ខេត្ត​កំពង់​ចាម​ ៖ អ្នក​សារ​ព័ត៌​មាន​២​នាក់​បាន​ត្រូវ​នគរ​បាល​ស្រុក​ស្រី​សន្ធរ ​សហ​ការ​ជាមួយ​​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មករា ២០១១ នៅ​ចំណុច​ខាង​កើត​ឆៀង​​ខាង​ជើង​ផ្សារ​ធំ​ថ្មី រាជ​ធានី​ភ្នំពេញ ​ដោយ​ជាប់​ចោទ​ពី​បទ​ជំរិត​ទារ​ប្រាក់​ចំនួន​៣០០​ដុល្លារ​ពី​លោក​ឡេង ហម មេ​ឃុំ​ប្រាំ​យ៉ាម​ ស្រុក​ស្រី​សន្ធរ​ ជា​ថ្នូរ​នឹង​ការ​បិទ​មិន​ផ្សាយ​ព័ត៌​មាន​លើ​ទំព័រ​កាសែត​ ។ តាម​លោក​អនុ​សេនីយ៍​ឯក ខេង​ ស្រេង អធិការ​រង​នគរ​បាល​ស្រុក​ស្រី​សន្ធរ​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ ម្នាក់​ឈ្មោះ​ព្រំ សាន្ត​ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នក​សារ​ព័ត៌​មាន​ �កម្ពុជា​សច្ចៈ� និង​ម្នាក់​ទៀត​​ឈ្មោះ​កង​ អារុណ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សារ​ព័ត៌​មាន​កម្ពុជា​ ទាំង​២​នាក់​ រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ។

លោក​អធិការ​រង​បាន​បន្ត​ថា កាល​ពី​វេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មករា ​ អ្នក​កាសែត​ឈ្មោះព្រំ ​សាន្ត​ បានទូ​រស័ព្ទ​មក​គំរាម​លោក​មេ​ឃុំ​ប្រាំ​យ៉ាម ដោយ​លើក​ឡើង​ថា លោក​មេ​ឃុំ​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​បុណ្យ​ថ្ងៃ​ជ័យ​ជំនះ​៧​មករា ព្រម​ទាំង​បាន​គំរាម​ចុះ​ផ្សាយ​តាម​កាសែត​ ។ ក្រោយ​​មក​ស្រាប់​តែ​មាន​បក្ស​ពួក​ម្នាក់​ទៀត​ឈ្មោះ​អារុណ បាន​ទូរ​ស័ព្ទ​មក​កាន់​លោក​​មេឃុំ​ម្តង​ ដោយ​និយាយ​ថា ទាល់​តែ​ឱ្យ​លុយ​៣០០​ដុល្លារ​ ទើប​បិទ​ព័ត៌​មាន​ដែល​បាន​ដឹង​នេះ​មិន​ចុះ​ផ្សាយ​តាម​កាសែត​ និង​​បាន​សំឡុត​ដដែលៗ​ជាច្រើន​លើក​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​លោក​ឡេង​ ហម មេ​ឃុំ​ប្រាំ​យ៉ាម ​បាន​និយាយ​អង្វរ​​តាម​ទូរ​ស័ព្ទ​ចុះ​ឡើង​ក៏​បាន​ព្រម​ព្រៀង​គ្នា​ចុះ​មក​នៅ ​ត្រឹម​​២០០​ដុល្លារ​ ជាមួយ​នោះ​ដែរ​ ជន​ឈ្មោះ​អារុណ​ បាន​ឱ្យ​ផ្ញើ​តាម​រថ​យន្ត​ឈ្នួល​ ឬ​ធនា​គារ​ក៏​បាន​ ។ ក្រោយ​ពី​​មាន​ករណី​បែប​នេះ​កើត​ឡើង​ លោក​វរ​សេនីយ៍​ត្រី​ នូ លាភ អធិ​ការ​នគរ​បាល​ស្រុក​ស្រី​សន្ធរ បាន​សុំ​គោល​ការណ៍​ពី​ថ្នាក់​ដឹក​នាំ​ធ្វើ​ទំនាក់​ទំនង​ទៅ​នគរ​បាល​​ក្រសួង​ មហា​ផ្ទៃ​ ដើម្បី​សហ​ការ​ជាមួយ​នគរ​បាល​ស្រុក​​ស្រី​សន្ធរ​ទើប​ឈាន​ទៅ​ចាប់​ខ្លួន​អ្នក ​កាសែត​ទាំង​២​នាក់​ខាង​លើ​ដល់​រាជ​ធានី​ភ្នំពេញ​ ដោយ​ដក​ហូត​បាន​ម៉ូតូ​ធុន​សេ​១២៥​មួយ​គ្រឿង និង​ទូរ​ស័ព្ទ​ដៃ​ម៉ាក​ណូ​គៀ​៣​គ្រឿង​ រួច​បញ្ជូនមក​កាន់ស្រុក​ស្រី​សន្ធរ​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ​។ នា​រសៀល​ថ្ងៃ​ទី​១៨ មករា ជន​​ទាំង​២​នាក់​ខាង​លើ​ត្រូវ​បាន​នាំ​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​ ។ លោក​វរ​សេនីយ៍​ឯក​ជឹម សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​ទាំង​២​នាក់​នេះ​ ​ខាង​ក្លឹប​កាសែត​ជា​ច្រើននាក់​​បាន​ទូរ​ស័ព្ទ​មក​សុំ​អន្តរា​គមន៍​ដើម្បី​ ឱ្យ​ដោះ​លែង​អ្នក​ទាំង​២ ប៉ុន្តែ​រូប​លោក​មិន​ហ៊ាន​សំរេច​ទេ ព្រោះ​ស្ថិត​នៅ​លើ​លោក​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ជា​អ្នក​សំរេច​ ៕

http://kohsantepheapdaily.com.kh/art...118-20535.html