆ្នាំ២០១២នេះ បានដាច់ចិត្ត លោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន។ ហេតុការនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២៤ខែឧសភា ដោយសារតែជនរងគ្រោះរូបនេះ តូចចិត្តនៅពេលសង្សារ ជាទីស្រឡាញ់របស់ខ្លួន បែកចិត្ត ហើយទៅស្រឡាញ់ប្រុសផ្សេង។

តាមព័ត៌មានឲ្យបានដឹងថា យុវជនម្នាក់នេះឈ្មោះ សុខ វិរៈ អាយុ១៨ឆ្នាំជាកូនប្រុសមន្ត្រីប៉ូលិស័ក្តិ៤កន្លះ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាស្ថានឯកជនមួយ និងជា Freshi ចំណាត់ថ្នាក់លេខ ៤ ប្រចាំស្ថានីយទូរទស្សន៍ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទាក់ទិននឹងការលោតទឹកសម្លាប់ខ្លួននេះ ក្រុមគ្រួសារអះអាងថា បណ្តាលមកពីសង្សារសុំបែកផ្លូវគ្នា ហើយក៏ជិះម៉ូតូមកឈប់លើស្ពានលោតទឹកសម្លាប់ខ្លួនតែម្តង។

គូរឲ្យបញ្ជាក់ថា នេះជាជនទី២ ដែលបានធ្វើដំណើរមកលោតទឹកពីលើស្ពាន់ជ្រាយចង្វានៅថ្ងៃទី២៤ឧសភា ដែលកាលពីវេលាម៉ោង ១១និង ១០នាទីព្រឹក ស្រី្តម្នាក់ក៏បានធ្វើដំណើរមកលោតទឹកដែរ តែត្រូវប៉ូលិសឃាត់ទាន់។
ហេតុការនេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឹណែតផងដែរ ដោយមានការចូលរួមសោកស្តាយ ក៏ដូចជាមានមតិចែករំលែកជាច្រើនផងដែរ។ Camnews សូមដកស្រង់មតិមួយចំនួននៅលើបណ្តាញ Facebook សម្រាប់ឲ្យមិត្តអ្នកអានពិចារណាដោយខ្លួនឯង៖ នេះជាទង្វើមិនល្អសូមយុវវ័យ ទាំងអស់កុំយកតម្រាបតាមអោយសោះ គួរតែគិតអោយបានវែងឆ្ងាយមុនសំរេចចិត្តធ្វើអ្វីមួយ បើមិនគិតពីខ្លួនឯងក៏គួរតែគិតដល់ឪពុកម្តាយផង ដែលគាត់ទាំងទ្វេបានបង្កើតនឹងខំបីបាច់ថែរក្សារយើងរហូតដល់យើងដឹងក្តី មានរូបរាងមុខមាត់ស្អាតបាតនឹងមានអ្វីៗគ្រប់យ៉ាងដល់ថ្ងៃនេះ សួរថាតើពួកគាត់ត្រូវចំណាយពេលវេលានឹងញើសឈាមរបស់គាត់ប៉ុណ្ណាក្នុងការចិញ្ចឹមបីបាច់យើង? ៕