សៀមរាប ៖ គ្រោះថ្នាក់ចរាចរមួយបានធ្វើអោយមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ ៦A មានការតក់ស្លុតដោយសារមានម៉ូតូមួយគ្រឿងបើកបុកគោយន្តកន្ត្រៃពី ក្រោយយ៉ាងពេញទំហឹង បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ហេតុការណ៍នេះបានកើតឡើង កាលពីព្រលប់ថ្ងៃ ទី ១៧ ខែ មករា ឆ្នាំ ២០១១ នៅវេលាម៉ោង ៦.៤០ នាទី នៅត្រង់ ផ្លូវបទចូលទៅវត្តលលៃ ស្ថិតនៅក្នុងភូមិ លលៃ ឃុំបាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ គន គី ភេទ ប្រុស អាយុ ២៤ ឆ្នាំ បើកម៉ូតូមួយគ្រឿងសង់សេរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1 H4665 មានទីលំនៅភូមិ គោ ឃុំ ជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានបើកបរសំដៅមកខេត្តសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយកម្ពុជាថ្មីដឹងថាមុនពេលកើតហេតុ មានគោយន្តកន្ត្រៃមួយគ្រឿងបើក ពីស្រែស្របទិសគ្នាជាមួយម៉ូតូដែលកំពុងតែធ្វើដំណើរយ៉ាងលឿន ដោយសារតែនៅក្បាលព្រលប់មានភាពងងឹត ថែមទាំងគោយន្ត ពុំមានភ្លើងក្រោយនោះ ក៏បណ្តាលអោយម៉ូតូបុកយ៉ាងពេញទំហឹងតែម្តង ធ្វើអោយអ្នកជិះម៉ូតូដោតជាប់នឹងឬស្សីដែលផ្ទុកនៅលើគោយន្ត កន្ត្រៃនោះ។ ចំណែកម៉ូតូត្រូវបានខូចខាតនៅប៉ែកខាងមុខយ៉ាងធ្ងន់ នៅពេលកើតហេតុម្ចាស់គោយន្តកន្ត្រៃបានឃើញហេតុការណ៍មិនស្រួលក៏បើក គោយន្តគេចខ្លួនបាត់ស្រមោល ។
លោក មិន ចន្ថា អធិការស្រុកប្រាសាទបាគងបានអោយកម្ពុជាថ្មីដឹងថា ក្រោយពេលកើតហេតុលោកបានបញ្ជាកំលាំង អោយតាមរកគោយន្តកន្ត្រៃដែលកំពុងតែបើករត់ ទីបំផុតរកឃើញ ប៉ុន្តែមិនអាចចាប់គេយកមកដាក់គុកបានទេ ដោយសារតែជនរងគ្រោះបើកម៉ូតូបុកគេពីក្រោយ៕
http://www.kampucheathmey.com/local-...-02-42-07.html