ភ្នំពេញ​៖ ដំរី​​មួយ​​ក្បាល​ដែល​គេ​ដឹង​ថា​មាន​ឈ្មោះ​សំបូរ​​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ​ ត្រូវ​​បាន​​ម្ចាស់​​របស់​​វា​ធ្វើ​​ពិធី​​ខួប​​កំណើត​​គម្រប់​អាយុ​៥១​ ឆ្នាំ​ឲ្យ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១១​ ហើយ​ពិធី​នេះ​ធ្វើ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​។

យើង​ធ្លាប់​ដឹង​ថា​ ពិធី​ខួប​កំណើត​គេ​ធ្វើ​សម្រាប់​តែ​មនុស្ស​ប៉ុណ្ណោះ​ ហើយ​គេ​ធ្វើ​ពិធី​នេះ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ ខែ​ ដែល​អ្នក​នោះ​បាន​កើត​ជា​រូប​រាង​ ជា​ពិសេស​គេ​ធ្វើ​ពិធី​ដើម្បី​សុំ​សេចក្តី​សុខ​ សេចក្តី​ចំរ៉ុង​ ចំរើន​ ឲ្យ​បាន​អាយុ​វែង​ ។​ នៅ​ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការ​ហូប​ចុក​ និង​ផឹក​ស៊ី​ ដែល​ធ្វើ​ឲ្យ​ពិធី​នេះ​កាន់​តែ​​មាន​ភាព​សប្បាយ​រីករាយ​បាន​ជួប​ជុំ​បង​ ប្អូន​ មិត្ត​ភក្រ​ ហើយ​ក៏​មាន​ការ​រាំ​រែក​ផង​ដែរ​។

ចំពោះ​​បញ្ហា​ដែល​ថា​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​សត្វ​ដំរី​យើង​មិន​ដែល​ដឹង ​ឡើយ​ ថា​តើ​គេ​រៀបចំ​យ៉ាង​ដូចម្ដេច​​? ហើយ​គេ​ធ្វើ​ពិធី​នេះ​ដើម្បី​អ្វី​?​ ដូច្នេះ​កម្ពុជា​ថ្មី​បាន​ជួប​ជា​មួយ​លោក​ស៊ិន​ ស៊ន​អាយុ​៥៥​ឆ្នាំ​ ជា​ម្ចាស់​ដំរី​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ បច្ចុប្បន្ន​គាត់​ស្នាក់​នៅ​ផ្ទះ​លេខ​២៣៨​​ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​បឹង​កេង​កង​២ ​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញបាន​ប្រាប់​ថា​ ដំរី​របស់​គាត់​មាន​ឈ្មោះ​មី​សំបូរ​គាត់​ចិញ្ចឹម​តាំង​វា​មាន​អាយុ​៨ឆ្នាំ​ មក​ម៉្លេះ​ រហូត​មក​ដល់​ឥឡូវ​នេះ​ហើយ​គាត់​មក​រក​ស៊ី​ដឹក​ភ្ញៀវ​នៅ​ទី​នេះ​តាំង​ពី​ ឆ្នាំ​១៩៨២​។ ​ចំពោះ​ការ​រក​ស៊ី​ដឹក​ភ្ញៀវ​មិន​សូវ​ជា​កាក់​កប​ប៉ុន្មាន​ទេ​។

គាត់​បន្ត​ថា​ថ្ងៃ​ធម្មតា​មិន​សូវ​សំបូរ​ភ្ញៀវ​ទេ​តែ​បើ​ថ្ងៃ​សៅរ៌​និង​ ថ្ងៃអាទិត្យ​មាន​ភ្ញៀវ​ជិះ​ដំរី​គ្រាន់​បើ​ដែរ​គឺ​គាត់​អាច​រក​ចំណូល​បាន​ ប្រាក់​ពី​១០​ម៉ឺន​ទៅ​ជាង​១០​ម៉ឺន​ក៏​មាន​ដែរ​​ហើយ​លុយ​ទាំង​នេះ​មួយ​ចំណែក​ យក​​ទៅ​ទិញ​ចំណី​ឲ្យ​វា​ស៊ី ​និង​មួយ​ចំនួន​ទៀត​យក​ទុក​ខ្លួន​ឯង​សម្រាប់​ចិញ្ចឹម​គ្រួសារ​។

លោក​ស៊ិន​ ស៊ន​បាន​និយាយ​ថា​ ដំរី​របស់​គាត់​បាន​ធ្វើ​ពិធី​ខួប​កំណើត​ចំនួន​ពីរ​លើក​ហើយ​ នៅ​ក្នុង​ពិធី​ខួប​កំណើត​នេះ​មិន​មាន​ការ​ផឹក​ស៊ី​និង​មាន​កាត់​នំ​ដូច​ជា​ មនុស្ស​នោះ​ទេ​ គ្រាន់​តែ​មាន​រៀបចំ​ ទៀន​ធូប​ ផ្កា​ភ្ញី​ និង​មាន​ព្រះ​សង្ឃ​​ អាចារ្យ​ចូល​រួម​សូត្រ​មន្ត​ប្រោះ​ព្រំ​ សុំ​ឲ្យ​មី​សំបូរ​បាន​សេចក្តី​សុខ​ សប្បាយ​និង​អាយុ​វែង​​ ហើយ​គាត់​ចេះ​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​ដំរី​នេះ​តាម​ឪពុក​ម្តាយ​របស់​គាត់​។

លោក​ ស៊ន​បញ្ជាក់​ថា​ នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​៥១​ឆ្នាំ​សម្រាប់​ដំរី​របស់​គាត់​ ហើយ​នៅ​ក្នុង​ពិធី​ នេះ​ក៏​មាន​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​ចូល​រួម​ជា​ច្រើន​នាក់​ផង​ដែរ​៕

http://www.kampucheathmey.com/local-...-09-56-47.html