ខេត្តស្វាយរៀង ៖ ក្រុមក្មេងទំនើងមានគ្នា៧នាក់ បានព្រួតវាយទៅលើម្ចាស់ហាងខារ៉ាអូខេ ឈ្មោះសម្រស់ម្លប់ប្រេងខ្យល់ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័មនៅខាងមុខហាង ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី១៧ មករា វេលាម៉ោង១១និង៣០នាទីយប់ ។ ទាក់ទិននឹងករណីខាងលើ លោកជេត រ៉ាំង អាយុ៥៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានប្រាប់កោះសន្តិភាពថា ជនរងគ្រោះឈ្មោះជេត ពុទ្ធីដា ភេទប្រុស អាយុ២៦ឆ្នាំ ប្រពន្ធឈ្មោះអ៊ឹម មុនី អាយុ២៨ឆ្នាំ មានកូន២នាក់ ស្រីម្នាក់ ។
លោកជេត រ៉ាំង បន្តថា មុនពេលកើតហេតុនៅវេលាម៉ោង៩យប់ក្រុមជនល្មើសមានគ្នា៧នាក់ បានមកចូលច្រៀងខារ៉ាអូខេ និងផឹកស៊ីរហូតដល់ម៉ោង១១និង២៥នាទីយប់ ក៏មានជនម្នាក់ក្នុងចំណោម៧នាក់ បានយកទុល្វីសទៅមួលឆ្កឹះសោម៉ូតូភ្ញៀវដែលមកច្រៀងនៅបន្ទប់ ក្បែរគ្នានោះបំរុងកាច់សោ.កម៉ូតូលួចយកចេញទៅ តែត្រូវគាត់ (ជេត រ៉ាំង) ឃើញក៏សួរថា ម៉េចមកឆ្កឹះសោម៉ូតូគេអ៊ីចឹង ពេលនោះជនសង្ស័យឆ្លើយថា ច្រឡំ តែម្ចាស់ផ្ទះរូបនេះចោទថា ច្រឡំអី គឺចោរប្រុងលួចម៉ូតូ ក៏កើតមានការឈ្លោះប្រកែកគ្នា ។ ពេលនោះជនសង្ស័យបានដាល់ទៅលើម្ចាស់ហាងមួយដៃអុកគូទក៏មានការ ឆោឡោ ហើយបក្សពួកជនល្មើស៦នាក់ទៀត ក៏ចេញពីបន្ទប់ខារ៉ាអូខេមកព្រួតវាយម្ចាស់ហាងបន្ថែមទៀត ។
រីឯឈ្មោះជេត ពុទ្ធីដា ជាកូនពេលឃើញគេវាយឪពុកដូច្នេះក៏ស្ទុះចូលទៅជួយឪពុក ក៏ត្រូវជនល្មើសព្រួតគ្នាវាយម្ចាស់ផ្ទះ ដើម្បីរំដោះជនសង្ស័យលួចឆ្កឹះសោម៉ូតូ ចេញទៅក្រៅ ។ ភ្លាមនោះម្ចាស់ម៉ូតូព័ទ្ធចាប់ក្រុមជនល្មើសបានម្នាក់ រីឯក្រុមជនល្មើស៦នាក់ទៀតបានចាប់ជនរងគ្រោះវាយអូសទៅដល់ ក្រៅរបងផ្ទះខាងមុខហាង ហើយក៏ព្រួតគ្នាទាត់ធាក់ និងជាន់ក រហូតបែកបំពង់កស្លាប់នៅនឹងកន្លែង ។ ចំណែកឪពុកជនរងគ្រោះក៏ទូរស័ព្ទទៅសុំអន្តរាគមន៍ពីកងរាជ អាវុធហត្ថខេត្ត ឱ្យមកជួយ និងព័ទ្ធចាប់ជនល្មើសបាន៤នាក់ សរុប៥នាក់ និង២នាក់ទៀតរត់គេចខ្លួនបាត់ ។
តាមប្រភពពីមន្ត្រីសមត្ថកិច្ចបច្ចេកទេសស្នងការនគរបាលខេត្ត បានឱ្យដឹងថា ជនរងគ្រោះត្រូវជនល្មើសវាយបែកបំពង់.ក និងជាំថ្ងាសលើប្លោកនោម ទើបស្លាប់ ។ ក្នុងហាងសម្រស់ម្លប់ប្រេងខ្យល់នេះមានបន្ទប់ច្រៀង៣បន្ទប់ និងមាននារីច្រៀងខារ៉ាអូខេ៧នាក់ ពេលមានកើតហេតុនារីខារ៉ាអូខេទាំងនោះ បានរត់យករួចខ្លួនចូលក្នុងបន្ទប់សំងំបាត់ ។ បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ក្រុមជនទំនើង៧នាក់ មានទីលំនៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ។ ទាក់ទិននឹងករណីនេះកងរាជអាវុធហត្ថខេត្តមិនអនុញ្ញាតឱ្យអ្នក សារព័ត៌មានចូលយកព័ត៌មានទេ ដោយសំអាងថា សមត្ថកិច្ចកំពុងស៊ើបសួរ រីឯសពជនរងគ្រោះប្រគល់ឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
http://kohsantepheapdaily.com.kh/art...118-03245.html