ក្មេងប្រុសម្នាក់នៅអាមេរិក ដើមកំណើតឥណ្ឌា បានប្រើប្រាស់វិស័យដែលខ្លួនស្រឡាញ់ គឺ វិទ្យាសាស្ដ្រ បច្ចេកវិទ្យាវិទ្យា បច្ចេកទេស និងគណិតវិទ្យា ដើម្បីបង្កើតម៉ាស៊ីនបោះពុម្ភអក្សរអណ្ដែត Braigo សម្រាប់ជាការចាប់ផ្ដើមមុខជំនួញរបស់ខ្លួន។

មុនឆ្នាំ ២០១៣ Shubham Banerjee មិនធា្លប់បានស្គាល់ពាក្យថា Braille នោះទេ។ ប៉ុន្ដែ មកដល់ខែធ្នូ ឆ្នាំ ២០១៤ នៅពេលបានប្រទះប័ណ្ណឃោសនាមួយ ដែលអំពាវនាវឱ្យមានការជួយឧបត្ថម្ភដល់អ្នកមានបញ្ហាភ្នែក Shubham Banerjee បានសួរពុកម្ដាយរបស់ខ្លួន “អ្នកពិការភ្នែក អានអក្សរដោយរបៀបណា?”។ ពុកម្ដាយរបស់ Shubham Banerjee បានប្រាប់ឱ្យចូលសួរ Google ។ ពេលនោះទើប Shubham Banerjee ដឹងច្បាស់អំពីអត្ថន័យនៃពាក្យ Braille ។ ប៉ុន្ដែ អ្វីដែល Shubham Banerjee ចាប់អារម្មណ៍ នោះគឺ តម្លៃរបស់ម៉ាស៊ីនបោះពុម្ភអក្សរ Braille មានតម្លៃដល់ទៅ ជាង ២០០០ដុល្លារអាមេរិក។ ចាប់ពីពេលនោះ គំនិតដែលចង់ផលិតម៉ាស៊ីន Braille តម្លៃទាប បានកើតមាននៅក្នុងខួរក្បាលរបស់កុមាររូបនេះ ដែលកំពុងរៀនថ្នាក់ទី ៧ នៅសាលា Champion ក្នុងក្រុង San Jose រដ្ឋ California អាមេរិក។

ដោយសារមានការស្រឡាញ់របស់លេង Lego ហើយបន្ទាប់ពីលេង Lego Mindstorm EV3 រួមនឹងឧបករណ៍ជំនួយជាច្រើនផ្សេងទៀត មិនយូរប៉ុន្មាន Shubham ច្នៃបានជោគជ័យនូវរូបមន្តគំរូនៃម៉ាស៊ីនបោះពុម្ភអក្សរអណ្ដែតតម្លៃថោក (៥០០ដុល្លា) ដំបូង ហើយដាក់ឈ្មោះថា Braigo (ពាក្យរួមផ្សំរវាង Braille និង Lego។
ម៉ាស៊ីនបោះពុម្ភអក្សរ Braille តម្លៃទាប ដែលត្រូវបានច្នៃពីប្រដាប់លេង Lego របស់ Shubham ក៏ត្រូវបានមជ្ឈមណ្ឌលជនពិការភ្នែកក្នុងតំបន់ ទទួលយកដោយក្ដីរីករាយ។
ក្រោយមក Braigo ត្រូវបាន Shubham នាំយកទៅចូលរួមពិព័រណ៍ច្នៃប្រឌិតដែលប្រារព្ធឡើងដោយសេតវិមាន កាលពីរដូវក្ដៅឆ្នាំ ២០១៤។ ខែកញ្ញា ឆ្នាំ ២០១៤ Shubham បានក្លាយជាអ្នកជំនួញផ្នែកបច្ចេកវិទ្យាដែលមានវ័យក្មេងបំផុត ដោយទទួលបានការវិនិយោគទុនពី Intel Capital។ក្នុងគម្រោងរបស់ Shubham ក៏មានទាំងការអភិវឌ្ឍម៉ាស៊ីន Braigo ឱ្យទៅជាឧបករណ៍ដែលមានប្រយោជន៍បំផុតដល់អ្នកពិការភ្នែក។ Shubham ត្រៀមនឹងបង្កើត និងបញ្ចូលកម្មវិធី ដែលអាចប្រែក្លាយសម្ដី ឱ្យទៅជាអក្សរ។

Shubham ប្រៀបដូចជាទេវតារបស់ជនពិការភ្នែក ដែលអាចជួយដល់ពួកគេ មានលទ្ធភាពទិញម៉ាស៊ីនបោះពុម្ភអក្សរអណ្ដែតតម្លៃទាប។ បច្ចុប្បន្ន ជនពិការភ្នែក រាប់សិបលាននាក់ កំពុងរង់ចាំផលិតផលរបស់កុមារវ័យក្មេង Shubham ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Economic Times