ភ្នំពេញ ៖ នារីវ័យជាង ២០ ឆ្នាំ ២ នាក់ ត្រូវបុរស មិនស្គាល់មុខ ពីរនាក់ជិះម៉ូតូជះទឹកអាស៊ីដ បណ្តាលឱ្យ រងរបួសលើផ្ទៃមុខ ដៃ និងជើងយ៉ាងធ្ងន់ធ្ងរ នាវេលាម៉ោ ៨ និង ២០នាទី យប់ថ្ងៃអង្គារ ទី ១៨ ខែ មករា ឆ្នាំ ២០១១ នៅមុខហាងគុយទាវហុងស៊ុន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះទាំងពីរនាក់ ១. ឈ្មោះ រិន សុខលីន អាយុ ២៤ ឆ្នាំ ធ្វើការនៅហាង ឌីជេអ៊ីនធឺណែត ស្នាក់នៅផ្ទះជួលលេខ១៥៤៤ ក្រុម២៥ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រងរបួសត្រង់ដៃ និងជើង, ទី២. ឈ្មោះ សេង ទូច អាយុ ២៦ ឆ្នាំ ធ្វើ ការនៅរោងចក្រ ហ្គោតិច ស្នាក់នៅផ្ទះជួលជាមួយគ្នា រងរបួសលើផ្ទៃមុខ ។

ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា ខណៈដែលជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណ ២ នាក់ បានជិះម៉ូតូសង់ពណ៌ខ្មៅ ១ គ្រឿងមកក្បែរ ហើយជះទឹកអាស៊ីដ ទៅលើជនរងគ្រោះតែម្តង បន្ទាប់មកពួកគេបាន ជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅគ្លីនិកចាក់អង្រែ ។

ជនដៃដល់ពីរនាក់បងប្អូន ដែលជះទឹកអាស៊ីដលើនារីរងគ្រោះ ២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ តាមឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព បានប្រហែលជា២ម៉ោង។ ការឃាត់ខ្លួនបានធ្វើឡើងតាមការចង្អុលបង្ហាញពីភិនភាគ និងដំណើររឿងពីជនរងគ្រោះ ទើបសមត្ថកិច្ច ខណ្ឌមានជ័យកំណត់មុខសញ្ញា និងចុះទៅចាប់ជនដៃដល់ ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ទាំង២នាក់បងប្អូននេះ ១. ឈ្មោះ ណេ ផានិត អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រជាមួយនារីរងគ្រោះ, ២. ឈ្មោះ ណេ ផាណែត អាយុ ២១ ឆ្នាំ ជនដៃដល់ទាំងពីរនាក់បងប្អូនមានស្រុកកំណើតនៅ ស្រុកលើកដែក ខេត្តកណ្តាល។

យោងតាមចម្លើយសារភាពរបស់ជនដៃដល់បានឱ្យដឹងថា មូលហេតុដែលឈានដល់ការជះទឹកអាស៊ីដនេះ ដោយសារតែខ្លួន (ជនសង្ស័យជាបង) និងប្រពន្ធរបស់ខ្លួន បានឈ្លោះគ្នាជាមួយនារីរងគ្រោះ ហើយខឹងនឹងជនរងគ្រោះឈ្មោះ សេង ទូច ដែលធ្វើការរោងចក្រជាមួយគ្នា ពូកែនិយាយចាក់ចូចច្រើនពេក ធ្វើឱ្យខ្លួនទ្រាំមិនបានកើតជាគំនុំគុំគួននៅក្នុងចិត្ត។ លុះដល់យប់ថ្ងៃកើតហេតុ ខ្លួន និងប្អូនប្រុស បានជិះម៉ូតូតាមជនរងគ្រោះ ហើយឃើញឱកាសល្អធ្វើការជះទឹកអាស៊ីដលើជនរងគ្រោះតែម្តង។ ក្រោយពេលឃាត់ខ្លួនជនដៃដល់ទាំងពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម។

ដោយឡែកជនរងគ្រោះឈ្មោះ សេង ទូច តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា រងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ហើយអាចឈានដល់ខូចគ្រាប់ភ្នែកថែមទៀតផង។

http://dap-news.com/index.php?option...news&Itemid=50